ឆ្កែសុទ្ធ? តែ​ជា​ឆ្កែ​ដែល​មាន​សំណាង​ជាង​គេ ក្នុង​លោក!

មិនទាន់ដល់ពេលអស់ជីវិត... ឆ្កែមួយក្បាលនេះ បានវង្វេងដើរចូល ទៅក្នុងផ្លូវប្រណាំងរថយន្ដ ផ្ដាច់ព្រលឹងមួយ ដែលបានប្រារព្ធធ្វើ កាលពីពេលថ្មីៗនេះ នៅក្នុងក្រុង «Codasur» នៃតំបន់ «Santa Cruz» របស់ប្រទេសបូលីវី (ទ្វីបអាមេរិកខាងត្បូង)។ ប៉ុន្តែរថយន្ដប្រណាំង ដែលបានបើកមកដល់មុនគេ មិនបានប៉ះឆ្កែសូម្បីបន្តិច។
ឆ្កែមួយក្បាលរួចជីវិត ទាំងព្រលឹងចុងសក់ បន្ទាប់ពីវាវង្វេង ដើរចូលក្នុងផ្លូវប្រណាំងរថយន្ដផ្ដាច់ព្រលឹង នៅប្រទេសបូលីវី។ (រូបថតលើទ្វីសធើរ)

រាប់ថាជាសត្វឆ្កែ ដែលមានសំណាងជាងគេក្នុងលោក។ ហេតុអ្វី? ព្រោះវាដើរវង្វេងចូលក្នុងផ្លូវរថយន្ដប្រណាំង ហើយរថយន្ដប្រណាំង«ផ្ដាច់ព្រលឹង» មួយហៀបនឹងបើកមកដល់ហើយ។ អ្នកដែលបានឃើញ​ហេតុការណ៍​នេះ ចង់ចូលទៅដេញ​វាចេញណាស់ តែប្រថុចញ៉ុចពេក ខណៈគេឮសូរសន្ធឹករថយន្ដ បានបើកមកដល់​ទៅ​ហើយ។

រឿងរ៉ាវបានកើតឡើង នៅក្នុងការប្រណាំងរថយន្ដផ្ដាច់ព្រលឹង ក្នុងក្រុង «Codasur» នៃប្រទេសបូលីវី (ទ្វីប​អាមេរិកខាងត្បូង) កាលពីចុងខែកន្លងទៅ។ នៅក្នុងវីដេអូខាងលើនេះ គេក៏បានឃើញដែរ ថាសុនខ​បាន​ងាក​ឆ្វេង​ស្ដាំ ដោយហេតុមនុស្សនៅក្បែរនោះ បានស្រែកដេញវាចេញ ប៉ុន្តែគ្មាននរណាម្នាក់ហ៊ានចូល ទៅដេញ​វា​ដោយ​ផ្ទាល់​ទេ ដោយហេតុរថយន្ដប្រណាំង ជិតមកដល់។

ប៉ុន្តែនៅពេល​ដែលរថយន្ដ បើកមកដល់មុនឆ្កែនេះបន្តិច ស្ថានភាពផ្លូវបានធ្វើឲ្យរថយន្ដ ហោះឡើងខ្ពស់ផុត​ពីកំពស់ឆ្កែ និងមិនបានប៉ះរោមឆ្កែ សូម្បីតែបន្តិចឡើយ។ អ្នកបើករថយន្ដប្រណាំងនោះ គឺលោក ហ្វែរណង់ដូ ហ្សូអាស្នាបារ (Fernando Zuasnabar) អ្នកបើកបរយាន​ប្រណាំងអាជីព​មួយរូប។

បន្ទាប់ពីរថយន្ដ​បានទៅផុត ទើបកម្លាំងរក្សាសណ្ដាប់ធ្នាប់ម្នាក់ បានរត់ទៅដេញសត្វ ដែលមាន​សំណាង​ជាង​គេ​មួយ​នេះ ឲ្យ​ចេញ​ពី​ទីលាន​ប្រណាំង៕

ឆ្កែសុទ្ធ? តែ​ជា​ឆ្កែ​ដែល​មាន​សំណាង​ជាង​គេ ក្នុង​លោក!