បាតុកម្មហិង្សា​នៅ​រដ្ឋធានី​កុង​ហ្គោ​ស្លាប់​រវាង​ពី​17​ទៅ​50​នាក់

នៅ​ក្រុង​គី​ន​សា​សា រដ្ឋធានី​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុង​ហ្គោ​ផ្ទុះ​បាតុកម្មហិង្សា​មាន​លក្ខណៈ​នយោបាយ​កាលពី​ថ្ងៃ​ទី​១៩ កញ្ញា ដែល​ពួក​ប្រឆាំង​មាន​បំណង​ធ្វើ​សកម្មភាព​រហូត​ទល់​តែ​ប្រធានាធិបតី​លោក JOSEPH KABILA ចាក​ចេញពី​អំណាច​ក្រោយ​ចប់​អាណត្តិ​របស់​លោក​នា​ថ្ងៃ​ទី​២០ ធ្នូ ។

តុល្យការ​នៃ​ការ​ប៉ះទង្គិច​គ្នា​នៅ​ក្រុង​គី​ន​សា​សា យោង​តាម​អាជ្ញាធរ​ថា អ្នក​ស្លាប់មាន​ចំនួន​១៧​នាក់ តែ​ពួក​ប្រឆាំង​ថា មាន​ដល់​៥០​នាក់​។ ពួក​ប្រឆាំង​អំពាវនាវ​ឱ្យធ្វើ​បាតុកម្ម​ក្នុង​ទូ​ទាំង​ប្រទេស ដើម្បី​បង្ហាញ​កម្លាំង​ដល់​លោក KABILA ហើយ​ទាមទារ​ឱ្យ​លោក​ចាក​ចេញពី​អំណាច​ឱ្យទាន់​ពេល ។ ទាំង​រដ្ឋអំណាច ទាំង​ពួក​ប្រឆាំង​សុទ្ធតែ​ទម្លាក់​ការ​ទទួល​ខុស​ត្រូវ​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក​ចំពោះ​អំពើ​ហិង្សា​បង្ហូរឈាម​ទាំងនេះ ដែល​ដូច​កាលពី​ឆ្នាំ​២០១៥​ដែរ ខណៈ​មានការ​បះបោរ​ដែល​ពុំ​អាច​គ្រប់គ្រង​បាន​ទាំង​សងខាង​ក្រោយ​ការ​បង្ក្រាប ដោយ​កម្លាំង​បាតុកម្ម​ប្រឆាំង​លោក KABIA ក្នុង​រដ្ឋធានី ។ ពេល​នេះ​គេ​រាប់​ឃើញ​មនុស្ស​ជា​ច្រើន​សិប​នាក់​ស្លាប់​ក្នុង​រយៈពេល​តែ​៣​ថ្ងៃ ។

រដ្ឋមន្ត្រី​មហាផ្ទៃ​កុង​ហ្គោ លោក EVARISTE BOSHAD អះអាង​ប្រាប់​សារព័ត៌មាន​ថា ក្រុង​គី​ន​សា​សា ទើប​ប្រឈម​មុខ​នឹង​ចលនា​បះបោរ​មួយ ដែល​រង​បរាជ័យ ។ តុល្យការ​បណ្តោះអាសន្ន​មាន​មនុស្ស​ស្លាប់​១៧​នាក់ ក្នុង​នោះ​មាន​ប៉ូលិស​៣​នាក់ និង​ជន​ស៊ី​វិល​១៤​នាក់ ក្នុង​ចំណោម​ពួក​អ្នក​ឆ្លៀតឱកាស​ប្លន់​យកទ្រព្យគេ​ពេល​បះបោរ ។

ចំណែក​ពួក​ប្រឆាំង​វិញ​និយាយ​ថា មាន​មនុស្ស​ស្លាប់​ដល់​ទៅ​ជាង​៥០​នាក់ ដោយសារ​គ្រាប់កាំភ្លើង​របស់​ប៉ូលិស និង​កង​ឆ្មាំ​សាធារណរដ្ឋ ។ ក្រុមចម្រុះ​ប្រឆាំង​អំពាវនាវ​ឱ្យ​បន្ត​ធ្វើ​បាតុកម្ម​រហូត​ដល់​ការ​ចាកចេញ​ជា​ស្ថាពរ​របស់​លោក KABILA ពី​ប្រមុខរដ្ឋ ។

អ្នកនាំពាក្យ​រដ្ឋាភិបាល​លោក LAMBERT MENDE ថ្លែង​តាម​ទូរទស្សន៍​រដ្ឋ​ថា បទបញ្ជា​នឹង​ត្រូវ​គោរព ហើយ​បណ្តា​ពលរដ្ឋ​ស្លូតត្រង់​នឹង​ត្រូវ​ការពារ ។ មុន​នេះ​លោក MENDE បាន​ចោទប្រកាន់​គណបក្ស​សម្ព័ន្ធភាព ដើម្បី​លទ្ធិប្រជាធិបតេយ្យ និង​រីក​ចម្រើន​សង្គម CIDP ជា​គណបក្សប្រឆាំង​សំខាន់​ថា ជា​ប្រភព​នៃ​អំពើ​ហិង្សា ៕