អ៊ិន សូដាវីដ ​ត្រូវ​កោះ​ហៅ​ចូល​ជម្រើស​ជាតិ​​ត្រឹម​វ័យ​១៨ឆ្នាំ​

​បើ​តាម​ការ​បង្ហោះ​របស់​ក្លឹប​បាល់ទាត់​ភ្នំពេញ​ក្រោន បាន​ឱ្យ​ដឹង​ថា​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​បាន​កោះហៅ​កីឡាករ​វ័យ​ក្មេង អ៊ិន សូដាវីដ ​ចូល​រួម​ក្រុម​ហើយ ​ដើម្បី​ត្រៀម​ខ្លួន​ប្រកួត​ពាន​រង្វាន់ AFF Suzuki Cup ​នៅ​ខែ​ក្រោយ​នេះ។

 អ៊ិន សូដាវីដ ​ត្រូវ​កោះ​ហៅ​ចូល​ជម្រើស​ជាតិ​​ត្រឹម​វ័យ​១៨ឆ្នាំ​ អ៊ិន សូដាវីដ

 

កីឡាករ​វ័យ​១៨​ឆ្នាំ​ខាង​លើ​កំពុង​តែ​បំពេញ​ភារកិច្ច​លេង​ឱ្យ​ក្រុម U19 ​កម្ពុជា ​ដោយ​ត្រូវ​ប្រកួត​ល្ងាច​នេះ​ទល់​និង​ក្រុម​ឥណ្ឌូនេស៊ី ដើម្បី​បង្គ្រប់​កិច្ច​ក្នុង​ពាន​រង្វាន់ AFF U19 Championship ​នៅ​ប្រទេស​វៀតណាម។ ខណៈ​ដែល​ការ​កោះហៅ​នេះ ខ្សែ​បម្រើ​ប្រយុទ្ធ​របស់​ក្រោន​រូប​នេះ​នឹង​ត្រូវ​ចូល​រួម​ជាមួយ​ក្រុម​ជម្រើស​ជាតិ​ទៅ​ហ្វឹកហាត់​នៅ​ប្រទេស​សិង្ហបុរី​ផង​ដែរ ។

 

ដេវីដ ​ជា​យុវជន​របស់​ក្រោន ​ដែល​ចូល​ហ្វឹកហាត់​បាល់ទាត់​កាល​ពី​ដើម​ឆ្នាំ​២០១១​កន្លង​ទៅ។ ខ្សែ​បម្រើ​រូប​នេះ ចាប់​ផ្ដើម​ចូល​លេង​នៅ​ក្រុម​ធំ​របស់​ក្រោន ​ក្នុង​ពាន​រង្វាន់​លីគ​កំពូល​កម្ពុជា​ទល់​នឹង​ក្រុម​វេស្ទើន ​កាល​ពី​ឆ្នាំ​មុន ​ក្នុង​វ័យ​១៧​ឆ្នាំ ​២​ខែ​និង​២៤​ថ្ងៃ៕

 

អត្ថបទ៖ មុន្នី រម្យ