សមត្ថកិច្ច​ខេត្តពោធិ៍សាត់ បង្ក្រាប​តែ​ឈើ​ដែល​គេ​ស្តុក​ទុក​ចំណែក​ឈ្មួញ​ធំៗ​អាច​ដឹកជញ្ជូន​យ៉ាង​ពេញបន្ទុក​

ប្រជាពលរដ្ឋ​ក្នុងស្រុក​វាលវែង ស្រុក​ភ្នំក្រវាញ និង​ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ បាន​ឲ្យ​ដឹងថា រហូតមកដល់​ពេលនេះ​ឈ្មួញ​ធំៗ​ដែលមាន​ទំនាក់ទំនង​ជាមួយ​មន្ត្រី​រដ្ឋបាល​ព្រៃឈើ និង​មន្ត្រីជាន់ខ្ពស់​ក្នុង​ខេត្តពោធិ៍សាត់ នៅតែ​អាច​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​យ៉ាង​ពេញបន្ទុក​ដូច​មុន​ដដែល​។ ចំណែក​ឈើ​ដែល​ប្រជាពលរដ្ឋ​មួយចំនួន​ស្តុក​ទុកជា​យូរ​មកហើយ​សម្រាប់ធ្វើ​ផ្ទះ ឬ​ធ្វើ​អ្វីៗ​ផ្សេងៗ​នោះ​បែរជា​ត្រូវ​មន្ត្រី​តុលាការ មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ចាត់វិធានការ​បង្ក្រាប​យ៉ាង​មាន​ប្រសិទ្ធភាព​។ ទោះជា​យ៉ាងណា​ប្រជាពលរដ្ឋ​ទូទៅ​បាន​គាំទ្រ​ចំណាត់ការ​របស់​សមត្ថ​កិច្ច​ក្នុងការ​បង្ក្រាប​សិប្បកម្ម​កែច្នៃ​ឈើ​ខុសច្បាប់​ដែលជា​មូលហេតុ​នាំ​ឲ្យ​មាន​បទល្មើស​បំផ្លាញ​ព្រៃឈើ​កើតឡើង​ឥតឈប់ឈរ​។

កាលពី​ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​២០១៦ សមត្ថកិច្ច​ចម្រុះ​ដឹកនាំ​ដោយ​មន្ត្រី​តុលាការខេត្ត​ពោធិ៍សាត់ បាន​បង្ក្រាប​ទីតាំង​សិប្បកម្ម​កែច្នៃ​និង​ស្តុក​ឈើ​ខុសច្បាប់​មួយកន្លែង​នៅ​ភូមិ​ទួល​ត្បែង ឃុំ​ឈើ​តុំ ស្រុក​ក្រគរ ហើយ​រឹបអូស​វត្ថុតាង​យកទៅ​រក្សាទុក​ដើម្បី​ចាត់ការ​តាម​នីតិវិធី​។ ប្រភពពី​សមត្ថកិច្ច​ដែល​ចូលរួម​ក្នុងការ​បង្ក្រាប​ទីតាំង​សិប្បកម្ម​កែច្នៃ​ឈើ​និង​ស្តុក​ឈើ​ខុសច្បាប់​បាន​ឲ្យ​ដឹងថា ម្ចាស់​សិប្បកម្ម​នោះ​ឈ្មោះ ឈឿង ឈូង ភេទ​ស្រី អាយុ​៤៧​ឆ្នាំ រស់នៅក្នុង​ភូមិ​ទួល​ត្បែង ឃុំ​ឈើ​តុំ ស្រុក​ក្រគរ​។ ឈើ​ដែល​រឹបអូស​បានរួម​មាន ឈើ​អារ​សន្លឹក​ប្រភេទ​ឈើទាល​ចំនួន​១,៩០​ម៉ែត្រគូប ឈើ​អារ​ជ្រុង​និង​សន្លឹក​ប្រភេទ​ធ្នង់​មាន​០,៥៥៥​ម៉ែត្រគូប ឈើ​ប្រភេទ​រាជ​កុល គគីរ និង​គ្រឿង​តុទូ មាន​ចំនួន​៤០​កំណាត់​។

ជុំវិញ​បញ្ហា​ខាងលើនេះ​ប្រជាពលរដ្ឋ​គាំទ្រ​ចំណាត់ការ​របស់​សមត្ថ​កិច្ច​ក្នុងការ​បង្ក្រាប​បទល្មើស ហើយ​អំពាវនាវ​ឲ្យ​មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​ពាក់ព័ន្ធ ចាត់វិធានការ​បង្ក្រាប​ក្រុម​ឈ្មួញ​ដែល​បន្តសកម្មភាព​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ចេញពី​ស្រុក​វាលវែង និង​ស្រុក​ភ្នំក្រវាញ​យ៉ាង​ពេញបន្ទុក​។ ជាពិសេស​ព្រៃឈើ​ក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ និង​តំបន់​អភិរក្ស​ជួរ​ភ្នំក្រវាញ កំពុង​ប្រឈម​នឹង​ការបំផ្លាញ​យ៉ាង​មហន្តរាយ ព្រោះ​មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​មន្ត្រី​បរិស្ថាន ពុំមាន​សមត្ថភាព​ក្នុងការ​បង្ក្រាប​ឡើយ​។ អាច​និយាយបានថា មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​ពាក់ព័ន្ធ មាន​ជំនាញ​ខាង​បង្ក្រាប​ឈើ​ដែល​គេ​ស្តុក​ទុក​ក្នុង​រោង​សិប្បកម្ម​កែច្នៃ ក៏ប៉ុន្តែ​ពួកគេ​ពុំមាន​សមត្ថភាព​ង្ក្រា​ប​ក្រុម​ឈ្មួញ​ដែល​ដឹកជញ្ជូន​ឈើ​តាម​រថយន្ត​ធំៗ​យ៉ាង​អនាធិបតេយ្យ​នោះទេ ហេតុនេះហើយ​ទើប​បទល្មើស​ព្រៃឈើ​ក្នុង​ខេត្តពោធិ៍សាត់ នៅតែ​បន្ត​កើតឡើង​យ៉ាង​រាលដាល​៕

5-54 3-103-768x1024 1-132-768x1024 pusat-3