លោក​ព្រាប សុវត្ថិ បញ្ជាក់​ពី​ឈ្មោះ​របស់​លោក​មុន​និង​ក្រោយ​ចាប់​អាជីព​សិល្បៈ

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​លោក ព្រាប សុវត្ថិ បាន​បកស្រាយ​ចំពោះ​ឈ្មោះ​«​ស្នាយ​» ដែល​មានការ​អះអាង​ថា ជា​ឈ្មោះ​ដើម​របស់​លោក​តាំងពី​កុមារភាព ចំណែក​ឈ្មោះ​ព្រាប សុវត្ថិ គឺជា​ឈ្មោះ​ប្តូរ​ក្រោយ​ពេល​ចាប់​អាជីព​សិល្បៈ ។

ការ​ចេញ​បកស្រាយ​របស់​តារាចម្រៀង​ព្រាប សុវត្ថិ បន្ទាប់​ពី​មាន​សារព័ត៌មាន​មួយ​ចំនួន​ចុះ​ផ្សាយ​ពី​ការ​ផ្លាស់​ប្តូរ​ឈ្មោះ​របស់​លោក​ពី​ស្នាយ មក​ព្រាប សុវត្ថិ មុន​និង​ក្រោយ​ចូល​សិល្បៈ ។

ក្នុង​សារ​ដែល​លោក​ព្រាប សុវត្ថិ សរសេរ​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​បញ្ជាក់​ថា ឈ្មោះ​ស្នាយ គឺជា​ឈ្មោះ​ហៅ​ក្រៅ​របស់​លោក​ប៉ុណ្ណោះ ចំណែក​ឈ្មោះ​កំណើត​គឺ ព្រាប សុវត្ថិ ។

លោក​ព្រាប សុវត្ថិ បាន​សរសេរ​ថា «​ខ្ញុំបាទ​ព្រាប សុវត្ថិ សូម​ជំរាប​ដល់​សារព័ត៌មាន​ថា ឈ្មោះ​ព្រាប សុវត្ថិ ជា​ឈ្មោះ​ដើម​កំណើត​ដែល​ម្ដាយ​របស់ខ្ញុំ​បាន​ដាក់​តាំងពី​ខ្ញុំ​កើតមក​ម្ល៉េះ គឺ​មិនមែន​ឈ្មោះ​ផ្សេង​មុន​ចូល​សិល្បៈ ហើយ​ពេល​ចូល​សិល្បៈ​ក៏​មិន​ប្ដូរ​ឈ្មោះ​ដែរ គឺ​មាន​តែ​ឈ្មោះ​ព្រាប សុវត្ថិ​តែ​មួយ​គត់ ។ ដោយឡែក​ឈ្មោះ​ស្នាយ​គឺជា​ឈ្មោះ​ហៅ​ក្រៅ (Nick Name) ដែល​ម្ដាយ​របស់ខ្ញុំ​ពពោះ​ខ្ញុំ ហើយ​គាត់​ឆ្លងទន្លេ​ខ្ញុំ​ក្រោម​ដើម​ស្នាយ ទើប​គាត់​ហៅ​ខ្ញុំ​ថា ស្នាយ​ៗ ហ្នឹង ។ រីឯ​ឈ្មោះ​ព្រាប សុវត្ថិ គឺជា​ឈ្មោះ​ក្នុង​បញ្ជី​ជាតិ​តាំងពី​កូនង៉ា​មក​ម្ល៉េះ ហេតុ​ដូចនេះ​សូម​សារព័ត៌មាន​ទទួល​ជ្រាប​» ។

លោក​ព្រាប សុ​វ​តិ្ថ គឺជា​តារាចម្រៀង​ល្បី​ប្រចាំ​ផលិតកម្ម​រស្មី​ហង្ស​មាស ។ លោក​បាន​រៀប​ការ​ជាមួយ​ភរិយា​ឈ្មោះ​ឡុ​ង ស្រី​មុំ និង​មានកូន​ប្រុស​ចំនួន​៣​នាក់ ។ លោក​ព្រាប សុវត្ថិ បាន​សិក្សា​ផ្នែក​សេដ្ឋកិច្ច និង​ច្បាប់ ហើយ​ចាប់ផ្តើម​ចូល​បម្រើ​ការ​នៅ​ផលិតកម្ម​រស្មី​ហង្ស​មាស​ចាប់តាំងពី​ឆ្នាំ​១៩៩៧​មក​ម៉្លេះ ។

តារាចម្រៀង​ព្រាប សុវត្ថិ មិន​ធ្លាប់​មានរឿង​អាស្រូវ​ស្នេហា ពិសេស​មិន​មាន​បញ្ហា​ជាមួយ​ប្រពន្ធ​ទេ បើ​ទោះបី​មាន​កម្រិតជីវភាព​លេចធ្លោ​ហ៊ឺ​ហា​ក្តី ។

លោក​ព្រាប សុវត្ថិ ធ្លាប់​ចូលរួម​សម្តែង​ក្នុង​ខ្សែភាពយន្ត​រឿង «​នេសាទ​ក្រពើ​» ក្រៅពី​អាជីព​ចម្រៀង​របស់​ខ្លួន ៕  

ប្រភព ៖
កោះសន្តិភាព

កំណត់ហេតុខ្មែរឡូត៖ ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា តារាចម្រៀង និងជាតារាសម្តែង ជើងចាស់លោក ព្រាប សុវត្ថិ បានបង្ហាញភាពផ្អែមល្ហែម ជាមួយភរិយារបស់ខ្លួន នៅលើហ្វេសប៊ុក ធ្វើឲ្យនារីៗជាច្រើន ជញ្ជក់មាត់ស្ញើចសរសើរ ដល់ស្វាមី-ភរិយាមួយគូនេះ និងប្រាថ្នាចង់បានសុភមង្គលដូចពួកគេដែរ។

រូបថតជាច្រើនសន្លឹករបស់ លោក ព្រាប សុវត្ថិ និងភរិយា នៅលើហ្វេសប៊ុក ត្រូវបានអ្នកលេងហ្វេសប៊ុកចែករំលែក យ៉ាងព្រោងព្រោត ជាពិសេសនារីៗ បានសរសេរ សរសើរគូស្នេហ៍ទាំងពីរថា ពិតជាផ្អែមល្ហែម មិនចាញ់គូស្វាមីភរិយា ថ្មីថ្មោងប៉ុន្មាននោះទេ។ នារីៗភាគច្រើន បានសរសើរថា ភរិយារបស់ លោក ព្រាប សុវត្ថិ គឺពិតជាជានារីម្នាក់ដែល មានសំណាងណាស់ បើទោះបីជាស្វាមីរបស់នាង ជាកំពូលតារាល្បីយ៉ាងណាក៏ដោយ ក៏គាត់នៅឆ្លៀតពេល ផ្តល់ភាពកក់ក្តៅ និងបង្កើតអនុស្សាវរីយ៍ ជាមួយភរិយារបស់ខ្លួនដែរ៕

តោះ! ចង់ដឹងលោក ព្រាប សុវត្ថិ និងភរិយា ផ្អែមល្ហែមយ៉ាងណានោះ សូមទស្សនារូបថតខាងក្រោមនេះ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload