រថយន្ត​ដឹក​ដី​ធំៗ​របស់​កងវិស្វកម្ម​កំពុង​បំផ្លាញ​ផ្លូវ​លេខ​៥៣​ស្ទើរ​ខ្ទេចខ្ទី​អស់​ទៅហើយ​

ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ត្រពាំង​ស្បូវ ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង បាន​អំពាវនាវ​ឲ្យ​ប្រធាន​មន្ទីរ​សាធារណការ ក៏ដូចជា​លោក ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង ចាត់វិធានការ​ទប់ស្កាត់​ករណី​កងវិស្វកម្ម​ប្រើប្រាស់​រថយន្ត​ដឹក​ដី​ធំៗ​បំផ្លាញ​ផ្លូវ​លេខ​៥៣ និង​ផ្លូវលំ​ក្នុង​មូលដ្ឋាន​របស់​ពួកគាត់​ជាបន្ទាន់​។ ម្យ៉ាងទៀត​ប្រសិនបើ​អាជីវកម្ម​រថយន្ត​ដឹក​ដី ពុំមាន​ការអនុញ្ញាត​ពី​មន្ទីរ​សាធារណការ ក៏ដូចជា​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្តកំពង់ឆ្នាំង​ទេនោះ គឺ​មន្ទីរ​ពាក់ព័ន្ធ​គួរ​ចាត់វិធានការ​ទប់ស្កាត់​កុំ​ឲ្យ​រថយន្ត​ធំៗ​ដឹក​ដី​បំផ្លាញ​ផ្លូវ​យ៉ាង​គគ្រឹកគគ្រេង​បន្តទៀត​។ បើ​មិន​ដូច្នេះ​ទេ​រថយន្ត​ដឹក​ដី​ធំៗ​ដែល​ផ្ទុក​លើសពី​៦០​តោន​នោះ អាចធ្វើ​ឲ្យ​ផ្លូវ​លេខ​៥៣​និង​ផ្លូវលំ​ក្នុង​ឃុំ​ស្រែ​ថ្មី ត្រូវ​ខូចខាត​ទាំងស្រុង​នាពេល​ឆាប់ៗ​ខាង​មុន​ជាមិនខាន​។

ប្រភពពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា រយៈពេល​ជិត​១​សប្ដាហ៍​មកហើយ​ដែល​ពួកគាត់​សង្កេតឃើញ​រថយន្ត​ដឹក​ដី​ធំៗ​របស់​កងវិស្វកម្ម​ដែល​ផ្ទុក​មាន​ចំណុះ​មិន​ក្រោម​៦០​តោន​បើកបរ​លើ​កំណាត់​ផ្លូវ​កៅស៊ូ​រមាស​លេខ​៥៣ និង​ផ្លូវលំ​ក្រាល​ក្រួស​ក្រហម​នៅ​ឃុំ​ស្រែ​ថ្មី​។ មន្ត្រី​មន្ទីរ​សាធារណការ​ខេត្តកំពង់ឆ្នាំង បាន​ឲ្យ​ដឹងថា​ផ្លូវ​លេខ​៥៣​ជា​ផ្លូវ​កៅស៊ូ​ដែល​ខាង​មន្ទីរ​សាធារណការ​អនុញ្ញាត​ឲ្យ​ដឹក​ត្រឹម​២៥​តោន​ចុះក្រោម ដូច្នេះហើយ​ទើប​ប្រជាពលរដ្ឋ​អំពាវនាវ​ឲ្យ​មន្ទីរ​ពាក់ព័ន្ធ ចាត់វិធានការ​ទប់ស្កាត់​រថយន្ត​ធំៗ​របស់​កងវិស្វកម្ម​កុំ​ឲ្យ​ផ្ទុក​លើស​ចំណុះ​បំផ្លាញ​ផ្លូវ​កៅស៊ូ​លេខ​៥៣​បន្តទៀត​។ ជាងនេះទៅទៀត​មន្ត្រី​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្តកំពង់ឆ្នាំង បាន​ឲ្យ​ដឹងថា​ករណី​កងវិស្វកម្ម​ជីកដី​ដឹកជញ្ជូន​តាម​រថយន្ត​ធំៗ​នោះ គឺ​ពុំមាន​សុំ​ការអនុញ្ញាត​ពី​មន្ទីរ​រ៉ែ និង​ថាមពល​ឡើយ​។

មន្ត្រីរាជការ​និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្តកំពង់ឆ្នាំង បាន​ឲ្យ​ដឹងថា អ្នក​នៅ​ពីក្រោយ​កងវិស្វកម្ម​ប្រើប្រាស់​រថយន្ត​ដឹក​ដី​ធំៗ​៤​ទៅ​៥​គ្រឿង​ដែល​កំពុង​ធ្វើ​សកម្មភាព​នៅ​ភូមិ​ត្រពាំង​ស្បូវ ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ ទំនង​ជាមាន​ខ្នងបង្អែក​រឹងមាំ​ទើប​គេ​មិន​សុំ​ការអនុញ្ញាត​ពី​មន្ទីរ​សាធារណការ ក៏ដូចជា​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្តកំពង់ឆ្នាំង​។ ហេតុនេះ​លោក ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង គួរ​ពិនិត្យ​និង​ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់ ព្រោះ​រថយន្ត​ដឹក​ដី​ធំៗ​ផ្ទុក​លើស​ចំណុះ​កំពុង​បំផ្លាញ​ផ្លូវ​កៅស៊ូ​លេខ​៥៣ និង​ផ្លូវលំ​ក្នុង​ឃុំ​ស្រែ​ថ្មី បណ្ដាល​ឲ្យ​ខូចខាត​ជា​បន្តបន្ទាប់​រយៈពេល​ប្រមាណ​១​សប្ដាហ៍​កន្លងទៅនេះ​។ ប្រជាពលរដ្ឋ​បាន​រំលឹកថា​កន្លងមក​ធ្លាប់មាន​រថយន្ត​ដឹក​ថ្មភ្នំ​ផ្ទុក​ចាប់ពី​៦០​តោន​ឡើងទៅ​ធ្វើ​ឲ្យ​ខូច​ផ្លូវ​ក្នុង​ខេត្តកំពង់ឆ្នាំង​ជា​បន្តបន្ទាប់ ដូច្នេះ​ករណី​កងវិស្វកម្ម​ប្រើប្រាស់​រថយន្ត​ធំៗ​បំផ្លាញ​ផ្លូវ​ក្នុងស្រុក​រលាប្អៀរ ជិត​១​សប្ដាហ៍​កន្លងទៅនេះ គឺជា​រឿង​ដែល​ក្រសួង​ពាក់ព័ន្ធ​ត្រូវ​ចាត់វិធានការ​ទប់ស្កាត់​ឲ្យ​បាន​ទាន់ពេលវេលា​មុនពេល​ផ្លូវ​កៅស៊ូ​លេខ​៥៣​ត្រូវ​ខូច​ទាំងស្រុង​៕

dsc00443 20160918_072627 dsc00442