ក្រុង​ព្យុ​ង​យ៉ាង​អះអាង​ពី​ការ​សាកល្បង​ដោយ​ជោគជ័យ​នូវ​ម៉ូ​ទ័​រ​កាំជ្រួច​ថ្មី

យោង​តាម YONHAP ថា ទីភ្នាក់ងារ​ព័ត៌មាន​កណ្តាល​កូរ៉េ​ខាងជើង KCNA រាយការណ៍​នា​ថ្ងៃ​ទី​២០ កញ្ញា ថា ក្រុង​ព្យុ​ង​យ៉ាង​បាន​ធ្វើការ​សាកល្បង​ប្រកបដោយ​ជោគជ័យ​នូវ​ម៉ូ​ទ័​រ​កាំជ្រួច​ថ្មី​មួយ​សម្រាប់​បញ្ជូន​បណ្តា​ផ្កាយ​រណប ។

មេដឹកនាំ​កូរ៉េ​ខាងជើង លោក​គី​ម ជុង​អ៊ុ​ន បាន​ទៅ​កាន់​មជ្ឈមណ្ឌល​អវកាស SOHAE នា​ភាគ​ខាងលិច​ប្រទេស ដើម្បី​ដឹកនាំ​ការ​សាកល្បង​ម៉ូ​ទ័​រ​ប្រភេទ​ថ្មី​ដែល​មាន​កម្លាំង​ខ្លាំង​សម្រាប់​បាញ់​បង្ហោះ​ផ្កាយ​រណប ។

KCNA បញ្ជាក់​ថា ម៉ូ​ទ័​រ​កម្លាំង​ខ្លាំង​ដែល​ទើប​ផលិត​គឺជា​ម៉ូ​ទ័​រ​មាន​កម្លាំង​ជំរុញ​ដល់​ទៅ​៨០​តោន ។ ការ​ផលិត​ប្រកបដោយ​ជោគជ័យ​នូវ​ម៉ូ​ទ័​រ​នេះ​ផ្តល់​សមត្ថភាព​គ្រប់គ្រាន់ សម្រាប់​​បាញ់​បង្ហោះ​ផ្កាយ​រណប​ផ្សេង​ៗ ក្នុង​នោះ​រួម​មាន​បណ្តា​ផ្កាយ​រណប​សង្កេត​ផែនដី​ផង​ដែរ ។ KCNA បញ្ជាក់​ថា ការ​សាកល្បង​ម៉ូ​ទ័​រ​នេះ​ត្រូវ​បាន​ធ្វើ​តាម​បញ្ជា​របស់​លោក​គី​ម ជុង​អ៊ុ​ន ផ្ទាល់ ។

នេះ​ជា​ការ​បង្ហាញ​មុខជា​សាធារណៈ​លើក​ដំបូង​របស់​លោក​គី​ម ជុង​អ៊ុ​ន ចាប់តាំងពី​ការ​សាកល្បង​នុយក្លេអ៊ែរ​លើក​ទី​៥​របស់​របប​កុំ​មុ​យ​នី​ស្ត​នេះ​ពី​ថ្ងៃ​ទី​៩ កញ្ញា មក​។

ការ​សាកល្បង​ម៉ូ​ទ័​រ​កាំជ្រួច​ខ្លាំង​នេះ​គឺ​សំដៅ​កែ​លម្អ​បច្ចេកវិទ្យា​ទាក់ទិន​នឹង​កាំជ្រួច​បាញ់​បាន​ឆ្ងាយ​ដែល​កូរ៉េ​ខាងជើង​បាញ់​សាក​កាលពី​ថ្ងៃ​ទី​៧ កុម្ភៈ កន្លង​មកនេះ ដោយ​បង្កើន​លទ្ធភាព​ដែល​ក្រុង​ព្យុ​ង​យ៉ាង​ធ្វើការ​សាកល្បង​មី​ស៊ី​ល​រយៈ​ឆ្ងាយ​ថ្មី​នា​ឱកាស​ខួប​បង្កើត​បក្ស​ពលករ​កូរ៉េ​នា​ថ្ងៃ​ទី​១០ តុលា ខាង​មុខ​នេះ ។

លោក​គី​ម ជុង​អ៊ុ​ន ថ្លែង​ថា ការ​អភិវឌ្ឍន៍ និង​ការ​ប្រើប្រាស់​អវកាស​ជា​នយោបាយ​សំខាន់​មួយ​របស់​បក្ស​យើង និង​ជា​ភារកិច្ច​សំខាន់​សម្រាប់​រដ្ឋ ដែល​ត្រូវ​បន្ត​ពង្រីក​ការ​ខិតខំ​ប្រឹងប្រែង ៕