២​ថ្ងៃ​ទៀត តុលាការ នឹង​កាត់ក្តី​លោក នី ចរិយា លើ​សំណុំរឿង​ផ្សេង ក្រៅពី​រឿងស្រី​មុំ​ និពន្ធដោយ : ម៉ៅ សុផា       September-20-2016, 11:51 am         396

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132២​ថ្ងៃ​ទៀត តុលាការ នឹង​កាត់ក្តី​លោក នី ចរិយា លើ​សំណុំរឿង​ផ្សេង ក្រៅពី​រឿងស្រី​មុំ​​ភ្នំពេញ​៖ នៅ​ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០១៦ សាលាដំបូង​រាជធានី​ភ្នំពេញ នឹង​បើកសវនាការ ដើម្បី​ជំនុំជម្រះ​លើ​លោក នី ចរិយា ដែល​ពាក់ព័ន្ធ​នឹង​ការបរិហារកេរ្តិ៍​ជា​សាធារណៈ​លើ ព្រះរាជអាជ្ញា និង​ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​ខេត្តសៀមរាប កាលពី​ឆ្នាំ​២០១៥​។ លោក នី ចរិយា ត្រូវបាន​ប្តឹង​ដោយ លោក សុខ កែវ​បណ្ឌិត ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តសៀមរាប និង​លោក គី ឫទ្ធី ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្តសៀមរាប​។

​លោក នី ចរិយា អគ្គលេខាធិការរងរ​បស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គជប​) រួមទាំង​មេធាវី​របស់លោក នឹងចូលរួម​ក្នុង​សវនាការ តាម​ដីកាកោះ​។ នេះ​ជាការ​អះអាង​របស់លោក សំ សុ​គង់ ដែលជា​មេធាវី​របស់លោក នី ចរិយា​។​

​លោក សំ សុ​គង់  បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​ថា លោក បានស្នើ​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ចំនួន​៤​នាក់​ផ្សេងទៀត ចូលរួម​ក្នុង​សវនាការ​ដែរ ដើម្បី​ធ្វើជា​សាក្សី ក្នុង​សំណុំរឿង​របស់លោក នី ចរិយា ដែល​ត្រូវបាន​ចោទប្រកាន់​។​

​លើសពីនេះ​ទៀត លោក សំ សុ​គង់ ក៏បាន​ស្នើ​ឲ្យ​សាលាដំបូង​រាជធានី​ភ្នំពេញ កោះហៅ​ដើមបណ្តឹង​ទាំងពីរ​នាក់ គឺ​លោក សុខ កែវ​បណ្ឌិត និង​លោក គី ឫទ្ធី ឲ្យ​ចូល​សវនាការ​ផងដែរ ដើម្បី​សួរ​ដេញ​ដោយ​ជាមួយ​លោក នី ចរិយា​។ លោក​មេធាវី​រូបនេះ បានបញ្ជាក់​ដូច្នេះ​ថា​៖«​វា ជា​បំណង​របស់គាត់ (​លោក​នី ចរិយា​) ដែល​ចង់​ឲ្យ​ដើមបណ្តឹង​ទាំងពីរ​ហ្នឹង ចូល​សវនាការ​ដែរ ដើម្បី​តទល់​គ្នា ក្នុង​តុលាការ​»​។

​រហូតមកដល់​ពេលនេះ លោក សំ សុ​គង់ មិនទាន់​ទទួលបាន​ការឆ្លើយតប​ជា​ផ្លូវការ ពី​សាលាដំបូង​រាជធានី​ភ្នំពេញ​នោះទេ ទាក់ទង​នឹង​សំណើ​របស់លោក ដែល​ចង់​ឲ្យ​ដើមបណ្តឹង​ចូលរួម​ក្នុង​សវនាការ​។ ប៉ុន្តែ ក្រឡាបញ្ជី របស់​ចៅក្រម​ជំនុំជម្រះ ដែល​កាន់​សំណុំរឿង​របស់លោក នី ចរិយា បាន​ប្រា​ប់លោក សំ សុ​គង់ ថា កំពុងតែ​ចាត់ការ​លើ​សំណើ​នេះ​។

