ព្រឹត្តិការណ៍​កីឡា​ជាតិ​លើក​ដំបូង​របស់​កម្ពុជា​កាន់តែ​កៀក​ឈាន​ចូល​មក​ដល់

រាជធានី​ភ្នំពេញ ៖ នៅ​សល់​មិន​ដល់​ជាង​មួយ​ខែ​ទៀត​ទេ ព្រឹត្តិការណ៍​កីឡា​ធំ​មួយ​ប្រចាំ​ប្រទេស​កម្ពុជា​ដែល​មានឈ្មោះ​ថា ការ​ប្រកួត​កីឡា​ជាតិ ឬ​ហៅ​ថា National  Game ដែល​មិន​ធ្លាប់​មាន​សោះនឹង​លេច​ចេញ​ជា​រូបរាង​ហើយ​។ ការ​ប្រកួត​នេះ​តម្រូវ​ឱ្យ​ក្រុម​អត្ត​ព​លិ​ក​កម្ពុជា​លើ​គ្រប់​ប្រភេទ​កីឡា​ទាំងអស់​ប្រកួតប្រជែង​ស្វែងរក​ជើង​ខ្លាំង​ដើម្បី​បោះ​ជំហាន​ទៅ​កាន់​ព្រឹត្តិការណ៍ស៊ី​ហ្គេ​ម​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ ។ អ៊ីចឹង​ហើយ​ទើប​គេ​ឃើញ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​ដុតដៃដុតជើង​បណ្ដុះបណ្ដាល​អ្នក​សារព័ត៌មាន និង​ពិធីករ​-​ពិធី​ការិនី​យ៉ាង​សកម្ម​កាលពី​ថ្ងៃ​ទី​១៩ និង​ទី​២០ កញ្ញា ដើម្បី​ឱ្យ​សាកល្បង​នៅ​ក្នុង​ព្រឹត្តិការណ៍​នេះ និង​ដើម្បី​ត្រៀមខ្លួន​ចូលរួម​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​មខាង​មុខ ។

មានការ​ប្រកាស​ច្រើន​ដង​មក​ហើយពី​អគ្គនាយកដ្ឋាន​កីឡា​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​កីឡា​ជាតិ​ខាងលើ ។ យោង​តាម​កិច្ចប្រជុំ​ស្តី​ពី​ការ​រៀបចំ​ព្រឹត្តិការណ៍​កីឡា​ជាតិ​កាលពី​ថ្ងៃ​ទី​៥ កញ្ញា កន្លង​ទៅ ការ​ប្រកួត​របស់​ព្រឹត្តិការណ៍​នេះ​នឹង​តម្រូវ​ឱ្យ​ប្រើ​ថវិកាជាតិ​ត្រឹមតែ​១​លាន​ដុល្លារ ឬ​ស្មើនឹង​៤០០០​លាន​រៀល​ប៉ុណ្ណោះ ។ ប៉ុន្តែ​បន្ថែម​ពីលើ​ការ​ចំណាយ​ដែល​ជា​បន្ទុក​របស់​រដ្ឋ​នេះ អ្នក​រៀបចំ និង​អត្ត​ព​លិ​ក​ក៏​ទទួល​បាន​ទឹកប្រាក់​ឧបត្ថម្ភ​ចំនួន​២០​ម៉ឺន​ដុល្លារ​បន្ថែម​ផង​ដែរ ដើម្បី​ចាត់ចែង​ព្រឹត្តិការណ៍​កីឡា​ដែល​ផ្ដើម​បង្កើត​ជា​លើក​ដំបូង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ឱ្យ​រលូន​ទៅ​មុខ ។ នៅ​ក្នុង​កិច្ចប្រជុំ​ដែល​មានការ​ចូលរួម​ដោយ​មន្ត្រី​អូ​ឡាំ​ពិ​ក​កម្ពុជា និង​ក្រសួង​អប់រំ​នា​គ្រានោះ​បាន​អះអាង​ថា ព្រឹត្តិការណ៍​កីឡា​ជាតិ​ចាប់​ផ្ដើម​ប្រារព្ធ​ជា​លើក​ដំបូង​ពី​ថ្ងៃ​ទី​២៥ តុលា រហូត​ដល់​ថ្ងៃ​ទី​៥ វិច្ឆិកា ដោយ​អនុញ្ញាត​ឱ្យ​គ្រប់​ប្រភេទ​កីឡា​ទាំងអស់​មាន​លទ្ធភាព​ចូលរួម​ប្រកួត​នៅ​ក្នុងអំឡុងពេល​នោះ ។

