ហេតុអ្វីអ្នកសារព័ត៌មានគួរយល់ដឹង​ ពីសារធាតុហាមឃាត់ Doping?(NOCC)

(ភ្នំពេញ)៖ ស្របពេលគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បើកវគ្គបណ្ដុះបណ្ដាលរដ្ឋបាលកីឡា ស្ដីពីសារព័ត៌មាន និង MC កីឡា ថ្ងៃដំបូងពីម្សិលមិញ គឺមានប្រធានបទសំខាន់មួយ ត្រូវលើកយកមកពីបង្ហាញ ដែលឧទ្ទេសនាមដោយលោកវិជ្ជបណ្ឌិត ស្ដើង ជា ពាក់ព័ន្ធនឹងសារធាតុដូពិង «Doping» ហើយជាមួយគ្នានោះ មានសិក្ខាកាមជាអ្នកសារព័ត៌មានក្នុងស្រុកមួយចំនួន បានកើតការងឿឆ្ងល់ថា តើហេតុអ្វីបានជាអ្នកសារព័ត៌មានត្រូវយល់ដឹងពីសារធាតុហាមឃាត់នេះដូច្នេះ?

fn-2016-09-20-07-46-32-0

លោក ស្ដើង ជា បានលើកឡើងថា បច្ចុប្បន្នសូម្បីពាក្យប្រើប្រាស់ពាក្យដូប៉ា និងដូពិង នៅមិនទាន់ញែកដាច់ពីគ្នានៅឡើយទេ ដោយដូប៉ា ជាភាសាបារាំង ហើយដូពិង ជាភាសាអង់គ្លេស ។ យ៉ាងណាមិញពាក្យទាំងពីរ គឺមានអត្ថន័យដូចគ្នាក្នុងវិស័យកីឡា ដែលជាសារធាតុហាមឃាត់កើតមានជាយូរមកហើយ រហូតគណៈកម្មាធិការអូឡាំពិកអន្ដរជាតិបានបង្កើតនគណៈកម្មការវេជ្ជសាស្ដ្រមួយ ដើម្បីសិក្សាពីសារធាតុហាមឃាត់នេះក្នុងឆ្នាំ១៩៦៧ រហូតដល់ឆ្នាំ១៩៩៩ ទើបទីភ្នាក់ងារសកលលោកប្រឆាំងដូប៉ា/ដូពិង(WADA) បង្កើតជាផ្លូវការ ។

fn-2016-09-20-07-46-32-1

ពាក់ព័ន្ធនឹងអ្នកសារព័ត៌មាន និងអ្នកអត្ថាធិប្បាយកីឡា ជុំវិញការត្រូវយល់ដឹងពីដូប៉ា/ដូពិង គឺជារឿងសំខាន់មួយ សម្រាប់សេវាអាជីវកម្មសារព័ត៌មានផ្នែកកីឡា ដោយត្រូវដឹងពីប្រភេទសារធាតុត្រូវហាមឃាត់ដូចជាការថ្នាំលើកកម្លាំង, ថ្នាំញៀន, ថ្នាំបំប៉នសរីរាង្គ, ថ្នាំបញ្ចុះទឹកនោម និងថ្នាំប៉ិបថាយហ័រម៉ូន រួមទាំងកម្រិតនៃការរកឃើញសារធាតុហាមឃាត់នេះ ដែលត្រូវទទួលពិន័យស្រាល ឬធ្ងន់ ដោយឆ្លងកាត់ការត្រួតពិនិត្យយ៉ាងល្អិតល្អន់បំផុត ទម្រាំចេញជាលទ្ធផល ។

fn-2016-09-20-07-46-32-2

អាស្រ័យហេតុនេះហើយទើបអ្នកសារព័ត៌មានត្រូវដឹង ដើម្បីបញ្ចៀសការសំណេរអត្ថបទបង្វែរស្ថានការណ៍ពីតូច ទៅធំ ឬពីធំ មកតូចនោះ ។ ម្យ៉ាងវិញទៀត យើងក៏ត្រូវដឹងជាសាកលផងដែរ ជាក់ស្ដែងប្រទេសអាល្លឺម៉ង់ គឺកំពុងធ្វើច្បាប់ថ្មីមួយពាក់ព័ន្ធនឹងសារធាតុដូប៉ា/ដូពិងនេះ ដោយកំណត់ថា រាល់អត្តពលិកកីឡាណា ដែលប្រើសារធាតុដូប៉ា/ដូពិងក្នុងព្រឹត្តិការណ៍កីឡាលើកទឹកចិត្តរបស់ខ្លួន នឹងត្រូវជាប់ពន្ធនាគារពី ៣ឆ្នាំ ទៅ ៤ឆ្នាំជាដើម ។

