​លោក អេង ឆៃអ៊ាង ពន្យល់​ដល់​និស្សិត​សាកលវិទ្យាល័យ​បាត់ដំបង​អំពី​តួនាទី​របស់​រដ្ឋសភា​

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​ប្រធាន​គណៈកម្មការ​សិទ្ធិមនុស្ស ទទួល​ពាក្យបណ្ដឹង អង្កេត​និង​ទំនាក់ទំនង​រដ្ឋសភា ព្រឹទ្ធសភា នៃ​រដ្ឋសភា លោក អេង ឆៃអ៊ាង ថ្មីៗ​នេះ​បាន​អញ្ជើញ​ជួប​សំណេះសំណាល​និង​ធ្វើ​បទ​បង្ហាញ​ពី​តួនាទី ភារកិច្ច​របស់​រដ្ឋសភា ជូន​ដល់​ក្រុមនិស្សិត​ប្រមាណ​៣០​នាក់ មកពី​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង​និង​សេដ្ឋកិច្ច​ខេត្តបាត់ដំបង​។​

ក្នុងឱកាស​ខាងលើនេះ លោក អេង ឆៃអ៊ាង បានធ្វើ​បទ​បង្ហាញជូន​ដល់​និស្សិត​ទាំងអស់​ដែល​អញ្ជើញ​មកពី​ខេត្តបាត់ដំបង​ឲ្យ​យល់​អំពី​តួនាទី​និង​ភារកិច្ច​សំខាន់​ទាំង​៣​របស់​តំណាងរាស្ត្រ ដែល​ក្នុងនោះ​រួមមានៈ ទី​១-​ជា​អ្នក​ពិភាក្សា​និង​អនុម័ត​សេចក្ដីព្រាងច្បាប់ ឬ​សេចក្ដីស្នើច្បាប់ ទី​២-​ជា​អ្នកពិនិត្យ​តាមដាន​ការអនុវត្ត​ច្បាប់​របស់​ស្ថាប័ន​នីតិប្រតិបត្តិ និង​ទី​៣-​គឺ​ភាពជា​តំណាង​របស់​ប្រជាពលរដ្ឋ​នៅ​ទូទាំងប្រទេស ដោយ​ត្រូវ​ចុះ​ស្វែងយល់​ពី​សុខទុក្ខ​និង​សំណូមពរ​ផ្សេងៗ​របស់​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន​ឲ្យ​បាន​ទាន់ពេលវេលា​។

​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង បាន​ពន្យល់​ទៀតថា ក្រៅពី​តួនាទី​ភារកិច្ច​ដូចខាងលើ រដ្ឋសភា​ក៏មាន​ភារកិច្ច​ស្នូល​ជាច្រើន​ទៀត ដូចជា​ការចូលរួម​ធ្វើ​សិក្ខាសាលា​ផ្សេងៗ​ដែល​ទាក់ទង​នឹង​ច្បាប់ ការធ្វើទំនាក់ទំនង​និង​កិច្ចសហប្រតិបត្តិការ​ផ្នែក​នីតិបញ្ញត្តិ ទាំង​ក្នុង​តំបន់ និង​អន្តរជាតិ ជា​ទ្វេភាគី ពហុភាគី មានការ​បង្កើតជា​ក្រុម​មិត្តភាព​សភា ជាមួយ​សភា​នៃ​ប្រទេស​នានា​លើ​សកលលោក ហើយ​ក៏មាន​ការចូល​ជា​សមាជិក​អង្គការ​សភា​ផ្សេងៗ​ជាច្រើន​ទៀតផង​ដែរ​។​

គួរ​បញ្ជាក់ថា នៅក្នុង​រដ្ឋសភា​ក៏មាន​អង្គភាព​មួយទៀត​សំខាន់​ផងដែរ​នោះ​គឺ អគ្គលេខាធិការដ្ឋានរ​ដ្ឋ​សភា ហើយ​តួនាទី​ភារកិច្ច​របស់​អគ្គលេខា​ធិ​ការដ្ឋាន​រដ្ឋសភា ជា​សេនាធិការ​ផ្ទាល់​របស់​រដ្ឋសភា ដោយ​ទទួល​រ៉ាប់រង​នូវ​កិច្ចការរដ្ឋបាល​គ្រប់បែបយ៉ាង​របស់​រដ្ឋ​សភា ជា​អ្នកផ្ដល់​សេវា​ជូន​ដល់​ថ្នាក់ដឹកនាំ​រដ្ឋសភា គណៈកម្មការ​នានា ក៏ដូចជា​តំណាងរាស្ត្រ​ទាំងអស់​ក្នុង​រដ្ឋសភា ជា​អ្នក​កត់ត្រា​កំណត់ហេតុ​របស់​រដ្ឋសភា និង​ការធ្វើទំនាក់ទំនង​ផ្សេងៗ​ទាំង​ក្នុង​និង​ក្រៅប្រទេស​ផងដែរ​៕

14291791_842933689141307_2534632673570252061_n 14322327_842935112474498_7268852156979761217_n 14358972_842932705808072_5613255605376616758_n 14364851_842933725807970_2999140755402413365_n