ខែភ្ជុំចឹង​! ក្នុងកុដ្ឋប្រាកដជាមានលុយច្រើន​

​ខេត្តបន្ទាយមានជ័យ ៖ ​ជនសង្ស័យ​ម្នាក់​ត្រូវ​​​កម្លាំង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ ​បញ្ជូន​​ទៅ​សាលាដំបូង​ខេត្ត​នៅ​​ព្រឹក​ថ្ងៃ​ទី​២០ កញ្ញា នេះ ពី​បទ​ចូល​លួច​គាស់​ទ្វារ​​កុដិ​វត្ត​បន្ទាយ​ទូក (​វត្ត​ទ្រាស​) ស្ថិត​ក្នុងភូមិ​ទ្រាស ឃុំ​ទ្រាស ស្រុក​ស្វាយចេក ខេត្ត​បន្ទាយ​មានជ័យ ។

​​​ជន​សង្ស័យខាងលើ​​ឈ្មោះស៊ូ  គឹ​ម​ហ៊ុ​ល ភេទ​ប្រុស​ អាយុ​៣៣​ឆ្នាំ មានទីលំនៅ​ភូមិ​ជ្រៃ ឃុំ​ជ្រៃ ស្រុក​ថ្មគោល ខេត្តបាត់ដំបង ។​ ​

គួរបញ្ជាក់ថា កាលពី​វេលា​ម៉ោង​១០​ និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​១៨​ កញ្ញា ជនសង្ស័យ​ធ្វើ​សកម្មភាព​យក​ដែក​ជ្រុង និង​ទូ​ណឺវ៉ីស កន្ត្រៃ គាស់​ទ្វារ​កុដិរបស់​ព្រះ​ស​ង្ឈ​ព្រះ​នាម ស្មិត  វ៉េ​ន ព្រះ​ជន្ម​៧១​ព្រះ​វស្សា គង់នៅ​វត្ត​បន្ទាយ​ទូក​មាស រួច​ជិះ​​ម៉ូតូ​គេចខ្លួន ។ កម្លាំង​​សន្តិ​សុខ​ក្នុង​បរិវេណ​វត្ត បាន​ទៅ​មើល​ទ្វារ​កុដិ​ឃើញ​របើក ​ក៏​រាយការណ៍​ដល់​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយចេក ឱ្យជួយ​ធ្វើ​ការ​ស្ទាក់​ចាប់​បាន​ភ្លាម​ៗ​។

លោក​អធិការ​​​បញ្ជាក់​ថា ​ក្រោយ​ពី​ធ្វើការ​ស្ទាក់​ចាប់​បាន ​សមត្ថកិច្ច​ឆែកឆេរ​រក​ឃើញ​លុយ​ខ្មែរ​ចំនួន​៧០​ម៉ឺន​រៀ​ល និង​លុយ​ថៃ​ចំនួន​៦៥​០០ពាន់​បាត និង​ដែក​​ទួណឺវ៉ីស ដែក​ជ្រុង និង​កន្ត្រៃយសម្រាប់​គាស់​ទ្វារ​ ហើយ​លុយ​ទាំងនោះ​ ត្រូវ​បាន​ប្រគល់​ប្រគេន​ព្រះ​
ស​ង្ឃ​​វត្ត​វិញ​​ដែរ​ ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ ជនសង្ស័យ​បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​ចូល​លួច​គាស់​ទ្វារ​កុដិ​របស់​ព្រះសង្ឃ​លួច​យក​លុយ​ប្រាកដ​មែន ។