ឈ្មួញ​ឈ្មោះ​ឧកញ៉ា ល័​ក្ខ ល្បី​ទាំង​ខាង​ដឹកឈើ​ទៅ​ស្រុក​យួន និង​នាំចូល​ប្រេងសាំង​គេចពន្ធ​

ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​ខេត្តមណ្ឌលគិរី ជាពិសេស​នៅ​ក្រុង​សែន​មនោ​រម្យ សុទ្ធតែ​បាន​ស្គាល់​យ៉ាងច្បាស់​នៅ​ឧកញ៉ា​ម្នាក់​ឈ្មោះ អ៊ឹង ស៊ី​តាត​វរៈ ហៅ​ឧកញ៉ា ល័​ក្ខ ដែល​ល្បីល្បាញ​ខាង​ដឹកជញ្ជូន​ឈើ​ទៅ​ស្រុក​យួន​និង​នាំចូល​ប្រេងសាំង​គេចពន្ធ​មក​ចែកចាយ​ក្នុង​ខេត្តមណ្ឌលគិរី​។ កន្លែង​ស្តុក​ប្រេងសាំង​ដ៏​ធំ​របស់​ឧកញ៉ា ល័​ក្ខ នៅ​ផ្លូវ​ចេញពី​ទី​រួម​ខេត្តមណ្ឌលគិរី ទៅ​ច្រក​ដាក់​ដាំ​មាន​ទំហំ​យ៉ាង​ធំ​អាច​ស្តុក​ប្រេងសាំង​បាន​រាបលាន​លីត្រ និង​អាច​ទទួលផល​ចំណេញ​យ៉ាងច្រើន​។ ហេតុនេះហើយ​ទើប​ឧកញ៉ា ល័​ក្ខ មាន​ភូមិគ្រឹះ​ដ៏​ធំ​នៅក្នុង​ខេត្តមណ្ឌលគិរី ហើយ​ជា​ឈ្មួញ​ដែល​ប្រជាពលរដ្ឋ​ទូទៅ​បាន​ស្គាល់ឈ្មោះ​គ្រប់ៗ​គ្នា​នៅ​ទី​រួម​ខេត្តមណ្ឌលគិរី​។

មុខ​ជំនួញ​ឧកញ៉ា ល័​ក្ខ ក្នុង​ការនាំ​ប្រេងសាំង​គេចពន្ធ​ពី​ស្រុក​យួន​មក​ចែកចាយ​ក្នុង​ខេត្តមណ្ឌលគិរី អាចធ្វើ​ឲ្យ​រដ្ឋ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយខែៗ ដូច្នេះ​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ គួរ​ពិនិត្យឡើងវិញ​ជាបន្ទាន់​។ ការដែល​ឧកញ៉ា ល័​ក្ខ អាច​នាំចូល​ប្រេងសាំង​គេចពន្ធ​តាម​ច្រក​ដាក់​ដាំ និង​ច្រករបៀង​ផ្សេងៗ​ទៀត​មក​ចែកចាយ​ក្នុង​ខេត្តមណ្ឌលគិរី គឺអាច​មានការ​ត្រូវរ៉ូវ​ជាមួយ​ប្រធាន​សាខាគយ និង​រដ្ឋាករ​ខេត្តមណ្ឌលគិរី ក៏ដូចជា​គយ​ចល័ត​នៅក្នុង​ខេត្ត​នេះ ជាពិសេស​សមត្ថកិច្ច​តាម​ច្រកព្រំដែន​និង​ច្រករបៀង​។ ការ​នាំចូល​ប្រេងសាំង​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ពី​ស្រុក​យួន​មក​ស្តុក​ទុក​ក្នុង​ខេត្តមណ្ឌលគិរី អាចធ្វើ​ឲ្យ​ឧកញ៉ា ល័​ក្ខ បន្ត​ដឹកជញ្ជូន​ប្រេង​ទាំងនោះ​ទៅ​ចែកចាយ​តាម​បណ្ដា​ខេត្ត​ផ្សេងទៀត ប្រមូល​លុយ​ធ្វើ​មាន​ធ្វើបាន​យ៉ាង​សុខ​ស្រួល​។

ប្រភព​ដែល​ស្និទ្ធ​នឹង​ឧកញ៉ា ល័​ក្ខ បាន​ឲ្យ​ដឹងថា ឈ្មួញ​រូបនេះ​គឺជា​នាយក​ក្រុមហ៊ុន​ឌី​ធី​ស៊ី​( D.T.C ) ដាំ​កៅស៊ូ​នៅ​ឃុំ​ពូ​ជ្រៃ ស្រុក​ពេ​ជ្រា​ដា ហើយ​ឈ្មួញ​រូបនេះ​តែង​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ប្រណី​តទៅ​ស្រុក​យួន​ដោយ​ពុំមាន​សមត្ថកិច្ច​ណា​ហ៊ាន​ប៉ះពាល់​ឡើយ ព្រោះ​ឈ្មួញ​ម្នាក់នេះ​មាន​ខ្នងបង្អែក​រឹងមាំ​នៅ​ភ្នំពេញ​។ មន្ត្រី​គយ​តូចតាច​បាន​បង្ហើប​ឲ្យ​ដឹងថា​ឧកញ៉ា ល័​ក្ខ ទទួលបាន​អាជ្ញាប័ណ្ណ​ពី​អគ្គនាយក​គយ និង​រដ្ឋាករ ក្នុងការ​នាំចូល​ប្រេងសាំង​២៤០​តោន​ក្នុង​មួយខែ​សម្រាប់​យកមក​ផ្គត់ផ្គង់​នៅក្នុង​ខេត្តមណ្ឌលគិរី​។ ប៉ុន្តែ​តាម​ពិនិត្យ​ជាក់ស្ដែង​ឧកញ៉ា ល័​ក្ខ នាំចូល​ប្រេងសាំង​គេចពន្ធ​ច្រើនជាង​អាជ្ញាប័ណ្ណ​រាប់សិប​ដង ហើយ​ប្រេងសាំង​ទាំងនោះ​ត្រូវ​ដឹក​ទៅ​ចែកចាយ​តាម​បណ្ដា​ខេត្ត​ដទៃទៀត​។ បញ្ហា​នេះ​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក៏ដូចជា​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ គួរ​ពិនិត្យឡើងវិញ​ជាបន្ទាន់​ព្រោះ​ករណី​ឧកញ៉ា ល័​ក្ខ នាំចូល​ប្រេងសាំង​គេចពន្ធ​បានធ្វើ​ឲ្យ​រដ្ឋ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយខែៗ​៕

1000741

លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

ka-19-09-2016-10