ព្យុងយ៉ាង​រំលឹក​អាមេរិក ត្រូវ​ប្រុង​ប្រយ័ត្ន​និង​«គ្រប់​គ្រង​ខ្លួន​ឲ្យ​ល្អ»

ការព្រមានជាថ្មី របស់របបក្រុងព្រុងយ៉ាងនេះ បានកើតឡើងបន្ទាប់​ពីយន្ដហោះ​ទម្លាក់គ្រាប់បែក ច្រើនគ្រឿង របស់​កងទ័ព​​អាមេរិក បាន​ហោះហើរ​​នៅ​ក្នុង​​លំហរ​អាកាស របស់​ប្រទេស​កូរ៉េ​ខាង​ត្បូង កាល​ពី​សប្ដាហ៍​មុន ដែល​​ជា​​ការ​​ហោះហើរ​​មួយ ឆ្លើយតប​ទៅនឹងការ​សាកល្បង​គ្រាប់​បែក​នុយក្លេអ៊ែរ ជា​លើក​ទី​ប្រាំ របស់​របប​កុម្មុយនីស​កូរ៉េ​ខាង​ជើង។
ព្យុងយ៉ាង​រំលឹក​អាមេរិក ត្រូវ​ប្រុង​ប្រយ័ត្ន​និង​«គ្រប់​គ្រង​ខ្លួន​ឲ្យ​ល្អ»

យន្ដហោះទម្លាក់គ្រាប់បែក ប្រភេទ «B52 Stratofortress» របស់អាមេរិក និងចំនួនគ្រាប់បែក ដែលអាចត្រូវបំពាក់ជាមួយយន្ដហោះ។ (រូបថត Wikipedia)

នេះ ជាការរំលឹកថ្មីទៀត ពីសំណាក់ប្រទេសកូរ៉េខាងជើង ផ្ញើរទៅជូនសហរដ្ឋអាមេរិក នៅក្នុងជំនួបកំពូល នៃ​ចលនា​មិនចូលបក្សសម្ព័ន្ធ ដែលបានប្រព្រឹត្តិទៅ នៅក្នុងប្រទេសវ៉េណេហ្សុយអេឡា (ទ្វីបអាមេរិកខាងត្បូង) កាល​ពី​ចុងសប្ដាហ៍កន្លងមក។ ជាការថ្លែងឡើង ដោយផ្ទាល់មាត់ពីសំណាក់រដ្ឋមន្ត្រីការបរទេស របស់​របប​កុម្មុយនីស លោក រី យ៉ុង-ហូ (Ri Yong-ho) ប្រាប់ទៅសហរដ្ឋអាមេរិក ឲ្យ«ប្រុងប្រយ័ត្ន» និង​«គ្រប់​គ្រង​ខ្លួន​ឲ្យ​ល្អ» ដោយ​ធ្វើការ​គម្រាមថា ប្រទេសរបស់លោក នឹងប្រើ«អាវុធនុយក្លេអ៊ែរ» ប្រឆាំងនឹងប្រទេស​មហាអំណាច​ធំ​ជាង​គេ​​លើ​លោក។

ថ្លែងពីកោះ «Margarita» កន្លែងដែលរៀបចំជំនួបកំពូលនេះ លោក រី យ៉ុង-ហូ បានឲ្យដឹង តាមរយៈអ្នក​បក​ប្រែ​ភាសា​ថា៖ «សហរដ្ឋអាមេរិក ត្រូវរំពៃមើល ពីជំហរជាយុទ្ធសាស្ត្រ របស់សាធារណរដ្ឋនៃយើង ដែល​បាន​ឈាន​ជើង ក្លាយខ្លួនជា​មហាអំណាច​នុយក្លេអ៊ែរ និងមហាអំណាចយោធា ជាមួយនឹងកងកម្លាំង​​ប្រដាប់អាវុធ​ដ៏​អស្ចារ្យ​មួយ ហើយ​អាមេរិក​ត្រូវ​ប្រុងប្រយ័ត្ន និងគ្រប់គ្រងខ្លួនឲ្យបានល្អ»។

