ស្លាប់​យ៉ាង​អាណោចអាធ័ម ! បុរស​ម្នាក់​ត្រូវ​រថយន្ត​បុក​អូស​ជា​ច្រើន​ម៉ែត្រ

ខេត្តកំពង់ស្ពឺ ៖ បុរស​ម្នាក់​បាន​ស្លាប់​យ៉ាង​អាណោចអាធ័ម​ខណៈ​ដើរ​ឆ្លងផ្លូវ​ពេល​យប់​ត្រូវ​រថយន្ត​បុក​ហើយ​អូស​ជា​ច្រើន​ម៉ែត្រ ដែល​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៣ និង​១៥​នាទី​ទៀប​ភ្លឺ ថ្ងៃ​ទី​២០ ខែកញ្ញា ឆ្នាំ​២០១៦ ស្ថិត​លើ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​លេខ​៥៧-៥៨ ចំណុច​ភូមិ​ពង្រ​ធំ ឃុំ​កា​ហែង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ។

ជន​រង​គ្រោះ​មិន​ត្រូវ​បាន​គេ​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ ចំណែក​អ្នកបើកបរ​រថយន្ត​បង្ក​បាន​បើករថយន្ត​គេចខ្លួន​បាត់ ។

សមត្ថកិច្ច​ស្រង់​សំដី​សាក្សី​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ រថយន្ត​១​គ្រឿង​បើក​ពី​កើត​ទៅ​លិច លុះដល់​ចំណុច​ខាងលើ​បាន​បុក​មនុស្ស​ប្រុស​ម្នាក់​កំពុង​ដើរ​ឆ្លងផ្លូវ​ពី​ត្បូង​ទៅ​ជើង​អូស​ជា​ច្រើន​ម៉ែត្រ​បណ្តាល​ឲ្យ​ស្លាប់​នៅ​កន្លែង​កើតហេតុ បន្ទាប់​ពី​បុក​រួច​អ្នកបើកបរ​បាន​បន្ថែម​ល្បឿន​រត់គេច​ខ្លួន​បាត់ ។

សមត្ថកិច្ច​នគរបាល​ស្រុក​សំរោង​ទង​ក៏​បាន​អំពាវ​ស្វែងរក​សាច់ញាតិ​ជន​រង​គ្រោះ​ដែល​ស្លាប់​ក្នុង​គ្រោះថ្នាក់​ខាងលើ​នេះ​ផង​ដែរ ។ សមត្ថ​កិ​ច្ខ​បន្ត​ថា ជន​រង​គ្រោះ​មាន​ភិនភាគ សម្បុរ​សណ្តែកបាយ ពាក់​អាវដៃវែង​ក្រឡា​ការ៉ូ ស្លៀកខោ​ខូ​វ​ប៊​យ ។

នៅ​ព្រឹក​ថ្ងៃ​ដដែល​សមត្ថកិច្ច​បាន​នាំ​យក​សព​ជន​រង​គ្រោះ​ទៅ​រក្សា​ទុក​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពង់ស្ពឺ​ដើម្បី​រង់ចាំ​ធ្វើការ​ស្រាវជ្រាវ​រក​សាច់ញាតិ​មក​ទទួលយក​ទៅ​ធ្វើបុណ្យ ៕