អង្គប្រជុំ​បាន​អះអាង​ថា កីឡាករ​-​កីឡាការិនី​នៅ​គ្រប់​សហព័ន្ធ​នឹង​ត្រូវ​ជំរុញ​ឱ្យ​រៀបចំ​កីឡាករ​-​កីឡាការិនី​ចូល​ប្រកួត ហើយ​សមាសភាព​អ្នកចូលរួម​សម្រាប់​ព្រឹត្តិការណ៍​កីឡា​នេះ គឺ​សុទ្ធតែ​ជា​ធនធាន​កីឡាករ​-​កីឡាការិនី​ក្មេង​ៗ​ជា​អាទិភាព ។ មក​ទល់​ពេល​នេះ​គេ​ឃើញ​អត្ត​ព​លិ​ក​ស្ទើរ​គ្រប់​សហព័ន្ធ​បាន​បង្ហាញ​ការ​ត្រៀមខ្លួន​ក្នុង​ការ​ហ្វឹកហាត់​ស្ទើរ​ជា​រៀងរាល់ថ្ងៃ ដើម្បី​បង្អួត​សមត្ថភាព​នៅ​ក្នុង​វេទិកា​ប្រកួត ។

លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​បាន​លើក​ឡើង​ថា ព្រឹត្តិការណ៍ National Game ឬ​កីឡា​ជាតិ នឹង​សម្រេច​ធ្វើ​ឡើង​រៀង​រាល់​មួយ​ឆ្នាំ​ម្ដង​ចាប់ពី​ឆ្នាំ​២០១៦​តទៅ ដើម្បី​ប្រមូល និង​ស្វែងរក​ធនធាន​កីឡាករ​-​កីឡាការិនី​ក្មេង​ៗ​ល្អ​ៗ សម្រាប់​ត្រៀមខ្លួន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៅ​ឆ្នាំ​២០២៣ ។ លោក​អះអាង​ថា ព្រឹត្តិការណ៍​កីឡា​ជាតិ​នឹង​ក្លាយជា​ការ​ជំរុញ​ឱ្យ​យុវវ័យ​បន្ត​ប្រឹងប្រែង​នៅ​តាម​ក្លិប និង​ក្នុង​សហព័ន្ធ​ច្រើន​ឡើង​ជាង​មុន ដើម្បី​ទទួល​បាន​ឱកាស​ចេញ​ប្រកួត​ស៊ី​ហ្គេ​ម​ក្នុង​ពេល​ព្រឹត្តិការណ៍​អន្តរជាតិ​សម្រាប់​១០​ប្រទេស​មួយ​នេះ ត្រូវ​បាន​ធ្វើ​ឡើង​នៅ​លើ​ទឹកដី​កម្ពុជា ។ លោក​ថា​ការ​ប្រកួត​កីឡា​ជាតិ​ដែល​កាន់តែ​កៀក​ចូល​មក​ដល់​ក្នុង​ពេល​ដ៏​ខ្លី​នេះ នឹង​បើកឱកាស​ឱ្យ​មានការ​ប្រកួត​ពី​សំណាក់​ធនធាន​វ័យក្មេង​កាន់តែ​ច្រើន ដើ​ម្ប​ឱ្យ​កីឡាករ​-​កីឡាការិនី​ក្មេង​ៗ​ទាំងនោះ បោះ​ជំហាន​ទៅ​កាន់​ស៊ី​ហ្គេ​ម​២០២៣​ក្រោយ​ពេល​ប្រកួត​ជាប់ ។