មួយវិញទៀត អត្ដពលិកមួយចំនួន ក៏អាចប្រើថ្នាំតាមកម្រិតផងដែរ បើអត្តពលិកនោះមានជំងឺរាំរ៉ៃ ដូចជាជំងឺទឹកនោមផ្អែក ជំងឺហឹត និងខ្មែរច្រើនហៅជំងឺឆ្កួតជ្រូកជាដើម ហើយមានការអនុញ្ញាតត្រឹមត្រូវនោះ ។ នេះជាការបញ្ជាក់របស់លោក ស្ដើង ជា ។

ជាមួយគ្នានេះដែរលោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC ក៏បានលើកឡើងផងដែរថា អ្នកសារព័ត៌មានក៏ជាផ្នែកមួយដ៏សំខាន់ក្នុងការការពារ ជំរុញ និងបញ្ឈប់ការប្រើប្រាស់ដូប៉ា/ដូពិង ដូច្នេះអ្នកសារព័ត៌មានក៏ត្រូវដឹងឲ្យបានច្បាស់ពីបញ្ហានេះដែរ ។ ការប្រើប្រាស់ដូប៉ា/ដូពិង គឺបាត់បង់ភាពយុត្តិធម៌ក្នុងកីឡា ដែលផ្ទុយពីគោលការណ៍ Fair-Play ។

ប៉ុន្ដែការប្រើប្រាស់ខ្លួន គឺដោយចេតនា និងអចេតនា ហើយកម្រិតទោស ក៏អាចខុសគ្នាទៅតាមការរកឃើញដែរ ។ ត្រង់នេះហើយ ដែលអ្នកសារព័ត៌មាន ត្រូវញែកឲ្យដាច់ពីគ្នា ដើម្បីសំណេរអត្ថបទត្រូវនឹងសាច់រឿង ហើយចៀសវាងការសំណេរបំប៉ោងស្ថានការណ៍ ធ្វើឲ្យប៉ះពាល់ដល់បុគ្គល និងប៉ះពាល់ដល់កិត្តិយសជាតិផងដែរ ។

ទន្ទឹមជាមួយគ្នានេះអគ្គលេខាធិការ NOCC ដដែល ក៏បានដាក់គោលដៅបង្កើតគណៈកម្មការត្រួចពិនិត្យសារធាតុដូប៉ា/ដូពិងមួយ នៅក្នុងយុទ្ធនាការប្រកួតកីឡាជាតិ National Games លើកទី១ នាពេលខាងមុខ ដើម្បីដកស្រងបទពិសោធន៍ពីការត្រួតពិនិត្យសារធាតុហាមឃាត់នេះ មកធ្វើជាទុនសម្រាប់ត្រៀមធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ផងដែរ ព្រោះប្រទេសមួយទទួលបានសិទ្ធិធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាអន្ដរជាតិ ប្រសិនបើគ្មានគណៈកម្មការត្រួតពិនិត្យដូប៉ា/ដូពិងត្រឹមត្រូវទេ គឺគេមិនអនុញ្ញាតឲ្យធ្វើជាម្ចាស់ផ្ទះឡើយ ដូច្នេះ NOCC និងក្រសួងអប់រំ នឹងសហការគ្នាធ្វើការងារនេះក្នុងព្រឹត្តិការណ៍ National Games ជាបន្ដបន្ទាប់ រហូតដល់ឆ្នាំ២០២៣ តែម្ដង ៕

ប្រភពពី khmertalking

The post ហេតុអ្វីអ្នកសារព័ត៌មានគួរយល់ដឹង​ ពីសារធាតុហាមឃាត់ Doping?(NOCC) appeared first on CamboSport.