​ឮថា​ចែក​ដី ផ្អើលមកភ្លូកទឹកភ្លូកដី

ខេត្តស្ទឹងត្រែង ៖ យ៉ាង​ហោច​ណាស់​មនុស្ស​ជាង​៣០០​នាក់ បាន​រំសាយ​ចេញពី​ការ​ប្រមូលផ្តុំ​ កាលពី​ព្រឹក​ថ្ងៃ​ទី​១៩ កញ្ញា និង​មនុស្ស​មួយ​ចំនួន​ទៀត​ បន្ត​ការ​តវ៉ា​ចាប់ដី​កាន់កាប់​នៅ​ចំណុច​ភូមិ​ច្រប់ ឃុំ​ក្បាល​រមាស ស្រុក​សេ​សាន ខេត្តស្ទឹងត្រែង ។

ក្រុម​មនុស្ស​ទាំងនោះ​ត្រូវ​បាន​អាជ្ញាធរ និង​សមត្ថកិច្ច​អះអាង​ថា ជា​ពលរដ្ឋ​រស់នៅ​តាម​បណ្តា​ស្រុក​-​ខេត្ត​មួយ​ចំនួន​ដែល​ភាគច្រើន​ជា​ជនជាតិ​ខ្មែរ​អ៊ិ​ស្លា​ម​នៅ​ចំណុច​ភ្នំ​ខៀវ ឃុំ​អូរ​ឫស្សី​កណ្តាល ស្រុក​សំបូរ ខេត្តក្រចេះ ជាប់​ព្រំប្រទល់​ខេត្តស្ទឹងត្រែង និង​នៅ​ខេត្ត​ត្បូង ឃ្មុំ កំពង់ចាម ។ ពលរដ្ឋ​ទាំងនោះ​ បាន​ចាញ់​ការ​ឃោសនា​របស់​ជនខិលខូច​ ដែល​បង្កើត​ពាក្យ​ចចាមអារ៉ាម​ពី​មាត់​មួយ​ទៅមាត់មួយ​ថា​ចៅហ្វាយខេត្ត​គ្រោង​ចែក​ដី​សម្បទាន​ស្របច្បាប់​ឱ្យ ទើប​ពួក​គាត់​ផ្អើល​លើកគ្នា​មក​ប្រមូលផ្តុំ​ដើម្បី​សុំ​ដី​នោះ ។

ប្រជាពលរដ្ឋ​ទាំងនោះ​បាន​ប្រាប់​អ្នក​សារព័ត៌មាន​កាលពី​ព្រឹក​ថ្ងៃ​ទី​១៩ កញ្ញា នៅ​បរិវេណ​សាលា​បឋម​សិក្សា​អូរ​លាង​ក្រួស ឃុំ​ក្បាល​រមាស ស្រុក​សេ​សាន​ថា ក្រោយ​ពី​ទទួល​ដំណឹង​ត​ៗ​គ្នា​ថា លោក​អភិបាល​ខេត្តស្ទឹងត្រែង​នឹង​បែងចែក​ដី​ជូន​ប្រជាពលរដ្ឋ​នៅ​ឃុំ​ក្បាល​រមាស ស្រុក​សេ​សាន ពួក​គាត់​ក៏​បាន​នាំ​គ្នា​មក​ជួបជុំ​គ្នា​នៅ​ទីតាំង​ខាងលើ​នោះ​តែ​ម្តង​ដោយ​ពុំ​បានដឹង​ថា ជា​ការ​ផ្សព្វ​ផ្សាយ ដំណឹង​មិន​ពិត​នោះ​ទេ ។

ប្រភព​ព័ត៌មាន​ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ​មួយ​ចំនួន​បាន​ទៅ​កាប់​ទន្ទ្រាន​យក​ដី​ក្រុមហ៊ុន​ភូមិ​ម៉ា​ឌី ស្ថិត​នៅ​ឃុំ​ក្បាល​រមាស ស្រុក​សេ​សាន បន្ទាប់​មក​ត្រូវ​បាន​ហាមឃាត់​ដោយ​នាយក​ក្រុមហ៊ុន​លោក ឈុ​ន កុសល និង​អាជ្ញាធរ​ស្រុក​ប្រាប់​ថា ដី​នោះ​ស្ថិត​ក្នុង​គម្រោង​ផែនការ​ដាំ​ដុះ​របស់​ក្រុមហ៊ុន ។ ប៉ុន្តែ​ប្រជាពលរដ្ឋ​ដែល​ចូល​ទៅ​កាប់​ព្រៃ​នោះ​អះអាង​ថា ដី​ចំណុច​នោះ​ជា​ដី​ព្រៃ​សហគមន៍ និង​ដី​រដ្ឋ​មិន​មាន​ពាក់ព័ន្ធ​ជាមួយ​ក្រុមហ៊ុន​នោះ​ទេ ។

នៅ​រសៀល​ថ្ងៃ​ទី​១៨ កញ្ញា អាជ្ញាធរ​បាន​ជួប​តំណាង​ក្រុមហ៊ុន និង​ប្រជាពលរដ្ឋ​ដោយ​គ្រោង​ថា នៅ​ព្រឹក​ទី​១៩ កញ្ញា ២០១៦ នឹង​ចុះ​ទៅ​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​នៅ​ឃុំ​ក្បាល​រមាស បន្ថែម​ទៀត ក្នុង​បំណង​បញ្ឈប់​ការ​កាប់​រាន​ដី​ព្រៃ​ប៉ះពាល់​ដល់​ដី​ក្រុមហ៊ុន ។

ប្រភព​បន្ត​ថា ក្រោយ​ទទួល​ដំណឹង​ថា លោក​អភិបាលខេត្ត​ចុះ​ទៅ ស្រាប់តែ​ក្រុម​មេខ្យល់​បាន​ទៅ​កៀងគរ​ផ្សព្វផ្សាយ​ថា នៅ​ព្រឹក​ថ្ងៃ​ទី​១៩ កញ្ញា លោក​អភិបាលខេត្ត​អញ្ជើញ​ចុះ​មក​ចែក​ដី​នៅ​ភូមិ​ច្រប់ ឃុំ​ក្បាល​រមាស ស្រុក​សេ​សាន ទើប​ពួក​គេ​លើកគ្នា​ទៅ​ទាំង​ហ្វូង​បែប​នេះ ។ក្រោយ​ការ​ជួបជុំ​ប្រមូលផ្តុំ​គ្នា​នោះ អាជ្ញាធរ​ភូមិ​-​ឃុំ​-​ស្រុក​បាន​ពន្យល់​ហេតុផល​ប្រាប់​ទៅ​ប្រជាពលរដ្ឋ​ទាំងនោះ ទើប​ពួក​គេ​រំសាយ​ដោយ​មាន​អន្តរាគមន៍​ពី​កងកម្លាំងប្រដាប់អាវុធ​រាប់​សិប​នាក់​ផង​ដែរ ៕