ព្យុងយ៉ាង​សាកល្បង​ជើង​ទម្រ​បាញ់​រ៉ុកកែត​ជោគជ័យ បងធំ​គីម​ចង់​ឲ្យ​បាញ់​ផ្កាយរណប​មួយ​ទៀត

ព្យុងយ៉ាង​សាកល្បង​ជើង​ទម្រ​បាញ់​រ៉ុកកែត​ជោគជ័យ បងធំ​គីម​ចង់​ឲ្យ​បាញ់​ផ្កាយរណប​មួយ​ទៀត

សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ បានធ្វើការសាកល្បងជោគជ័យមួយទៀត នូវជើងទម្របាញ់រ៉ុកកែតថ្មី ដែលនឹងអនុញ្ញាតឲ្យប្រទេសនេះ អាចបាញ់បង្ហោះផ្កាយរណប និងមីស៊ីលអន្តរទ្វីបបានយ៉ាងស្រួល ហើយជាមួយគ្នានេះដែរ មេដឹកនាំផ្ដាច់ការលោក Kim Jong-un ក៏បានជំរុញឲ្យអ្នកវិទ្យាសាស្ត្រ និងវិស្វករក្នុងប្រទេស រៀបចំការបាញ់ផ្កាយរណបឆាប់ៗខាងមុខដែរ ។

ការប្រកាសពីភាពជោគជ័យ និងជំរុញឲ្យមានការបង្ហោះផ្កាយរណបនេះ គឺជាការវិវត្តន៍ចុងក្រោយ នៃកម្មវិធីអភិវឌ្ឍមីស៊ីលរបស់កូរ៉េខាងជើង ហើយទន្ទឹមនឹងនេះ អាមេរិក និងចិនបានយល់ស្របគ្នា ដើម្បីសហការគ្នាបន្ថែម លើឆាកអង្គការសហប្រជាជាតិ ដើម្បីដោះស្រាយបញ្ហាការសាកល្បងគ្រាប់បែកនុយក្លេអ៊ែរលើកទី៥របស់ព្យុងយ៉ាង ។

ទោះជាយ៉ាងនេះក្ដី អាមេរិកបានបង្ហាញចេតនា ចង់បង្កើនទណ្ឌកម្មបន្ថែមដល់កូរ៉េខាងជើង តែប៉េកាំងមិនបានបញ្ជាក់គោលជំហរគាំទ្រចំពោះគំនិតនេះទេ ដោយគេគិតថា ការដាក់ទណ្ឌកម្មបន្ថែមនឹងមិនអាចដោះស្រាយបញ្ហាបានឡើយ ។

សូមបញ្ជាក់ថា ជោគជ័យនៃជើងទម្រលើកនេះ នឹងធ្វើឲ្យព្យុងយ៉ាងមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីបង្ហោះផ្កាយរណបជាច្រើនប្រភេទ ក្នុងនោះក៏មានផ្កាយរណបសម្រាប់សង្កេតមើលផែនដីដែរ ហើយអ្នកឃ្លាំមើលកូរ៉េខាងជើងបាននិយាយថា វាជាសញ្ញាណមួយដែលបញ្ជាក់ថា មិនយូរមិនឆាប់ ព្យុងយ៉ាងនឹងបាញ់រ៉ុកកែតរយៈចម្ងាយឆ្ងាយមួយទៀត ។

គួររម្លឹកថា កាលពីដើមឆ្នាំ២០១៦នេះ ព្យុងយ៉ាងធ្លាប់បាញ់ផ្កាយរណបមួយហើយ ដោយគេអះអាងថា គេចង់អភិវឌ្ឍសមត្ថភាពកម្មវិធីអវកាសរបស់ខ្លួន តែអាមេរិកមើលឃើញសកម្មភាពទាំងនោះថា វាគ្រាន់ជាការបិទបាំងការពិតមួយប៉ុណ្ណោះ ការពិតដែលគេអភិវឌ្ឍមីស៊ីលរយៈចម្ងាយ ៕

ប្រភព ៖ kqube

  • ព្យុងយ៉ាង​សាកល្បង​ជើង​ទម្រ​បាញ់​រ៉ុកកែត​ជោគជ័យ បងធំ​គីម​ចង់​ឲ្យ​បាញ់​ផ្កាយរណប​មួយ​ទៀត已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/09/20  Category:កំសាន្ត
Tags: