ចរិតបែបនេះ ទើបត្រូវម្តាយដេញពីផ្ទះ​…

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា ជនសង្ស័យ​ម្នាក់​ត្រូវ​កម្លាំងនគរបាល​ល្បាត​​ដេញ​​​ចាប់ខ្លួន​​​បាន បន្ទាប់​ពី​​​ធ្វើ​សកម្ម​ភា​ព​​យក​​កាំបិត​ចិតបន្លែ​ចាក់​​ប្លន់បុរស​​អ្នក​រត់​ម៉ូតូឌុបម្នាក់​បណ្តាល​ឱ្យ​រង​របួស ហើយ​ជននេះយកម៉ូតូ​​ជិះរត់​​ ដែល​ហេតុ​ការណ៍​​នេះ​ កើតឡើង​កាលពី​វេលា​ម៉ោង​០៧ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២០ កញ្ញា ២០១៦ នេះ ស្ថិតត្រង់​ចំណុច​​ភូមិ​សំរោង​ទាវ សង្កាត់​ក្រាំង​ធ្នង់ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ប្រភព​ឱ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ​ហែម មិ អាយុ​៣២​ឆ្នាំ មានស្រុក​កំណើត​នៅ​ភូមិ​ព្រៃធំ ឃុំ​ទូក​មាស ស្រុក​ទូក​មាស ខេត្តកំពត ​ទើប​​មករាជ​ធានី​​ភ្នំពេញ​ បានតែ​​៣​ថ្ងៃ​ប៉ុណ្ណោះ ដោយសារ​​ម្តាយ​ដេញ​​ខ្លួន​ចេញពីផ្ទះ ក្នុង​ជម្លោះ​ជាមួយ​បងស្រី ។ បច្ចុប្បន្ន ជន​សង្ស័យ​ដើរ​តែ​ស្នាក់​តាម​សំ​យ៉ាប​ផ្ទះ​​គេ ។ រីឯ​ម្ចាស់​ម៉ូតូ​ឈ្មោះ​អាន មិន អាយុ​៤៦​ឆ្នាំ ជា​អ្នក​រត់​ម៉ូតូឌុប មាន​ទីលំនៅ​ក្នុង​សង្កាត់​ក្រាំង​ធ្នង់ រង​របួសស្រាល ព្រោះ​គេច​ពី​កាំបិត​ទាន់ ។

បើ​តាម​ម្ចាស់​ម៉ូតូ​ឱ្យ​ដឹង​ថា ដំបូង​ជនសង្ស័យ​​បាន​ហៅ​ម៉ូតូ​គាត់ឱ្យឌុប​ចេញពី​ចំណុច​ផ្សារ​ព្រៃ​ទា បំណង​ទៅ​សំរោង​ទាវ ក្នុង​តម្លៃ​៨​ពាន់​​រៀល ។ លុះ​គាត់​ដឹក​មក​ដល់​​ចំណុច​ការដ្ឋានសំណង់​​មួយ ក៏​ឱ្យ​គាត់​ឈប់​ម៉ូតូ​ថា ចូល​ទៅ​យក​លុយ ។ បន្ទាប់​មក ឱ្យរូបគាត់​​ដឹក​​ទៅ​មុខបន្ត​​ទៀត លុះ​មក​ដល់​ចំណុច​ខាងលើជាកន្លែង​ស្ងាត់​ ជន​នេះ​​ក៏ដក​​​កាំបិត​ចាក់​គាត់ឱ្យ​រង​របួស​តែ​ម្តង តែ​ពេល​នោះ​គាត់​ដឹងខ្លួន​ដែរ ក៏​ផ្តួល​ម៉ូតូ​ចោល ដោយ​រត់​ចូល​ទឹក ហើយ​ឃើញ​ជន​នេះ​ លើក​ម៉ូតូ​គាត់​ជិះ​រត់ សំណាងល្អ ត្រូវ​កម្លាំង​នគរបាល​ល្បាត​ប្រទះ​ឃើញ​ ក៏​ធ្វើការ​ដេញ​តាម​រហូត​ចាប់ខ្លួន​បាន​ ។