ប្រមុខការទូត​របស់របបកុម្មុយនីស​ បានបញ្ជាក់ទៀតថា ប្រទេសរបស់លោកមានឆន្ទៈដ៏រឹងមាំ «ដូចដែកថែប» និង​បាន​ត្រៀមខ្លួនរួចជាស្រេច ក្នុងការប្រយុទ្ធតបតរវិញ ប្រសិនជាមានការបង្ករឿង ពីសំណាក់បច្ចាមិត្រ។

ទាហានអាមេរិក ២៨០០០នាក់ កំពុងដាក់ពង្រាយ នៅក្នុងឧបទ្វីបកូរ៉េ...

ការថ្លែង​ព្រមាន​របស់​ថ្នាក់ដឹកនាំជាន់ខ្ពស់ របស់របបក្រុងព្យុងយ៉ាង បានធ្វើឡើង ក្រោយមានការហោះហើរ ក្នុង​លំហរ​អាកាស​កូរ៉េ​ខាងត្បូង ពីសំណាក់យន្ដហោះទម្លាក់គ្រាប់បែក ជាច្រើនគ្រឿង របស់យោធាអាមេរិក កាល​ពី​ដើម​សប្ដាហ៍​មុន។ ការហោះហើរនោះ ត្រូវបានប្រភពយោធាអាមេរិក និងកូរ៉េខាងត្បូង ពន្យល់ថា ជាប្រតិកម្ម​របស់​ក្រុង​សេអ៊ូល ដែលជាសម្ព័ន្ធមិត្តរបស់អាមេរិកនោះ ប្រឆាំងនឹងការសាកល្បងគ្រាប់បែកនុយក្លេអ៊ែរ លើក​ទី​ប្រាំ របស់​ប្រទេស​កូរ៉េ​ខាង​ជើង។

ព្យុងយ៉ាង​រំលឹក​អាមេរិក ត្រូវ​ប្រុង​ប្រយ័ត្ន​និង​«គ្រប់​គ្រង​ខ្លួន​ឲ្យ​ល្អ»

ជាមួយនឹងការថ្លែងការពារសិទ្ធិ នៃការការពារខ្លួន របស់ប្រទេសកូរ៉េខាងជើង លោក រី យ៉ុង-ហូ បានបន្តថា៖ «ការ​សាកល្បងអាវុធនុយក្លេអ៊ែរ ដែលយើងសម្រេចបាន យ៉ាងជោគជ័យ កាលពីពេលថ្មីៗនេះ គឺជាមធ្យោបាយ​មួយ​បន្ថែម​ទៀត ដើម្បី​ពង្រឹក​ការប្រឈមមុខ ទៅនឹងការគម្រាមកំហែង ពីសំណាក់កម្លាំងអរិភាព រាប់បញ្ចូល​ទាំង​កម្លាំងរបស់​សហរដ្ឋ​អាមេរិក»។

សូមបញ្ជាក់ដែរថា កងទ័ពអាមេរិក ប្រមាណជា២៨០០០នាក់ កំពុងមានវត្តមាននៅឡើយ ក្នុងប្រទេស​កូរ៉េ​ខាង​ត្បូង បើគេរាប់ចាប់តាំងពីសង្គ្រាមកូរ៉េ ក្នុងឆ្នាំ១៩៥០-១៩៥៣ នោះមកដល់សព្វថ្ងៃ។ សង្គ្រាមនោះ បាន​បញ្ចប់​ទៅ ដោយ​កិច្ច​ព្រមព្រៀងឈប់បាញ់មួយ តែមិនមែនបញ្ចប់ទៅ ក្រោមសន្ធិសញ្ញាសន្តិភាពនោះឡើយ៕