លោក កឹម សុខា បញ្ជាក់ថា តើ​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​នេះ ខ្មែរ​យើង​អាច​ជួបជុំ​ក្រុមគ្រួសារ​នយោបាយ​ខ្មែរ​វិញ​បានដែរ​ឬទេ​?

ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ដែល​ស្ថានភាព​នយោបាយ លទ្ធិប្រជាធិបតេយ្យ និង​ការគោរព​សិទ្ធិមនុស្ស​នៅ​ប្រទេស​កម្ពុជា​កំពុងមាន​ភាព​អាប់អួ​ខ្លាំង​នោះ លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ម្សិលមិញ​នេះ បាន​បញ្ជាក់ថា តើ​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​នេះ​ខ្មែរ​យើង​អាច​ជួបជុំ​ក្រុមគ្រួសារ​នយោបាយ​ខ្មែរ​វិញ​បានដែរ​ឬទេ​?

ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ លោក កឹម សុខា បាន​ពន្យល់ថា រដូវ​ភ្ជុំបិណ្ឌ​គឺជា​ឱកាស​ជួបជុំគ្នា​ក្នុង​ក្រុមគ្រួសារ​ធ្វើអំពើ​ល្អ ដើម្បី​ឧទ្ទិស​កុសលផល​បុណ្យ ជូន​ដល់​បុព្វការី​ជន​រៀងៗ​ខ្លួន​។ លោក កឹម សុខា បាន​សម្តែង​ការយល់ឃើញថា បើ​អ្នកនយោបាយ​ខ្មែរ​ប្រកាន់យក​នូវ​ព្រហ្ម​វិហារធម៌​ទាំង​៤​គឺៈ មេ​ត្ដា ករុណា មុទិតា​និង ឧបេក្ខា ហើយ​បោះបង់ចោល​នូវ​អកុសលធម៌​ទាំង​៣​គឺ លោភៈ ទោសៈ និង​មោហៈ នោះ​គ្រួសារ​នយោបាយ​ខ្មែរ​យើង​នឹង​អាច​ជួបជុំគ្នា កសាង​សេចក្ដីសុខ​សន្ដិភាព​ជាមួយ​គ្នា ដើម្បី​ផលប្រយោជន៍​ជាតិ និង​ប្រជាពលរដ្ឋ​ខ្មែរ​យើង​។ លោក កឹម សុខា បានបញ្ជាក់​ទៀតថា បើ​យើង​ធ្វើដូច្នេះបាន នោះ​ពិតជា​បុណ្យ​កុសល​ដ៏​ធំធេង​ណាស់ មិនមែន​សម្រាប់តែ​បុព្វការី​ជន​យើង​ទេ គឺ​សម្រាប់​ខ្លួន​យើង និង​កូនចៅ​យើង​ជំនាន់​ក្រោយ​ផង​។​ ​

គួរ​បញ្ជាក់ថា ការលើកឡើង​របស់លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ គឺ​បាន​ធ្វើឡើង​ស្រប​ពេលដែល​ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ក្នុងឆ្នាំនេះ​ស្ថានភាព​នយោបាយ លទ្ធិប្រជាធិបតេយ្យ និង​ការគោរព​សិទ្ធិមនុស្ស​នៅ​ប្រទេស​កម្ពុជា​ក៏​កំពុងមាន​ភាព​អាប់អួ​ខ្លាំង​ផងដែរ​។ ការ​អាប់អួ​ក៏​ដោយសារតែ​មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ជា​គណបក្សជំទាស់ និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ព្រមទាំង​មន្ត្រីជាន់ខ្ពស់​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត កំពុងតែ​ជាប់ឃុំ​នៅក្នុង​ពន្ធនាគារ និង​ជាប់​បណ្តឹង​នៅក្នុង​តុលាការ​ក្រោម​បទ​ចោទ​ផ្សេងៗ​ដែល​មជ្ឈដ្ឋាន​ទូទៅ​ចាត់ទុកថា​ជា​រឿង​នយោបាយ​។​

ជុំវិញ​បញ្ហា​ខាងលើនេះ លោក ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ថ្ងៃ​ម្សិលមិញ បាន​បញ្ជាក់ថា រដ្ឋាភិបាល​គណបក្ស​ប្រជាជន​កម្ពុជា​នឹង​គ្មាន​ការចរចា​នយោបាយ​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​នោះទេ​។ លោក ហ៊ុន សែន បាន​សង្កត់ធ្ងន់ថា វិបត្តិ​ដោះស្រាយ​ជាមួយនឹង​តុលាការ​មិនមែនជា​សម​ត្ថ​កិច្ច​របស់​គណបក្ស​នយោបាយ ហើយក៏​មិនមែនជា​សមត្ថកិច្ច​រប​ស់​រដ្ឋាភិបាល​នោះទេ​។ រឿង​ណា​ដែល​ទៅដល់​តុលាការ​ហើយ​គឺជា​រឿង​របស់​តុលាការ​លោក​អត់​ជ្រៀតជ្រែក​បានទេ​៕

14369942_1466459276704700_8429652838270618228_n