ប្រុសៗ​ជក់​បារី​ ស្រីៗ​​ស្រលាញ់​អត់?

នៅ​ក្នុង​ចម្រៀង​មួយ​បទ​ដែល​មាន​ចំណង​ជើង​ថា​ “ប្រុស​ដែល​ខ្ញុំ​ស្រលាញ់” មាន​ពាក្យ​មួយ​ឃ្លា​ដែល​អ្នក​ចម្រៀង​បាន​ច្រៀង​ថា​ “…​​ប្រុស​ដែល​ខ្ញុំ​លួច​បេតី ​កំពុង​ញ៉ាំ​បារី​ ធ្វើ​ជា​ហី​មិន​ដឹង​ខ្លួន…”។ តើ​យុវវ័យ​សម័យ​ថ្មី​​មាន​ទស្សនៈ​បែប​ណា​ដែរ ពិសេស​​​នារី​ៗ​តើ​ស្រលាញ់​បុរស​ដែល​ចេះ​ពិសា​បារី​​រឺ​អត់?

 

ប្រុសៗ​ជក់​បារី​ ស្រីៗ​​ស្រលាញ់​អត់?

 

កញ្ញា​ ផុន សុខហ័ង អាយុ​២០ឆ្នាំ​ ជា​និស្សិត​ ឆ្នាំ​ទី​២ នៃ​​វិទ្យា​ស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ ​បា​ន​អោយ​ដឹង​ថា​ កញ្ញា​មិន​​សូវ​ចូល​ចិត្ត​បុរស​ចេះ​ជក់​បារី​នោះ​ទេ​។ កញ្ញា​គិត​ថា​វា​គ្មាន​ចំណុច​ត្រង់​ណា​ដែល​ថា​សង្ហា​ រឺ​ធ្វើ​អោយ​ទាក់​ទាញ​ចិត្ត​សម្រាប់​កញ្ញា​នោះ​ឡើយ​។ លើស​ពី​នេះ​ទៀត​ ​កញ្ញា​បាន​ប្រាប់​ថា​ខ្លួន​មិន​ស្រលាញ់​បុរស​ចេះ​ជក់​បារី​នោះ​ទេ​។ ​កញ្ញា​យល់​ថា​ការ​ពិសា​បារី​គឺ​នាំ​អោយ​មាន​ផល​ប៉ះ​ពាល់​ច្រើន​ ចំពោះ​សុខភាព​ខ្លួន​ ​និង​ អ្នក​ដទៃ​ដែល​ស្រូប​យក​ផ្សែង​បារី​ទាំង​នោះ​។ ម៉្យាង​ដោយ​សារ​លោក​ឪពុក​របស់​កញ្ញា​ក៏​ពិសា​បារី​ដែរ​ ម្ល៉ោះ​ហើយ​ទើប​កញ្ញា​បាន​មើល​​ឃើញ​ពី​គុណ​វិបត្តិ​នៃ​ការ​ជក់​បារី​ដោយ​ផ្ទាល់​។ មិន​តែ​ប៉ុណ្ណោះ​ រាល់​ថ្ងៃ​កញ្ញា​ក៏​ខំ​បញ្ចុះ​បញ្ចូល​ឪពុក​របស់​កញ្ញា​អោយ​បោះ​បង់​ផង​ដែរ។​​

 

ស្រដៀង​គ្នា​នេះ​ដែរ​ កញ្ញា​ សៀ សៀកល័ង​ មក​ពី​សកល​វិទ្យាល័យ​ន័រតុន​ឆ្នាំ​ទី​២ បាន​ប្រាប់​ក្រុម​ការងារ​សប្បាយ​ថា កញ្ញា​មិន​យល់​ស្រប​នោះ​ឡើយ​ដែល​ថា​ បុរស​ចេះ​ជក់​បារី​មើល​ទៅ​ឡូយ​ រឺ ​សង្ហា​។ ​កញ្ញា​ជឿ​ថា​ការ​ជក់​បារី​គឺ​វា​មិន​ល្អ​នោះ​ឡើយ​ព្រោះ​ខូច​សុខភាព​ ខ្ជះខ្ជាយ​លុយ​កាក់​ និង​ អាច​បណ្ដាល​អោយ​មាន​អគ្គីភ័យ​ទៀត​ផង​ប្រសិន​បើ​មិន​ប្រយ័ត្ន​ បោះ​កន្ទុយ​បារី​ចោល​ផ្ដេសផ្ដាស​។​ មួយ​វិញ​ទៀត​ វា​ក៏​​អាច​ប៉ះ​ពាល់​ដល់​សិទ្ធ​របស់​អ្នក​ដទៃ​ផង​ដែរ​​ ប្រសិន​បើ​គាត់​ជក់​នៅ​តាម​ទី​សាធារណៈ​។ យុវតី​អាយុ​១៩ឆ្នាំ​ រូប​នេះ​ បាន​និយាយ​ថា​បើ​មាន​សង្សារ​ចេះ​ជក់​បារី​ ហើយ​ហាម​មិន​ស្ដាប់​គឺ​កញ្ញា​សុំ​បែក​តែ​ម្ដង​។

