ផ្លូវដែក​កម្ពុជា​-​ថៃ គ្រោង​ដាក់​ឲ្យ​ដំណើរការ​នៅ​ចុងឆ្នាំ​២០១៦ និពន្ធដោយ : ញ៉ុង​ ហេង       September-20-2016, 1:46 pm         577

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ផ្លូវដែក​កម្ពុជា​-​ថៃ គ្រោង​ដាក់​ឲ្យ​ដំណើរការ​នៅ​ចុងឆ្នាំ​២០១៦រូបភាពពី៖ ហ្វេសប៊ុកក្រសួងសាធារណការ និងដឹកជញ្ជូន​ផ្លូវដែក​ដែល​ត​ភ្ជាប់​រវាង​កម្ពុជា និង​ថៃ គ្រោង​ដាក់​ឲ្យ​ដំណើរការ​នៅមុន​បំណាច់​ឆ្នាំ​២០១៦​នេះ​។  នេះ​ជាការ​ថ្លែង​បញ្ជាក់​របស់លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន នា​ពិធី​ចាក់​បេតុង​ស្ពាន​ផ្លូវដែក​មិត្តភាព​កម្ពុជា​-​ថៃ កាលពី​ថ្ងៃទី​១៩​ខែកញ្ញា ក្នុង​ខេត្តបន្ទាយមានជ័យ​។​

​ក្នុង​ជំហាន​ដំបូង​នេះ ផ្លូវដែក​ខាង​ភាគី​កម្ពុជា នឹងត្រូវ​ត​ភ្ជាប់​ចេញពី​ស្ពាន​ផ្លូវដែក​មិត្តភាព​កម្ពុជា​-​ថៃ រហូតមក​ទល់នឹង​ទី​រួម​ខេត្តបាត់ដំបង​។ នេះ​ជាការ​ថ្លែង​របស់ លោក ស៊ុន ចាន់ថុល​។ លោក​រដ្ឋមន្ត្រី ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បញ្ជាក់ទៀតថា ការស្ថាបនា​ស្ពាន​ផ្លូវដែក​នេះ និង​ការជួសជុល​កែលំអ​ផ្លូវដែក​ពី​ក្រុង​ប៉ោយប៉ែត ទៅ​ខេត្តបាត់ដំបង គ្រោង​បញ្ចប់​នៅមុន​បំណាច់​ឆ្នាំ​២០១៦​នេះ​។

​បើតាម លោក ស៊ុន ចាន់ថុល រដ្ឋាភិបាល​កំពុង​ស្វែងរក​ថវិកា កែលំអ​ផ្លូវដែក​ពី​បាត់ដំបង ដល់​រាជធានី​ភ្នំពេញ ដែលជា​ជំហាន​បន្ទាប់ ដើម្បី​ឲ្យ​មានការ​ដឹកទំនិញ និង​អ្នកដំណើរ​តាម​រថភ្លើង ចាប់ពី​ខេត្ត​ព្រះសីហនុ ទៅដល់​ផ្លូវដែក​ប្រទេស​ថៃ​។​

​សូមបញ្ជាក់ថា ស្ពាន​ផ្លូវដែក​មិត្តភាព​កម្ពុជា​-​ថៃ​នេះ ត្រូវបាន​បើក​ការដ្ឋាន​សាងសង់​នៅ​ឆ្នាំ​២០១៤ ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ ១​លាន​ដុល្លារ ដែលជា​ថវិកា​របស់​ភា​គី​ថៃ​៕