វីវរ​ធំ​ហើយ​លើក​នេះ រោងចក្រ វ៉ា​យ ធី ស៊ី

ខេត្តកំពង់ស្ពឺ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់ វ៉ា​យ ធី ស៊ី ខ​ប​ប៉ូ​រ៉េ​សិន ដែល​មា​នទី​តាំងនៅ​ភូមិ​ចំការ​ដូង ឃុំ​វ​ល្លិ៍​ស ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ត្រូវ​ចោរ​គាស់​លួច​យក​លុយ​អស់​រាប់​សែន​ដុល្លារ លុះ​ព្រឹក​ឡើង​ថ្ងៃ​ទី​២០ ខែកញ្ញា ឆ្នាំ​២០១៦ ទើប​មានការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច ។

ប្រភព​ពី​សមត្ថកិច្ច​ស្រុក​សំរោង​ទង​បាន​ឲ្យ​ដឹង​ថា រោងចក្រ វ៉ា​យ ធី ស៊ី ខ​ប​ប៉ូ​រ៉េ​សិន (YTC CORPORATION) នេះ​មាន​សន្តិសុខ​យាម​ច្រើន​ណាស់ មិន​គួរ​ណា​ចោរ​ហ៊ាន​លួច​ចូល​គាស់​នោះ​ទេ ម្យ៉ាងទៀត​ខាង​សន្តិសុខ​ដែល​យាម​ពេល​យប់​នេះ​ហាក់​មិន​ចង់​សហការ​ជាមួយ​សមត្ថកិច្ច​ដើម្បី​ធ្វើការ​ស្រាវជ្រាវ​ឡើយ ។

សមត្ថកិច្ច​បញ្ជាក់​ថា ចោរ​បាន​ចូល​ទៅ​លួច​គាស់​យក​លុយ​ដែល​តម្កល់​ទុក​សម្រាប់​ចំណាយ​ក្នុង​រោងចក្រ​អស់​រាប់​សែន​ដុល្លារតាំងពី​យប់​ម្ល៉េះ លុះ​ព្រឹក​ឡើង​ទើប​ដឹង និង​ភ្ញាក់ផ្អើល​តែ​ម្តង ។

ប្រភព​ក្រៅផ្លូវការ​បាន​ឲ្យ​ដឹង​ថា រោងចក្រ វ៉ា​យ​ធី​ស៊ី នេះ​មាន​សន្តិសុខ​យាម​ពេល​យប់​ច្រើន​ណាស់ សង្ស័យ​តែ​ចោរ​ស្រុក​ឲ្យ​ដៃ​ទេ ទើប​​ចោរព្រៃ​ហ៊ាន​ចូល​គាស់​ប្រមូល​យក​លុយ​យ៉ាងច្រើន​បែប​នេះ ៕