បទល្មើស​ព្រៃឈើ​ក្នុងស្រុក​ចិត្រ​បុរី ខេត្តក្រចេះ មានការ​ឃុបឃិត​ពី​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​

សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​រស់នៅ​ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ បាន​ឲ្យ​ដឹងថា បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ឆ្លងកាត់​មូលដ្ឋាន​របស់​ពួកគាត់​នៅតែ​កើតឡើង​យ៉ាង​ពេញបន្ទុក​ពុំមាន​ការថយចុះ​គួរ​ឲ្យ​កត់សម្គាល់​ឡើយ​។ ជាងនេះទៅទៀត​ប្រជាពលរដ្ឋ​បាន​រិះគន់ថា នាយផ្នែក​រដ្ឋបាល​ព្រៃឈើ និង​នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​នៅ​ស្រុក​ចិត្រ​បុរី គិតតែ​ពី​រឿង​ប្រមូល​លុយ​ពី​ក្រុម​ឈ្មួញ​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​យកទៅ​ចែកគ្នា​ធ្វើ​មាន​ធ្វើបាន​យ៉ាង​សុខ​ស្រួល ទើប​បទល្មើស​នៅតែ​បន្ត​កើតឡើង​ឥតឈប់ឈរ​។ ហេតុនេះ​លោក ឆេង គឹម​ស៊ុន អគ្គនាយក​រដ្ឋបាល​ព្រៃឈើ គួរពិនិត្យមើល​ភាព​អសកម្ម​របស់​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ក្នុង​ខេត្តក្រចេះ​ជាបន្ទាន់ ព្រោះ​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ក្នុង​ខេត្ត​នេះ នៅតែ​កើតឡើង​យ៉ាង​ពេញបន្ទុក​។

ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​ថ្មី ស្រុក​ចិត្រ​បុរី បាន​ឲ្យ​ដឹងថា​ក្នុង​មួយថ្ងៃៗ​ពួកគាត់​ឃើញ​មាន​គោយន្ត​រាប់សិប​គ្រឿង​ដឹកឈើ​ប្រភេទ​សុ​ក្រំ​និង​ធ្នង់​ចេញពី​ព្រៃ​ដើម្បី​យកទៅលក់​ឲ្យ​ឈ្មួញ​ដែល​ប្រមូល​ទិញ​យកទៅលក់​បន្ត​នៅ​ស្រុក​យួន​។ មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ដែល​ឃ្លាំមើល​បទល្មើស​ព្រៃឈើ​ក្នុង​ខេត្តក្រចេះ បាន​ឲ្យ​ដឹងថា ក្នុង​មួយថ្ងៃៗ​មាន​គោយន្ត​ដឹកឈើ​រាប់សិប​គ្រឿង​ចេញពី​ព្រៃ​ដោយ​ឆ្លងកាត់​ស្រុក​ចិត្រ​បុរី ក៏ប៉ុន្តែ​មិនឃើញ​មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​តាម​តួនាទី​របស់ខ្លួន​នោះទេ​។ ចំណែក​លោក ទ្រី សុភ័ក្ត្រ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តក្រចេះ រក្សា​ភាព​ស្ងៀមស្ងាត់​ដើម្បី​ទទួលផល​ប្រយោជន៍​ពី​កូនចៅ​ក្រោម​ឱវាទ​យ៉ាង​សុខសាន្ត​ច្រើន​ឆ្នាំ​មកហើយ​។

តាម​ការ​បង្ហើប​ពី​ក្រុម​អ្នក​ដឹកជញ្ជូន​ឈើ​ឆ្លងកាត់​ស្រុក​ចិត្រ​បុរី ចូលទៅ​ក្រុង​ក្រចេះ បាន​ឲ្យ​ដឹងថា​ការដែល​ពួកគេ​អាច​ចៀស​ផុតពី​ការបង្ក្រាប​គឺ​ដោយសារ​បង់លុយ​ឲ្យ​មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត​តាម​ការកំណត់​។ ក្រុម​អ្នកដឹកឈើ​បាន​ឲ្យ​ដឹង​ទៀតថា ពួកគេ​បង់លុយ​មួយផ្នែក​ឲ្យ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ស្រុក​ចិត្រ​បុរី និង​មួយផ្នែក​ទៀត​បង់​ឲ្យ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ក្រុង​ក្រចេះ ក៏ដូចជា​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​ដទៃទៀត​ទើប​អាច​ដឹកឈើ​ចេញពី​ព្រៃ​ទៅដល់​គោលដៅ​ដោយ​គ្មាន​ការរំខាន​។ ដូច្នេះ​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ គួរពិនិត្យមើល​ឡើងវិញ​ផងដែរ​ចំពោះ​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ក្នុងស្រុក​ចិត្រ​បុរី ព្រោះ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ក្នុងស្រុក​នេះ មិន​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​ឡើយ ហើយ​កំពុង​សប្បាយ​ប្រមូល​លុយ​ពី​ក្រុម​ឈ្មួញ​ដឹកឈើ​ខុសច្បាប់​យ៉ាង​ក្រអឺតក្រទម​៕

image324

លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ

kro-timber-500x313