Floyd ​ថា​ខ្លួន​នៅ​តែ​ខ្លាំង​បំផុត តែ​បដិសេធ​វ៉ៃ​ជាមួយ​ McGregor

Floyd Mayweather អតីត​កំពូល​អ្នកប្រដាល់​អាមេរិក​ បាន​លើក​ឡើង​ថា ខ្លួន​នៅ​តែ​ជា​កំពូល​ Super Star ​​ខ្លាំង​ជាង​គេ​ ទាំង​ប្រដាល់​សាកល​ និង​ក្បាច់គុន​ចម្រុះ​ MMA ​ប៉ុន្តែ​បែរ​ជា​បដិសេធ​មិន​ព្រម​វ៉ៃ​ជាមួយ​​​​ Conor McGregor កីឡាករ​ឆ្នើម​ UFC។

 

Floyd ​ថា​ខ្លួន​នៅ​តែ​ខ្លាំង​បំផុត តែ​បដិសេធ​វ៉ៃ​ជាមួយ​ McGregor

Floyd Mayweather អតីត​កំពូល​អ្នកប្រដាល់​អាមេរិក

 

អតីត​អ្នក​ប្រដាល់​រហស្សនាម “Money” វ័យ​៣៩​ឆ្នាំ​រូប​នេះ​ បាន​ប្រាប់​ដល់​ Fight Hype ថា៖ “ខ្ញុំ​មាន​អារម្មណ៍​ថា ពិត​ជា​មាន​​មោទនភាព​​ចំពោះ​ខ្លួន​ឯង​ណាស់ ដែល​នៅ​​តែ​ជា​​កំពូល​កីឡាករ​ខ្លាំង​បំផុត​របស់​ MMA និង​ប្រដាល់ ទោះ​បី​​ខ្ញុំ​មិន​បាន​ប្រកួត​ទៀត​ក៏​ដោយ។ វា​ពិត​ជា​ឆ្កួត​ណាស់ ដែល​ខ្ញុំ​និយាយ​ពី​ការ​ប្រកួត​​ជាមួយ​ Conor McGregor ពេល​នេះ។ មាន​កីឡាករ​ច្រើន​ណាស់ ដែល​ចង់​វ៉ៃ​ជាមួយ​គាត់ ហើយ​ខ្ញុំ​​ធ្លាប់​ជា​មនុស្ស​ដំបូង​គេ ”​​​​។

 

Floyd ​ថា​ខ្លួន​នៅ​តែ​ខ្លាំង​បំផុត តែ​បដិសេធ​វ៉ៃ​ជាមួយ​ McGregor

Conor McGregor កីឡាករ​ឆ្នើម​ UFC

 

Floyd ​​បាន​ប្រកាស​ចូល​និវត្តន៍​កាល​ឆ្នាំ​មុន​ ​បន្ទាប់​ពី​ឡើង​វ៉ៃ​៤៩​ប្រកួត ឈ្នះ​ទាំង​៤៩។ ប៉ុន្តែ​កន្លង​មក​ ធ្លាប់​មាន​ពាក្យ​ចចាមអារ៉ាម​ថា រូប​គេ​អាច​នឹង​វិល​ឡើង​សង្វៀន​ប្រកួត​ជាមួយ​ Manny Pacquiao ជា​ថ្មី ឬ​ប៉ះ​ជាមួយ​ Danny Garcia ផង​ដែរ ខណៈ​ដែល​វ៉ៃ​​ជាមួយ McGregor ក៏​ជា​ទស្សនីយភាព​មួយ​ ដែល​អ្នក​ស្នេហា​វិស័យ​ប្រដាល់​​ជុំ​វិញ​ពិភពលោក​ កំពុង​ចង់​ឃើញ​ខ្លាំង​ដូច​គ្នា៕

 

Floyd ​ថា​ខ្លួន​នៅ​តែ​ខ្លាំង​បំផុត តែ​បដិសេធ​វ៉ៃ​ជាមួយ​ McGregor

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ mirror