​អាមេរិកស្ថិតក្នុងភាពតានតឹង ក្រោយការផ្ទុះគ្រាប់បែក និងការវាយប្រហារដោយកាំបិត

ក្រោយមានការវាយប្រហារដោយកាំបិតនៅរដ្ឋ Minnesota និងការផ្ទុះគ្រាប់បែកនៅរដ្ឋញូវយក និងញូវចឺសី សហរដ្ឋអាមេរិក គ្រឿងផ្ទុះ៥ត្រូវបានគេរកក្បែរក្រុងញូវយក។ ចៅហ្វាយក្រុងអេលីហ្សាបេត នៅរដ្ឋញូវចឺសី ប្រាប់ថ្ងៃចន្ទនេះថា មានគ្រឿងផ្ទុះជាច្រើនត្រូវបានគេដាក់ក្នុងកាបូបស្ពាយខ្នងមួយ ចោលនៅស្ថានីយរថភ្លើងក្រុងElizabeth អេលីហ្សាបេត ។ ស្ថានីយអេលីហ្សាបេតបានបិទទ្វារ ដំណើរការរថភ្លើងបានជួបភាពរអាក់រអួលនៅNew Jersey។ ម្សិលមិញ ក្រុមជីហាតរដ្ឋអ៊ីស្លាមបានប្រកាសទទួលខុសត្រូវការវាយប្រហារដោយកាំបិត នៅរដ្ឋមីណេសូតា ដែលបានបង្កអោយមនុស្សរបួស៩នាក់។

ក្រុមអង្កេតបន្តរកមូលហេតុនៃ ការវាយប្រហារទាំង៣ កន្លែង កាលពីថ្ងៃសៅរ៍ ក្រែងមានការពាក់ព័ន្ធគ្នាជាមួយការប៉ុនប៉ងវាយប្រហារនៅតាមកន្លែងដែលគេរកឃើញគ្រឿងផ្ទុះ។ សារព័ត៌មានផ្សេងៗចុះផ្សាយថា មានមនុស្ស៥នាក់ត្រូវបានចាប់ខ្លួន ម្សិលមិញនេះ នៅញូវយក។

ហេតុការណ៍ទាំងនេះកើតឡើង ខណៈអង្គការសហប្រជាជាតិត្រូវបើកអង្គប្រជុំប្រចាំឆ្នាំ នៅញូវយក ស្តីពីជនភៀសខ្លួន នៅថ្ងៃចន្ទនេះ។ អាជ្ញាធរបានពង្រាយបន្ថែមកងកម្លាំងការពារ១០០០នាក់ សម្រាប់កិច្ចប្រជុំអង្គការសហប្រជាជាតិ។

ស្ថានភាពតានតឹង អាជ្ញាធរញូវយកប្រុងប្រយ័ត្ននឹងការប្រើពាក្យ”ភេរវកម្ម”
អាជ្ញាធរប្រកាសតាមរកបុរសម្នាក់ អាយុ២៨ឆ្នាំ ឈ្មោះAhmad Khan Rahami ជាពលរដ្ឋអាមេរិក ដើមកំណើតអាហ្វហ្កានីស្ថាន។ ប៉ូលិសចង់សួរចម្លើយជននេះពាក់ព័ន្ធនឹងការផ្ទុះនៅក្រុងញូវយក កាលពីយប់ថ្ងៃសៅរ៍។ ចៅហ្វាយក្រុងញូវយក លោក Bill De Blasio ប្រាប់ថា បុរសនេះអាចមានអាវុធក្នុងដៃ ហើយគ្រោះថ្នាក់ណាស់។

ក្រុមប៉ូលិសមិនទាន់មានភស្តុតាងថា ការវាយប្រហារទាំង៣ដែលកើតឡើង តែក្នុងថ្ងៃសៅរ៍តែមួយថ្ងៃនោះ អាចពាក់ព័ន្ធគ្នាទេ។ ក្រុមជីហាតរដ្ឋអ៊ីស្លាមបានប្រកាសទទួលខុសត្រូវការវាយប្រហារដោយកាំបិត កាលពីថ្ងៃសៅរ៍ នៅរដ្ឋមីណេសូតា ភាគខាងជើង។ ក្រុមជីហាតរដ្ឋអ៊ីស្លាមបានប្រកាសតាមទីភ្នាក់ងារអាម៉ាក់ របស់ខ្លួនថា ទាហានជីហាតខ្លួនបានចាក់មនុស្ស នៅផ្សារទំនើបមួយ នៅរដ្ឋញូវចឺសី កាលពីថ្ងៃសៅរ៍ ដើម្បីតបនឹងការអំពាវនាវអោយមានការវាយប្រហារទៅលើពលរដ្ឋបណ្តាប្រទេសសម្ព័ន្ធមិត្ត។ ក្រុមរដ្ឋអ៊ីស្លាមចង់សំដៅទៅលើសម្ព័ន្ធមិត្តដែលកំពុងវាយប្រហារក្រុមខ្លួននៅដើមបូព៌ា បច្ចុប្បន្ន។

