កុមារា​អាយុ​១៥​ខែ​លង់ទឹក​ប្រឡាយ​ស្លាប់ ខណៈ​ម្តាយ​ទុក​កូន​ចោល​លើ​ខ្នង​ប្រឡាយ​គាត់​ចុះទៅ​ច្រូតស្មៅ ក្នុង​ស្រែ​យក​ឲ្យ​គោ​

ខេត្តកំពង់ឆ្នាំង៖ កុមារាម្នាក់មានអាយុទើបតែ១ឆ្នាំ៣ខែម្នាក់ បានលង់ទឹកស្លាប់ ខណៈដែលម្តាយកំពុងច្រូតស្មៅបានទុកកូនចោលមិនប្រុងប្រយត្ន័នៅលើខ្នងប្រឡាយក្រោយខ្នង។ ហេតុការណ៍នេះបានកើតឡើងនៅម៉ោង៤និង៣០ល្ងាច ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦ នៅភូមិអូររោង ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ។

សមត្ថកិច្ចនគរបាលមូលដ្ឋានបានអោយដឹងថា៖ កុមារាដែលបានលង់ទឹកស្លាប់នេះ មានឈ្មោះ សុត សំណាង អាយុទើបបាន១៥ខែ រស់នៅភូមិឃុំកើតហេតុខាងលើ។ ស្ត្រីជាម្តាយបានប្រាប់ សមត្ថកិច្ចថា នៅមុនពេលកើតហេតុគាត់មកច្រូតស្មៅឲ្យគោនៅចំណុចដីស្រែ របស់ឈ្មោះ យ៉ង គី ហើយពេលនោះកូនប្រុសរបស់គាត់ក៏ទៅតាមជាមួយដែរ។ ពេលមកដល់កន្លែងច្រូតស្មៅគោ រូបគាត់បានទុកតួចនេះនៅលើខ្នងប្រឡាយរួចចុះទៅច្រូតស្មៅ។ មួយសន្ទុះ ក្រឡេកមកក្រោយ បាត់កូនប្រុសរបស់គាត់ ពេលនោះគាត់បានប្រញាប់មកខ្នងប្រឡាយវិញដើររកកូន ក៍ឃើញកូនធ្លាក់ទៅក្នុងប្រឡាយទឹកលង់ស្លាប់បាត់ទៅហើយ។ ពេលនោះដែរគាត់បានស្រែកហៅ គេឲ្យជួយ ស្រង់សពកូនប្រុសចេញពីក្នុងប្រឡាយយកសពកូនមកផ្ទះ ។

សូមបញ្ជាក់ថា៖ រយៈពេលប៉ុន្មានថ្ងៃជាប់ៗគ្នានេះ នៅក្នុងភូមិសាស្ត្រស្រុករលាប្អៀរ មានករណីអ្នកលង់ទឹកស្លាប់ជាបន្តបន្ទាប់៤ករណី ដូចជាករណីលង់ទឹក នៅទ្វារទឹក២០ឧសភា លង់ទឹកនៅភូមិអូរកណ្តោល ឃុំជ្រៃបាក់ លង់ទឹកនៅភូមិព្រៃពួច ឃុំជ្រៃបាក់ និងលង់ទឹកនៅភូមិអូររោង ឃុំជ្រៃបាក់នេះជាដើម ។ ជាមួយនឹងការលង់ ទឹកដល់ទៅ៤នាក់ ជាប់ៗគ្នានេះ អាជ្ញធរភូមិឃុំ និងស្រុក ក៍បានប្រកាសដល់ប្រជាពលរដ្ឋ ជាអាណាព្យាបាល ឲ្យមានការប្រុងប្រយ័ត្នចំពោះកូនចៅ កុំបណ្តោយអោយទៅលេងទឹក ឬនៅក្បែទឹកជ្រៅ ព្រោះពេលនេះទឹកកំពុងឡើង ទាំងជំនន់ទឹកភ្លៀងតាមវាលស្រែ និងតាមទឹកទន្លេផងដែរ៕ រិទ្ធិ ជ័យ