សមាជិក​ព្រឹទ្ធសភា​អស់តំណែង​ព្រោះ​ផ្ចាញ់ផ្ចាល​លោក Duterte និពន្ធដោយ : តន ចាន់​រិ​ទ្ធា​រ៉ា       September-20-2016, 10:10 am         315

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132សមាជិក​ព្រឹទ្ធសភា​អស់តំណែង​ព្រោះ​ផ្ចាញ់ផ្ចាល​លោក Duterte​សមាជិក​ព្រឹទ្ធសភា​ហ្វីលីពីន លោកស្រី Leila De Lima ដែលជា​អ្នក​រិះគន់​បុរស​ខ្លាំង លោក Rodrigo Duterte ជុំវិញ​យុទ្ធនាការ​បោសសម្អាត​គ្រឿងញៀន​ដែល​សម្លាប់​មនុស្ស​ជាច្រើន​នោះ ត្រូវបាន​ដកចេញ​ពី​តំណែង​ប្រធាន​គណៈកម្មាធិការ​ព្រឹទ្ធសភា​ហើយ​។ ការដកតំណែង​នេះ ធ្វើឡើង​តែ​ប៉ុន្មាន​ថ្ងៃក្រោយ​គណៈកម្មាធិការ​រ​បស់​លោកស្រី​បង្ហាញមុខ​សាក្សី​ដែល​បាន​អះអាងថា លោក Duterte ចេញ​បញ្ជា​សម្លាប់​មនុស្ស ពេល​លោក​នៅ​ធ្វើជា​ចៅហ្វាយក្រុង Davao នៅឡើយ​នោះ​។

​ព្រឹទ្ធសភា​ហ្វីលីពីន នៅ​ថ្ងៃទី​១៩ ខែកញ្ញា បាន​បោះឆ្នោត​ដោយ​សំឡេង​១៦ ទល់នឹង​៤ បណ្ដេញ​លោកស្រី Leila De Lima  ជា​ប្រធាន​គណៈកម្មាធិការ​ព្រឹទ្ធសភា​ហើយ​។ លោកស្រី De Lima ដែលជា​ប្រធាន​គណៈកម្មាធិការ​យុត្តិធម៌ និង​សិទ្ធិមនុស្ស តែងតែ​រិះគន់​ប្រតិបត្តិ​ការបង្ក្រាប​គ្រឿងញៀន​របស់​ប្រធានាធិបតី Rodrigo Duterte ហើយ​ថែមទាំង​បើក​ការស៊ើបអង្កេត​លើ​ការសម្លាប់​មនុស្ស​យ៉ាងច្រើន​នោះ​ទៀតផង​។ 

​បន្ទាប់ពី​ការបោះឆ្នោត​នេះ លោកស្រី De Lima បាន​បន្ទោស​ប្រធានាធិបតី​ហ្វីលីពីន Duterte ចំពោះ​រឿងនេះ ក៏​ព្រោះតែ​សម្ព័ន្ធមិត្ត​របស់លោក Duterte នៅក្នុង​ព្រឹទ្ធសភា បាន​ដកតំណែង​លោកស្រី​។ សមាជិក​ព្រឹទ្ធសភា​ដែល​គាំទ្រ​លោក Duterte ចោទ​លោកស្រី De Lima ថា ការស៊ើបអង្កេត​ជុំវិញ​ការសម្លាប់​មនុស្ស​ក្នុង​យុទ្ធនាការ​បង្ក្រាប​គ្រឿងញៀន កំពុងតែ​បំផ្លាញ​មុខមាត់​ប្រទេស និង​ព្រឹទ្ធសភា​ហ្វីលីពីន​ដែរ​។​

​អតីត​ប្រធាន​គណៈកម្មាធិការ​ដែល​អ​ស់​តំណែង​ខាងលើ​និយាយថា លោកស្រី​នឹងត្រូវ​រង​ការ​ធ្វើបាប​បន្តទៀត ហើយ​នេះ​ជាការ​ចង់បាន​របស់លោក​ប្រធានាធិបតី ដ្បិត​លោកស្រី​ហ៊ាន​បើក​ការស៊ើបអង្កេត​កា​រលើ​សម្លាប់​មនុស្ស​ក្រៅ​ប្រព័ន្ធតុលាការ​របស់លោក​។ ហើយ​ការស៊ើបអង្កេត​លើ​ការសម្លាប់​មនុស្ស ទំនងជា​រលាយ​ទៅ​ដែរ ក្រោយ​ការដកតំណែង​របស់លោក​ស្រី ពី​គណៈកម្មាធិការ​ព្រឹទ្ធសភា​នោះ​។

​យោងតាម​សារព័ត៌មាន Rappler លោកស្រី De Lima និង​ប្រធានាធិបតី Duterte មិនដែល​ត្រូវ​គ្នា​ឡើយ​ជុំវិញ​រឿង​សិទ្ធិមនុស្ស​នេះ​។ ពោលគឺ​ចាប់តាំងពី​លោក Duterte នៅ​កាន់តំណែង​អភិបាលក្រុង Davao ហើយ​លោកស្រី De Lima នៅ​ធ្វើជា​ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស និង​បន្ទាប់មក​កាន់តំណែង​ជា​រដ្ឋមន្ត្រី​យុត្តិធម៌​មក​ម្លេះ​។ ហើយ​ការ​មើលមុខ​គ្នា​មិនត្រូវ​នេះ ក៏​បន្ត​មកដល់​ការ​ប្រតិបត្តិការ​បោសសម្អាត​គ្រឿងញៀន​នេះ​តែម្ដង​។​

​ចុងក្រោយ​នោះ មិន​ត្រឹមតែ​អស់តំណែង​ប្រធាន​គណៈកម្មាធិការ​ឡើយ លោកស្រី De Lima ក៏​រង​បណ្ដឹង​ធ្វើ​ខុស​បញ្ញត្តិ​ព្រឹទ្ធសភា និង​ការជាប់​ពាក់ព័ន្ធ​គ្រឿងញៀន​ខុសច្បាប់​នៅតាម​ពន្ធ​ធនាគារជាតិ អំឡុងពេល​លោកស្រី​ធ្វើជា​រដ្ឋ​យុត្តិធម៌​។ ការស៊ើបអង្កេត​បញ្ហា​លើ​ចែកចាយ​គ្រឿងញៀន​នេះ នឹងធ្វើ​ដោយ​រដ្ឋបាល​លោក​ប្រធានាធិបតី Duterte បន្ទាប់ពី​ទទួលបាន​ភ្លើង​ខៀវ​ពី​រដ្ឋសភា​រួចមក​នោះ​៕