ការវាយប្រហារនៅរដ្ឋមីណេសូតា បានកើតឡើង នៅម៉ោង៨យប់ថ្ងៃសៅរ៍កន្លងទៅ តែកន្លះម៉ោងក្រោយ គឺម៉ោង៨កន្លះយប់ ស្រាប់តែមានផ្ទុះគ្រាប់នៅម៉ាណាតាន់ ក្រុងញូវយក។ ហេតុការណ៍ទាំង២ ខុសគ្នាតែកន្លះម៉ោងមែន តែមិនអាចថា ការវាយប្រហារជាប់ពាក់ព័ន្ធគ្នាទេ ព្រោះក្រុមរដ្ឋអ៊ីស្លាមប្រកាសទទួលខុសត្រូវ តែលើការវាយប្រហារដោយកាំបិតនៅរដ្ឋមីណេសូតាប៉ុណ្ណោះ។

ការផ្ទុះគ្រាប់សង្កាត់ឈែលស៊ី ក្រុងញូវយក បានបង្ករបួស២៩នាក់។ ថ្ងៃអាទិត្យម្សិលមិញ ជនរងគ្រោះបានចេញពីមន្ទីរពេទ្យអស់ហើយ។ ចំណែកការផ្ទុះគ្រាប់បែកនៅរដ្ឋញូវចឺសី ដែលស្ថិតមិនឆ្ងាយពីញូវយកវិញនោះ មិនបានបង្កអោយមានមនុស្សរបួសទេ។ ការដាក់គ្រាប់បែកនៅញូវចឹសីនេះ តាមមើលគឺដើម្បីវាយប្រហារក្រុមអ្នករត់ប្រណាំង រាប់រយនាក់ តែដោយសារការចាប់ផ្តើមប្រកួតរត់មានការយឺតយ៉ាវ គ្រាប់ក៏មិនបានផ្ទុះ ចំអ្នកណាម្នាក់ដែរ។

ចំពេលអាមេរិកជិតបោះឆ្នោតប្រធានាធិបតី ដើមខែវិច្ឆិកាខាងមុខ ហើយអាមេរិកក៏ទើបប្រារព្ធខួបភេរវកម្មថ្ងៃ១១កញ្ញាឆ្នាំ២០០១ ក្រុងញូវយកផង អាជ្ញាធរប្រុងប្រយ័ត្នមិនហ៊ានប្រើពាក្យថា ភេរវកម្មទេ។ ភេរវកម្មក្រុងញូវយក ឆ្នាំ២០០១ បានដក់ជ្រៅជាប់ក្នុងចិត្តប្រជាជនអាមេរិកមិនងាយជ្រះទេ បើប្រើពាក្យថា អាមេរិករងភេរវកម្មពេលនេះទៀត គឺកាន់តែបំភ័យមនុស្ស និងបង្កើនភាពតានតឹងក្នុងស្រុកកាន់តែធ្ងន់។

ក្រោយភេរវកម្ម១១កញ្ញា២០០១ អាមេរិកបានពង្រឹងសន្តិសុខខ្ពស់ ជាប្រចាំ ពិសេសនៅក្រុងញូវយកនេះតែម្តង សន្តិសុខតឺងតែងណាស់។ ម្ល៉ោះហើយ ចៅហ្វាយក្រុងញូវយក លោកបៀល ដឺ ប្លាស្យូ បដិសេធប្រើពាក្យថា ភេរវកម្មផ្តេសផ្តាស។ ចំណែកលោកAndrew Cuomo ជាអភិបាលរដ្ឋញូវយកវិញ ព្យាយាមអះអាងថា ការផ្ទុះនៅញូវយក គ្មានពាក់ព័ន្ធជាមួយបណ្តាញភេរវកម្មអន្តរជាតិទេ។ តែអភិបាលរដ្ឋញូវយកក៏ហ៊ាននិយាយដាច់ម៉ាត់ពេកដែរ។ លោកគូម៉ូលើកឡើងថា ដោយសារមានគ្រាប់បែកមួយគ្រាប់ទៅហើយ គឺពិតជាមានទង្វើភេរវកម្មច្បាស់ហើយ។

