រន្ធត់ ! ស្លាប់​មិន​តិច​នាក់​ទេ​យប់មិញ

ខេត្តកំពង់ធំ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​១១ និង​១៥​នាទី​យប់ ថ្ងៃ​ទី​១៩ ខែកញ្ញា ឆ្នាំ​២០១៦ មាន​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​បាន​កើតឡើង នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៦ ស្ថិត​ក្នុងភូមិ​ត្រាច​ឃុំ​ទ្រា ស្រុក​ស្ទោង ខេត្តកំពង់ធំ ដោយសារ​រថយន្ត​២​គ្រឿង​បុក​គ្នា​បណ្ដាល​ឲ្យ​​ផ្ទុះ​ឆេះ ធ្វើ​ឲ្យ​មនុស្ស​ស្លាប់​៣​នាក់​យ៉ាង​អាណោចអាធ័ម និង​៤​នាក់​ទៀត​របួស​ធ្ងន់ធ្ងរ ។

មន្ត្រី​នគរបាល​ស្រុក​ស្ទោង​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​សាំង​យ៉ុ​ង​ដឹក​បន្លែ ពណ៌​ស្លែរ ពាក់​ស្លាក​លេខ សៀមរាប 2B-2494 ធ្វើ​ដំណើរ​ចេញពី​ខេត្តកំពង់ធំ​ឆ្ពោះទៅ​ខេត្តសៀមរាប លុះដល់​ចំណុច​កើតហេតុ​ស្រាប់តែ​បុក​គ្នា​ជាមួយ​រថយន្ត​ទេសចរណ៍​ធុន​តូច ពាក់​ស្លាក​លេខ ភ្នំពេញ 2AF-2184 ធ្វើ​ដំណើរ​ក្នុង​ទិស​បញ្ច្រាសទិស​គ្នា យ៉ាង​ពេញទំហឹង​បណ្ដាល​ឲ្យ​ផ្ទុះ​ឆេះ​​យ៉ាង​សន្ធោសន្ធៅ ។

មន្ត្រី​នគរបាល​ដដែល​បញ្ជាក់​ថា ជា​ជំហាន​ដំបូង​គ្រោះថ្នាក់​នេះ​បណ្ដាល​ឲ្យ​ឆេះ​ស្លាប់​មនុស្ស​៣​នាក់ និង​រង​របួសធ្ងន់​៤​នាក់ ។ ប៉ុន្តែ​ទោះបីជា​យ៉ាងណា​រហូត​មក​ដល់​ពេល​នេះ​សមត្ថកិច្ច​នៅ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​ជន​រង​គ្រោះ​ទាំង​អស់នោះ​នៅឡើយ​ទេ ៕