ប្រជាពលរដ្ឋ​ចាំមើល​ប្រសិទ្ធភាព​នៃ​ការអភិរក្ស​តំបន់​កោះរ៉ុង និង​បឹង​ព្រែក​ទប់ ខេត្ត​ព្រះសីហនុ​

កាលពី​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០១៦ រដ្ឋាភិបាល​កម្ពុជា​តាម​រយៈ​ក្រសួងបរិស្ថាន បានសម្រេច​បង្កើត​តំបន់ការពារធម្មជាតិ​ចំនួន​៣​បន្ថែមទៀត​រួមមាន ឧទ្យាន​ជាតិ​កោះរ៉ុង តំបន់​អភិរក្ស​ទឹកសាប​បឹង​ព្រែក​ទប់ ខេត្ត​ព្រះសីហនុ និង​តំបន់​បេ​តិក​ភ័​ណ្ឌ​ភ្នំ​ត្បែង ខេត្តព្រះវិហារ​។ ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ព្រះសីហនុ ចាំមើល​ប្រសិទ្ធភាព​នៃ​ការការពារ​តំបន់​អភិរក្ស​កោះរ៉ុង​និង​បឹង​ព្រែក​ទប់ ព្រោះ​កន្លងមក​រាល់​វិធានការ​របស់លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ ក្នុងការ​ទប់ស្កាត់​បទ​ល្មើស​ទន្ទ្រាន​កាន់កាប់​ដី​រដ្ឋ​ខុសច្បាប់ គឺ​ពុំមាន​ប្រសិទ្ធភាព​ឡើយ​។ ជាងនេះទៅទៀត​ដី​មាត់បឹង​ព្រែក​ទប់​ដែលជា​កន្លែង​អភិរក្ស​ទឹកសាប ត្រូវ​អ្នកមាន​លុយ អ្នកមានអំណាច​ទន្ទ្រាន​កាន់កាប់​ជា​បន្តបន្ទាប់ ហើយ​មន្ត្រី​អាជ្ញាធរ និង​ស្ថាប័ន​ពាក់ព័ន្ធ​ពុំមាន​លទ្ធភាព​ក្នុងការ​ទប់ស្កាត់​បទល្មើស​នោះទេ​។

ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ព្រះសីហនុ ក៏ដូចជា​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ក្នុង​ខេត្ត​នេះ បាន​លើកឡើងថា​ទាល់តែ​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ចាត់វិធានការ​ប្រកប​ដោយ​ប្រសិទ្ធភាព​ទើប​អាច​បញ្ឈប់​បទល្មើស​ទន្ទ្រាន​កាន់កាប់​ដី​នៅ​តំបន់​កោះរ៉ុង ក៏ដូចជា​ដី​នៅ​តំបន់​បឹង​ព្រែក​ទប់​។ មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​បាន​ទទួលស្គាល់ថា ការដែល​រដ្ឋាភិបាល​តា​មរយៈ​ក្រសួងបរិស្ថាន សម្រេច​ដាក់​តំបន់​កោះរ៉ុង និង​តំបន់​អភិរក្ស​ទឹកសាប​បឹង​ព្រែក​ទប់​ជា​តំបន់​ការពារ និង​អភិរក្ស​គឺជា​រឿង​ប្រសើរ​បំផុត ក៏ប៉ុន្តែ​ក្រសួងបរិស្ថាន គួរ​ចាត់វិធានការ​ឲ្យ​មន្ត្រីក្រោមឱវាទ​បំពេញ​តួនាទី​របស់ខ្លួន​ឲ្យ​បាន​ត្រឹមត្រូវ​។ បើ​មិន​ដូច្នេះ​ទេ​អ្នកមាន​លុយ អ្នកមានអំណាច នៅតែ​បន្តធ្វើ​សកម្មភាព​ទន្ទ្រាន​កាន់កាប់​ដី​ក្នុង​តំបន់​នេះ​តាម​អំពើ​ចិត្ត​ជាមិនខាន​។

មន្ត្រីរាជការ​និង​ប្រជាពលរដ្ឋ​ក៏ដូចជា​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​បាន​អំពាវនាវ​ឲ្យ​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ចាប់បញ្ជូន​មន្ត្រី​ដែលមាន​សមត្ថភាព​ពិតៗ​ដើម្បី​ការពារ​ឧទ្យាន​ជាតិ​កោះរ៉ុង និង​តំបន់​បឹង​ទឹកសាប​ព្រែក​ទប់​។ ជាងនេះទៅទៀត​លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ ត្រូវ​អនុវត្តន៍​តាម​សេចក្ដីសម្រេច​របស់​ក្រសួងបរិស្ថាន ប្រកបដោយ​ប្រសិទ្ធភាព​គឺ​ត្រូវ​ចាត់វិធានការ​តាមច្បាប់​លើ​ជនល្មើស​ដែល​ទន្ទ្រាន​កាន់កាប់​ដី​ក្នុង​តំបន់​នោះ បើទោះបី​ពួកគេ​មានបុណ្យ​ស័ក្ដិធំៗ​និង​មានអំណាច​ខ្លាំងក្លា​យ៉ាងណាក៏ដោយ​។ ក្រសួងបរិស្ថាន និង​អាជ្ញាធរខេត្ត​ព្រះសីហនុ ត្រូវ​សហការគ្នា​អនុវត្តន៍​តាមច្បាប់​ពិតប្រាកដ​ទើប​អាច​ការពារ​តំបន់​កោះរ៉ុង និង​តំបន់​បឹង​ព្រែក​ទប់ កុំ​ឲ្យ​អ្នកមាន​លុយ អ្នកមានអំណាច បន្ត​ទន្ទ្រាន​កាន់កាប់​ដី​រដ្ឋ​ស្រេច​តែ​អំពើ​ចិត្ត​តទៅទៀត​៕

13100762_682385085233949_5521598974144936208_n

លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន 

governor-620

លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ

image