អាជីវកម្ម​ចិញ្ចឹម​ត្រី​ឆ្ដោ​នៅ​ខេត្តសៀមរាប ធ្វើ​ឲ្យ​មាន​បទល្មើស​នេសាទ​ចាប់​កូន​ត្រី​ល្អិតៗ​កើតឡើង​ពេញ​បឹង​ទន្លេសាប

​ប្រជា​នេសាទ​រស់នៅ​តំបន់​បឹង​ទន្លេសាប​នៃ​ក្រុង​សៀមរាប ស្រុក​ប្រាសាទបាគង និង​ស្រុក​សូទ្រនិគម ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា​នៅក្នុង​រដូវ​បិទ​នេសាទ​នេះ បទល្មើស​ប្រើ​ឧបករណ៍​ខុសច្បាប់​ចាប់​កូន​ត្រី​ល្អិតៗ​ក្នុង​បឹង​ទន្លេសាប​កំពុង​កើតឡើង​យ៉ាង​រាលដាល​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា កូន​ត្រី​រាប់សិប​តោន​ក្នុង​មួយថ្ងៃៗ​ត្រូវបាន​គេ​យកទៅ​ធ្វើជា​ចំណី​ត្រី​ឆ្ដោ ហើយ​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​មិន​ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​នេសាទ​នោះទេ​។ បញ្ហា​នេះ​លោក អេង ជា​សាន អគ្គនាយក​រដ្ឋ​បាលជ​ល​ផល ត្រូវ​ពិនិត្យឡើងវិញ​ជាបន្ទាន់ ព្រោះ​អាជីវកម្ម​ចិញ្ចឹម​ត្រី​ឆ្ដោ​កំពុង​ធ្វើ​ឲ្យ​កូន​ត្រី​ល្អិតៗ​ក្នុង​បឹង​ទន្លេសាប​ប្រឈម​នឹង​សេចក្ដី​វិនាស​ចៀស​មិន​ផុត​ឡើយ​។

តាម​មន​ត្រី​ក្រសួងកសិកម្ម បាន​ឲ្យ​ដឹងថា អាជីវកម្ម​ចិញ្ចឹម​ត្រី​ឆ្ដោ​ដែល​ត្រូវបាន​អនុញ្ញាត​ឡើងវិញ គឺមាន​ការហាមឃាត់​មិន​ឲ្យ​យក​កូន​ត្រី​ធម្មជាតិ​សម្រាប់​ធ្វើជា​ចំណី​ត្រី​ឆ្ដោ​ឡើយ ក៏ប៉ុន្តែ​នៅក្នុង​ក្រុង​សៀមរាប បច្ចុប្បន្ន​មាន​ស្រះ​ចិញ្ចឹម​ត្រី​ឆ្ដោ​ធំៗ​ប្រមាណ​ជាង​១០​កន្លែង ហើយ​ម្ចាស់​ស្រះ​ចិញ្ចឹម​ត្រី​ឆ្ដោ​បាន​ទិញ​កូន​ត្រី​ល្អិតៗ​រាប់សិប​តោន​ក្នុង​មួយថ្ងៃៗ​យកទៅ​ឲ្យ​ត្រី​ឆ្ដោ​ស៊ី​។ ហេតុនេះហើយ​ទើប​មាន​សកម្មភាព​ប្រើ​ឧបករណ៍​ខុសច្បាប់​នេសាទ​កូន​ត្រី​ល្អិតៗ​នៅ​តំបន់​ចុង​ឃ្នៀ​ស តំបន់​កំពង់​ភ្លុក តំបន់​កំពង់​ឃ្លាំង និង​តំបន់​ផ្សេងៗ​ទៀត​កើតឡើង​យ៉ាង​អនាធិបតេយ្យ ហើយ​លោក ព្រិ​ន្ទ សា​វិ​ន នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តសៀមរាប មិន​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​ឡើយ​។ បទល្មើស​នេសាទ​ដែល​កើតឡើង​ក្នុង​រដូវ​បិទ​នេសាទ​នេះ ត្រូវបាន​ប្រជាពលរដ្ឋ​រិះគន់ថា មានការ​ឃុបឃិត​យ៉ាង​ពេញទំហឹង​ពី​មន្ត្រីរដ្ឋបាល​ជលផល ជាពិសេស​មន្ត្រីរដ្ឋបាល​ជលផល​ដែល​ប្រចាំការ​នៅ​ចុង​ឃ្នៀ​ស​។

ប្រជា​នេសាទ​ជា​លក្ខណៈ​គ្រួសារ​នៅ​សង្កាត់​ចុង​ឃ្នៀ​ស ក្រុង​សៀមរាប បាន​ឲ្យ​ដឹងថា​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​ចាប់​កូន​ត្រី​ល្អិតៗ​នៅក្នុង​រដូវ​បិទ​នេសាទ​កំពុង​កើតឡើង​គួរ​ឲ្យ​ព្រួយបារម្ភ ព្រោះ​មន្ត្រីរដ្ឋបាល​ជលផល និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត​មិន​ចាត់វិធានការ​បង្ក្រាប​ឡើយ​។ តាម​ការអះអាង​របស់​ប្រជា​នេសាទ​ក្នុង​សង្កាត់​ចុង​ឃ្នៀ​ស បាន​ឲ្យ​ដឹង​ទៀតថា ស្រះ​ចិញ្ចឹម​ត្រី​ឆ្ដោ​ធំៗ​មាន​ជាច្រើន​កន្លែង​នៅក្នុង​សង្កាត់​សៀមរាប និង​សង្កាត់​ស្វាយដង្គំ ហើយ​ប្រើប្រាស់​កូន​ត្រី​ធម្មជាតិ​ល្អិតៗ​ជា​ចំណី​ត្រី​ឆ្ដោ​។ ចំណែក​នៅក្នុង​សង្កាត់​ចុង​ឃ្នៀ​សមាន​ការចិញ្ចឹម​ត្រី​ឆ្ដោ​ដាក់​តាម​បែ​ឬ​ដាក់​ក្រោមផ្ទះ​បណ្ដែត​ទឹក ហើយ​យក​កូន​ត្រី​ល្អិត​យក​ធ្វើជា​ចំណី​ត្រី​ឆ្ដោ​ក្នុង​មួយថ្ងៃៗ​ជាច្រើន​តោន​។ ហេតុនេះ​លោក អេង ជា​សាន អគ្គនាយក​រដ្ឋ​បាលជ​ល​ផល មិនត្រូវ​មើលរំលង​តទៅទៀត​ទេ ព្រោះ​អាជីវកម្ម​ចិញ្ចឹម​ត្រី​ឆ្ដោ​ក្នុង​ខេត្តសៀមរាប កំពុង​បង្ក​ឲ្យ​មាន​បទល្មើស​នេសាទ​យ៉ាង​អនាធិបតេយ្យ​៕

pusat-2 2 1