អាជ្ញាធរ​ហាម​ធ្វើ​វត្ត​លើ​កំពូលភ្នំ​ ព្រោះ…

ខេត្តកំពត ៖ វត្ត​មួយ​ដែល​ប្រជា​ពុទ្ធបរិស័ទ​បាន​រួម​គ្នា​កសាង​នៅ​លើ​កំពូលភ្នំ​ដំរី ស្ថិត​ក្នុងភូមិ​ដំរី ឃុំ​ដំណាក់​កន្ទួត​ខាងជើង ស្រុក​កំពង់ត្រាច បាន​ត្រូវ​អាជ្ញាធរ​ហាមឃាត់​មិន​ឲ្យ​កសាង​ទេ ។

អ្នក​ភូមិ​ម្នាក់​ឈ្មោះ ស៊ា​ង សាន់ អាយុ​៦៥​ឆ្នាំ ជា​គណៈកម្មការ​វត្ត​បទុម​គិរី​ព័ទ្ធ ហៅ​វត្ត​ក្រោលគោ និយាយ​ថា វត្ត​នេះ​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ​បាន​ទទូច​ម្ដង​ហើយ​ម្ដងទៀត​សុំ​កសាង ប៉ុន្តែ​អាជ្ញាធរ​បាន​ជំទាស់​មិន​យល់ព្រម​ឱ្យ​អ្នកស្រុក​កសាង​ទេ ។ ព្រះ​តេជគុណ យិ​ញ វាសនា ចៅអធិការ​វត្ត​បទុម​គិរី​ព័ទ្ធ មាន​ថេរ​ដីកា​សំណូមពរ​ដល់​អាជ្ញាធរ​ស្រុក​-​ខេត្ត មេត្តា​អនុញ្ញាត​ដោយ​យោគយល់​ឱ្យ​ញោមញាតិ​កសាង​វត្ត​នេះ​ជា​បន្ត​ផង ព្រោះ​សាលាឆាន់​គ្រោង​ផ្ដើម​បាន​ចេញ​ជា​រូបរាង​ហើយ តែ​បែរជា​មិន​ឱ្យធ្វើ​បន្ត ។

ព្រះ​ចៅអធិការ​មាន​ថេរ​ដីកា​បន្ត​ថា បើ​កុំ​តែ​មានការ​រារាំង​ពី​អាជ្ញាធរ​កុំ​អី​កសាង​រួចរាល់​ហើយ ព្រោះ​មាន​សប្បុរសជន​ស្រុក​ក្រៅ រួម​ទាំង​ពុទ្ធបរិស័ទ​ក្នុងស្រុក​ចាំតែ​ជួយ​កសាង​ប៉ុណ្ណោះ ។លោក ព្រំ អ៊​ន មេឃុំ​ដំណាក់​កន្ទួត​ខាងជើង បាន​ប្រាប់​ឱ្យ​ដឹង​ថា វត្ត​បទុម​គិរី​ព័ទ្ធ​នេះ បាន​កសាង​ក្នុង​ឆ្នាំ​២០០០ ដោយ​មាន​តា​យាយ​ចាស់​ៗ​ពិបាក់ទៅ​វត្ត​ឆ្ងាយ​ធ្វើបុណ្យ អ្នក​ភូមិ​ក៏​នាំ​គ្នា​យក​បរិវេណ​លើ​ភ្នំ​នោះ​ធ្វើ​ជាវ​ត្តទៅ ។

ប៉ុន្តែ​អាជ្ញាធរ​បាន​ហាមឃាត់​មិន​ឱ្យ​អ្នកស្រុក​កសាង​វត្ត​នៅ​លើ​ភ្នំ​នោះ​ទេ ដោយ​សំអាង​ថា ជួរ​ភ្នំ​ដំរី​នេះ​គេ​មាន​អាជ្ញាប័ណ្ណ​ស្របច្បាប់ ហើយ​នៅ​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​មាន​ក្រុមហ៊ុន​មួយ​គ្រោង​នឹង​បង្កើត​រោងចក្រ​ស៊ីម៉ង់ត៍​មួយ​នៅ​ជួរ​ភ្នំ​ដំរី​នេះ ដូច្នេះ​បើ​មាន​វត្ត​នៅ​លើ​ភ្នំ​នេះ ពិតជា​ពិបាក​ដោះស្រាយ​ហើយ ៕