 

ងាក​មក​យុវជន​វ័យ​២៣​ឆ្នាំ​​ដែល​ជា​មេការ​សំណង់​មក​ពី​ខេត្ត​ព្រៃ​វែង ឈ្មោះ ងិន​ ភួង ​​វិញ​ម្ដង​បាន​លើក​ឡើង​ថា​ ខ្លួន​លោក​ផ្ទាល់​ជា​បុរស​ក៏​មិន​គិត​ថា​ ការ​ជក់​បារី​អាច​លើក​សម្រស់​អោយ​មនុស្ស​ប្រុស​មាន​ភាព​សង្ហា​អី​នោះ​ដែរ។​​ លោក​បាន​រៀប​រាប់​ថា​៖ “តាម​ពិត​ទៅ កាល​ពី​​ក្មេង ​ខ្ញុំ​ក៏​ធ្លាប់​ជក់​បារី​ដែរ ដោយ​សារ​ពេល​នោះ​ស្រវឹង​ហើយ​ចង់​សាក​តាម​មិត្ត​ភក្តិ ប៉ុន្តែ​ឥលូវ​គឺ​ឈប់​ហើយ​ ព្រោះ​វា​ធ្វើ​អោយ​ធំ​ក្លិន​មាត់​ ពិបាក​និយាយ​ជា​មួយ​គេ​ ហើយ​ម៉្យាង​ធ្វើ​អោយ​​ក្អក ពិបាក​ក្នុង​ការ​អង្គុយ​ជិត​គេ៕

 

បើ​តាម​ការ​ស្រាវជ្រាវ​មួយ ដែល​ចុះ​ផ្សាយ​លើ​សារព័ត៌មាន Dailymail បាន​ឲ្យ​ដឹង​ថា បារី​មាន​ផ្ទុក​សារធាតុ​គីមី​ជាង ៤០០០ប្រភេទ ដែល​ក្នុង​នោះ​ប្រហែល ៧០​ប្រភេទ​អាច​បណ្ដាល​ឲ្យ​កើត​ជំងឺ​មហារីក និង​មាន​​សារធាតុ​ពុល​រាប់​រយ​ប្រភេទ​ផ្សេង​ទៀត។ ការ​ជក់​បារី​អាច​បណ្ដាល​ឲ្យ​ស្ទះ​ផ្លូវ​ដង្ហើម រលាក​ទង​សួត កើត​រោគ​មហារីក និង​ការ​ចុះ​ខ្សោយ​ផ្លូវ​ភេទ​ជាដើម។ ក្រៅ​ពី​នេះ ការ​ជក់​បារី​អាច​ធ្វើ​ឲ្យ​អ្នក​គេង​មិន​លក់ បាយ​មិន​បាន ឆាប់​ហេវហត់​អស់​កម្លាំង និង​កាត់​បន្ថយ​អាយុ​ផង​ដែរ។

 

ចំពោះ​ស្ត្រី​មាន​ផ្ទៃ​ពោះ​វិញ ការ​ជក់​បារី​អាច​បណ្ដាល​ឲ្យ​ទារក​កើត​មិន​គ្រប់​ខែ ឬ​ស្លាប់ និង​បង្ក​គ្រោះ​ថ្នាក់​ចំពោះ​ម្ដាយ។ ជាតិ​នីកូទីន​នៅ​ក្នុង​ថ្នាំ​ជក់ អាច​បណ្ដាល​ឲ្យ​ត្បៀត​សរសៃ​ឈាម​ក្នុង​ទង​សុក ដែល​ធ្វើ​ឲ្យ​បរិមាណ​អុកស៊ីហ្សែន​ផ្គត់ផ្គង់​ទៅ​គភ៌​មាន​ការ​ថយ​ចុះ ជា​ហេតុ​បង្ក​ហានិភ័យ​យ៉ាង​ខ្លាំង​ក្នុង​ពេល​ទារក​ប្រសូត។ បារី​គ្មាន​ប្រយោជន៍​ចំពោះ​សុខភាព​នោះ​ទេ គឺ​មាន​តែ​ផល​ប៉ះ​ពាល់​ម្យ៉ាង​ប៉ុណ្ណោះ៕
​​
ប្រិយមិត្តយល់យ៉ាងណាដែរ?

 

អត្ថបទ៖ ចន្ថា