ម្ចាស់​រោង​ម៉ាស៊ីន​កិន​ស្រូវ​ ស្នើ​​ធនាគារ​ឯក​ជន​កុំ​ឈរ​​ឱប​​ដៃ​មើល​ស្រូវ​ធ្លាក់​ថ្លៃ

ម្ចាស់​រោង​ម៉ាស៊ីន​កិន​ស្រូវ​ចង់​ស្នើ​ឲ្យ​មាន​ការ​ចូល​រួម​ផ្ដល់​ឥណទាន​ពី​ធនាគារ​ឯក​ជន​លើ​វិស័យ​កសិកម្ម ពិសេស​ស្រូវ អង្ករ ​ដើម្បី​ស្តា​ស្ថាន​ភាព​ដែល​កំពុង​ធ្លាក់​ចុះ​នៃ​តម្លៃ​ស្រូវ​​។​​​

 

ម្ចាស់​រោង​ម៉ាស៊ីន​កិន​ស្រូវ​ ស្នើ​​ធនាគារ​ឯក​ជន​កុំ​ឈរ​​ឱប​​ដៃ​មើល​ស្រូវ​ធ្លាក់​ថ្លៃ

 

លោក សុង សា​រ៉ន ម្ចាស់​រោង​ម៉ាស៊ីន​កិន​ស្រូវ បាន​បញ្ជាក់​ថា ឥណទាន​របស់​រាជរដ្ឋាភិបាល​បាន​បញ្ចេញ​សម្រាប់​ជួយ​ទប់​ទល់​នឹង​ការ​ធ្លាក់​ចុះ​តម្លៃ​ស្រូវ​គឺ​ជា​ចំណុច​វិជ្ជមាន​មួយ​ហើយ។ តែ​ទុន​ត្រូវ​ការ​គឺ​រហូត​ដល់​ជាង​២០០លាន​ដុល្លារ ហើយ​ឥណទាន​ពី​រាជរដ្ឋាភិបាល​តែ​​​​២៧​ លាន​ដុល្លារ ដូច្នេះ​​ទុន​នេះ​អាច​ជួយ​ដោះ​ស្រាយ​បាន​១០%​ ប៉ុណ្ណោះ។
ឆ្នាំ​នេះ​ កសិករ​ជួប​បញ្ហា​ដំណាក់​ការ​ធ្ងន់​ដោយ​ទិន្នផល​ស្រូវ​ច្រើន​ តែ​គ្មាន​អ្នក​ទិញ​ ពុំ​មាន​ថវិកា​រក​ឃ្លាំង​ស្តុក​ទុក គ្មាន​ឡ​សម្ងួត និង​ប្រទេស​វៀត​ណាម​មិន​បញ្ជា​ទិញ​​​ ជា​ហេតុ​ធ្វើ​ឲ្យ​កើត​វិបត្តិ​យ៉ាង​ខ្លាំង។ លោក​ថា ​កសិករ​អត់​មាន​ឡ​សម្ងួត​ទេ​នៅ​ពេល​​​​ប្រមូល​ផល ហើយ​ស្រូវ​អាច​ទុក​បាន​មិន​លើស​ពី​៤៨ម៉ោង​ឡើយ។ ​ដូច្នេះ​បើ​គ្មាន​ម៉ាស៊ីន​សម្ងួត ​ស្រូវ​ឆាប់​ខូច​រហូត​ខូច​ក្លាយ​ជា​ចំណី​សត្វ ធ្វើ​ឲ្យ​តម្លៃ​ធ្លាក់​ទាប។​​​​​​
ម្ល៉ោះ​ហើយ​ លោក​ស្នើ​ឲ្យ​ធនាគារ​ឯក​ជន​ទាំងអស់​ចូល​រួម​ ព្រោះ​កសិករ​ត្រូវ​ការ​ទុន​បន្ថែម​ទៀត សូម​ធនាគារ​កុំ​រឹត​បន្តឹង​ខ្លាំង​ពេក កុំ​អោប​ដៃ​មើល​ ព្រោះ​ពេល​នេះ​រដ្ឋ​បាន​ចូល​រួម​ហើយ។ “​​បើ​ធនាគារ​ឯក​ជន​មិន​ទម្លាក់​លុយ​មក​ទៀត កសិករ​ដឹង​តែ​ដេក​ម្មង ចឹង​ហើយ​សូម​ឲ្យ​ស្រុះ​ដៃ​គ្នា”។ លោក សារ៉ន​ បន្ថែម។

 