ស្ថានភាពពេលនេះតានតឹងណាស់ ក្រោយមានការផ្ទុះនៅម៉ាណាតាន់ នៅជិតកន្លែងផ្ទុះនេះ ប៉ូលិសបានរកឃើញគ្រាប់បែកច្នៃទី២ មួយគ្រាប់ទៀត តែគ្រាប់បែកច្នៃនេះមិនបានផ្ទុះទេ។ នៅញូវ ចឺសី គេបានរកឃើញគ្រាប់បែកដៃ៣គ្រាប់ទៀត ដែលមិនបានផ្ទុះដូចគ្នាដែរ។
យោងតាមទូរទស្សន៍ស៊ីអិនអិន ក្នុងរូបភាពវីដេអូរបស់អាជ្ញាធរបង្ហាញថា គេឃើញបុរសម្នាក់បានស្ថិតនៅកន្លែងផ្ទុះគ្រាប់នៅម៉ាណាតាន់។ តែគេឃើញរូបគាត់ដដែល នៅកន្លែងដែលមានគ្រាប់បែកទី២ដែលមិនបានផ្ទុះនេះ។

ជនដៃដល់ដែលចាក់មនុស្សនៅរដ្ឋមីណេសូតា មានដើមកំណើតមកពីប្រទេសសូម៉ាលី ជានិស្សិតទើបមានអាយុ២២ឆ្នាំប៉ុណ្ណោះ។ ជនរូបនេះធ្លាប់បង្កបទល្មើសបើកបរតូចតាច មិនដែលបង្កបទឧក្រិដ្ឋ ធ្ងន់ធ្ងរពីមុនមកទេ តែនៅតែអាចក្លាយជាទាហានជីហាត ដែលសម្លាប់មនុស្សបាន។ ហេតុនេះ ទើបអាជ្ញាធរមិនហ៊ានប្រើពាក្យភេរវកម្មផ្តេសផ្តាសតាំងពីដំបូងទី។

ក្រៅពីការវាយប្រហារនៅរដ្ឋមីណេសូតា ដែលក្រុមជីហាតរដ្ឋអ៊ីស្លាមប្រកាសទទួលខុសត្រូវនេះ ក្រុមរដ្ឋអ៊ីស្លាមក៏ធ្លាប់ប្រកាសទទួលខុសត្រូវ ចំពោះការវាយប្រហារនៅអរឡង់ដូ រដ្ឋផ្លរីត សម្លាប់មនុស្ស៤៩នាក់ កាលពីខែមិថុនា។ កាលពីខែធ្នូចុងឆ្នាំមុន ក៏មានការវាយប្រហារដោយក្រុមអ៊ីស្លាមជ្រុលនិយម នៅរដ្ឋកាលីហ្វនី សម្លាប់មនុស្ស១៤នាក់។ តែកាលនោះ ក្រុមរដ្ឋអ៊ីស្លាមមិនបានប្រកាសទទួលខុសត្រូវទេ គ្រាន់តែអបអរសាទរប៉ុណ្ណោះ។

បេក្ខជនប្រធានាធិបតី ដូណាល់ ត្រាំ និង ហ៊ីលឡារី គ្លីនតុន អាចយកចំណេញពីស្ថានការណ៍សន្តិសុខ សម្រាប់យុទ្ធនាការឃោសនាបោះឆ្នោត

ក្រោយពេលមានហេតុការណ៍កើតឡើងភ្លាមៗ បេក្ខជនប្រធានាធិបតីទាំង២ បានបញ្ចេញប្រតិកម្មឡើងភ្លាមៗដែរ។ លោកដូណាល់ ត្រាំរហ័សជាងគេ ក្នុងការបញ្ចេញប្រតិកម្ម បានលើកឡើងថា យើងត្រូវតែតឹងតែងអោយមែនទែន។ លោកត្រាំចង់សំដៅន័យថា មិនត្រូវធូររលុង រឺអនុគ្រោះការវាយប្រហារទាំងនេះទេ។

ចំណែកលោកស្រីគ្លីនតុនវិញ បានថ្កោលទោសទង្វើទាំងអស់នេះ ហើយបានឆ្លៀតអួតរំលឹកនយោបាយសន្តិសុខលោកស្រី ថាលោកស្រីមានផែនការកំទេចក្រុមរដ្ឋអ៊ីស្លាម និងក្រុមភេរវជនផ្សេងៗទៀតផង៕

ប្រភព៖ RFI


​អាមេរិកស្ថិតក្នុងភាពតានតឹង ក្រោយការផ្ទុះគ្រាប់បែក និងការវាយប្រហារដោយកាំបិត

មន្រ្តីគយចិនរឹបអូសទូរស័ព្ទ iPhone 7 រត់ពន្ធ ៤០០ គ្រឿង នៅថ្ងៃចរាចរលើទីផ្សារដំបូង

​អាមេរិកស្ថិតក្នុងភាពតានតឹង ក្រោយការផ្ទុះគ្រាប់បែក និងការវាយប្រហារដោយកាំបិត

Update៖ អ្នកស្លាប់កើនដល់ ១៨ នាក់ ក្នុងហេតុការណ៍លិចទូកនៅថៃ ស្របពេលដែលមូលហេតុលិចត្រូវបានទម្លាយ (Video Inside)