​កាលពី​ឆ្នាំ​២០១៥ ប្រជាពលរដ្ឋ​ក្នុង​ខេត្តសៀមរាប មាន​ជម្លោះដីធ្លី ជាមួយនឹង​ក្រុមហ៊ុន​ឯកជន​មួយ​។ បន្ទាប់មក តុលាការ​ខេត្តសៀមរាប ក៏បាន​ឃាត់ខ្លួន​ប្រជាពលរដ្ឋ​ពីរ​នាក់ ក្នុង​សំណុំរឿង​ដីធ្លី​នេះ​។ រីឯ​លោក នី ចរិយា ដែល​កាលនោះ​ជា​មន្ត្រីជាន់ខ្ពស់​របស់​អង្គការ​អាដហុក បានចេញ​មុខ ជួយ​ពលរដ្ឋ ដែលមាន​ជម្លោះដីធ្លី និង​អ្នក​ដែល​ត្រូវបាន​តុលាការ​ឃាត់ខ្លួន​។ នេះ បើតាម​ការរៀបរាប់រ​ប​ស់លោក សំ សុ​គង់​។

​លោក សំ សុ​គង់ មិនបាន​បកស្រាយ​ថា លោក នី ចរិយា វាយប្រហារ ឬ​រិះគន់​តុលាការ​ខេត្តសៀមរាប យ៉ាងណា​នោះទេ​។  ប៉ុន្តែ​លោក សំ សុ​គង់ គ្រាន់តែ​បញ្ជាក់​យ៉ាងខ្លី​ថា មូលហេតុ ដែល​លោក នី ចរិយា ត្រូវបាន​ចោទ​ពីបទ បរិហារកេរ្តិ៍​ជា​សាធារណ គឺ​ដោយសារតែ​ការចេញមុខ តស៊ូ​មតិ​ក្នុង​រឿងក្តី​របស់​ប្រជាពលរដ្ឋ​នេះឯង​។

​ងាក​ចេញពី​សំណុំរឿង​ខាងលើ លោក នី ចរិយា ក៏​កំពុង​តែមាន​ភាពស្មុគស្មាញ​យ៉ាងខ្លាំង​ផងដែរ ក្នុង​សំណុំរឿង​របស់​កញ្ញា ខុម ចាន់​តា​រ៉ា​ទី ហៅ​ស្រីមុំ ដែល​គេ​សង្ស័យថា មានរឿង​អាស្រូវ​ស្នេហា​ជាមួយនឹង​ឯកឧត្តម កឹម សុខា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ​។ ទាក់ទង​នឹង​សំណុំរឿង​ស្រីមុំ​នេះ លោក នី ចរិយា ត្រូវបាន​ចោទ​ពីបទ «​សមគំនិត​ក្នុង​រឿង​សូកប៉ាន់​សាក្សី​»​។

​មិនមែន​តែ​លោក នី ចរិយា នោះទេ ដែល​ត្រូវបាន​ចោទប្រកាន់​ក្នុង​សំណុំរឿង​របស់​ស្រីមុំ សូម្បីតែ​មន្ត្រី​អាដហុក​បួន​រួប​ទៀត ក៏​ជាប់​ពាក់ព័ន្ធ​ក្នុង​សំណុំរឿង​នេះដែរ ហើយ​ត្រូវបាន​តុលាការ​រាជធានី​ភ្នំពេញ ចោទ​ពីបទ «​សូកប៉ាន់​សាក្សី​»​។ នៅ​ទីបំផុត លោក នី ចរិយា និង​មន្ត្រី​អាដហុក​ទាំង​៤​រូប គឺ លោក នី សុខា​, លោក យី សុខសាន្ត​, លោក ណៃ វង់​ដា និង​លោកស្រី លឹម មុន្នី ត្រូវបាន​តុលាការ​រាជធានី​ភ្នំពេញ សម្រេច​បញ្ជូន​ខ្លួន​ទៅ​ឃុំ​បណ្តោះអាសន្ន កាលពី​ថ្ងៃទី​២ ខែឧសភា ឆ្នាំ​២០១៦៕