ម្ចាស់​រោង​ម៉ាស៊ីន​កិន​ស្រូវ​ ស្នើ​​ធនាគារ​ឯក​ជន​កុំ​ឈរ​​ឱប​​ដៃ​មើល​ស្រូវ​ធ្លាក់​ថ្លៃ

 

ដើម្បី​ជួយ​ដោះ​ស្រាយ​បញ្ហា​សម្ពាធ​ហិរញ្ញវត្ថុ​នេះ​ ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ រួម​ទាំង​ធនាគារ​ជាតិ​នៃ​កម្ពុជា​បាន​អំពាវ​នាវ​និង​លើក​ទឹក​ចិត្ត​ចំពោះ​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ​ទាំង​អស់​ សូម​បន្ត​ផ្ដល់​ឥណទាន​ ព្រម​ទាំង​បង្កើន​ទំហំ​ឥណទាន​ដល់​រោង​ម៉ាស៊ីន​កិន​ស្រូវ​ ក្រុមហ៊ុន​ឬ​ពាណិជ្ជករ​ប្រមូល​ទិញ​ស្រូវ​ តាម​លទ្ធភាព​ជាក់​ស្ដែង​ ដើម្បី​បង្កើន​លទ្ធភាព​ក្នុង​ការ​ប្រមូល​ទិញ​ស្រូវ​កសិផល​ និង​ការ​កែ​ច្នៃ​កសិផល​គ្រប់​ប្រភេទ​។ ក្រៅ​ពី​នេះ​ ពិនិត្យ​លទ្ធ​ភាព​អនុវត្ត​និង​អនុគ្រោះ​ចំពោះ​កសិករ​ជួប​ប្រទះ​បញ្ហា​ជាក់​ស្ដែង​ ដែល​មាន​ឥណទាន​ដល់​ការ​កំណត់​សង។

 

ជា​ការ​ឆ្លើយ​តប​សមាគម​ធនាគារ​នៅ​កម្ពុជា​និង​សមាគម​មីក្រូ​ហិ​រញ្ញវត្ថុ​កម្ពុជា ក្នុង​កិច្ច​ប្រជុំ​ដែល​រៀប​ចំ​ដោយ​ធនាគារ​ជាតិ​នៃ​កម្ពុជា បាន​ទទួល​យក​សំណើ​ទាំង​នេះ​ដើម្បី​ផ្សព្វផ្សាយ​ដល់​សមាជិក​សមាគម​ដែល​ជា​គ្រឹះ​ស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ សម្រាប់​យក​ទៅ​អនុវត្ត។

 

ថ្មី​ៗ​នេះ​ ប្រជា​កសិករ​បាន​ជួប​ប្រទះ​បញ្ហា​ប្រឈម​និង​មាន​ការ​លំបាក​ក្នុង​ការ​លក់​ផលិត​ផល​របស់​ខ្លួន​ ព្រម​ទាំង​ទទួល​រង​សម្ពាធ​ហិរញ្ញវត្ថុ​ ដោយ​សារ​តម្លៃ​កសិផល​បាន​បន្ត​ធ្លាក់​ចុះ​បន្តបន្ទាប់​ ពិសេស​ថ្លៃ​ស្រូវ​នៅ​ដើម​រដូវ​កាល​នៃ​ការ​ប្រមូល​ផល​ស្រូវ​ក្រ​អូប​ ដែល​ការ​ធ្លាក់​ថ្លៃ​នេះ បណ្ដាល​មក​ពី​កត្តា​ជា​ច្រើន ​រួម​មាន​អស្ថិរភាព​ថ្លៃ​លើ​ទីផ្សារ​អន្តរជាតិ​។ ទន្ទឹម​នោះ​ ការ​ធ្លាក់​ភ្លៀង​យ៉ាង​គំហុក​រយៈ​ពេល​ជិត​២សប្តាហ៍​កន្លង​មក​នេះ​ ​ក៏​អាច​ធ្វើ​ឲ្យ​មាន​ផល​ប៉ះ​ពាល់​ដល់​គុណ​ភាព ផលិតផល​និង​ការ​នាំ​ចេញ​ផង​ដែរ បើ​សិន​កសិករ​និង​​​អាជីវករ​ក្នុង​វិស័យ​កសិកម្ម​មិន​មាន​ទុន​សមស្រប​សម្រាប់​ប្រើ​ប្រាស់​គ្រប់​គ្រាន់​ក្នុង​រដូវ​ប្រមូល​ផល​៕

 

អត្ថបទ៖ លឹម សុ​នា