លោក​និយាយ​ថា ការ​បង្កើត​ព្រឹត្តិការណ៍​កីឡា​ជាតិ​មាន​គោលបំណង​តែ​មួយ​គត់​គឺ​ស្វែងរក​ធនធាន​សម្រាប់​ស៊ី​ហ្គេ​ម​ក្នុង​ពេល​ប្រទេស​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ ។ ដោយសារ​តែ​ហេតុនេះ​ហើយ ទើប​ការ​ប្រកួត​កីឡា​ចម្រុះ​ប្រភេទ​នៅ​ចុងខែ​តុលា​ខាង​មុខ គឺ​នឹង​ជ្រើស​យក​តែ​ធនធាន​កីឡាករ​ខ្លាំង​ដែល​អាច​បណ្ដុះ​ពី​ឥឡូវ ហើយ​ចូល​ប្រកួត​ស៊ី​ហ្គេ​ម​ឆ្នាំ​២០២៣​បាន​ប៉ុណ្ណោះ ។ លោក​និយាយ​ថា​៖ «​ដោយសារ​ស៊ី​ហ្គេ​ម​យើង​ធ្វើ​ម្ចាស់ផ្ទះ អ៊ីចឹង​វិញ្ញាសា​កីឡា​ប្រភេទ​ណា​ក៏​យើង​អាច​កំណត់​ជា​វិញ្ញាសា​របស់​ស៊ី​ហ្គេ​ម​បាន​ដែរ ទើប​គ្រប់​ប្រភេទ​កីឡា​ទាំងអស់​ត្រូវ​តែ​កំណត់​ពង្រឹង​តាម​រយៈ​ព្រឹត្តិការណ៍​កីឡា​ជាតិ ឬ National Game » ។ ក្នុង​នោះ​ការ​រៀបចំ​សម្រាប់​ព្រឹត្តិការណ៍​មួយ​នេះ ក៏​មិន​ខុស​គ្នា​ពី​ការ​ប្រកួត​ស៊ី​ហ្គេ​ម​ជា​អន្តរជាតិ​នោះ​ដែរ ដោយសារ​តែ​ប្រភេទ​កីឡា និង​វិញ្ញាសា​ដែល​ត្រូវ​បាន​កំណត់​នៅ​ស៊ី​ហ្គេ​ម​ត្រូវ​បាន​ប្រកាស​ធ្វើការ​ប្រកួត​គ្នា​ទាំងអស់ ដោយ​គ្រាន់តែ​មិន​មាន​វត្តមាន​របស់​អត្ត​ពលិកម​ក​ពី​បណ្ដា​ប្រទេស​អាស៊ាន ។

អ៊ីចឹង​ហើយ​ទើប​មានការ​ភ្ញាក់ផ្អើល​នៅ​ពេល​មានការ​ប្រកាស​ថា ថវិកា​សម្រាប់​ចំណាយ​ពេញ​មួយ​ព្រឹត្តិការណ៍​ចាប់ពី​ថ្ងៃ​ទី​២៥ តុលា រហូត​ដល់​ថ្ងៃ​ទី​៥ វិច្ឆិកា នោះ តម្រូវ​ឱ្យ​ចំណាយ​ថវិកាជាតិ​ត្រឹមតែ​៤០០០​លាន​រៀល ឬ​១​លាន​ដុល្លារ​ដែល​នៅ​ទាប​ជាង​ការ​រៀបចំ​ព្រឹត្តិការណ៍​កីឡា​របស់​ប្រទេស​ជិតខាង​ឆ្ងាយ ។ យ៉ាងណាមិញ ថវិកា​ដែល​កំណត់​ឱ្យ​ចំណាយ​នោះ ក៏​មានការ​ប៉ាន់ស្មាន​នឹង​គ្រប់គ្រាន់​ផង​ដែរ ដោយសារ​តែ​ពេល​កន្លង​មក​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​រៀបចំ​ព្រឹត្តិការណ៍​កីឡា​ជា​ច្រើន​នៅ​ក្នុង​ពិធីបុណ្យ​ជាតិ​ធំ​ៗ គឺ​តម្រូវ​ឱ្យ​ចំណាយ​ថវិកា​តិច​ជាង​នេះ​ទៅ​ទៀត ។

លោក ស៊ា​ន បូ​រ៉ាត រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​បង្ហាញ​ការ​សាទរ​បន្ទាប់​ពី​ឃើញ​កីឡាករ​-​កីឡាការិនី​ភាគច្រើន​មានការ​ត្រៀមខ្លួន ដែល​មាន​ន័យ​ថា​កម្ពុជា​មិន​ខ្វះ​ធនធាន​អត្ត​ព​លិ​ក​វ័យក្មេង​ដើម្បី​ស្វាគមន៍​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម ។ លោក​រំពឹង​ថា ការ​ប្រកួត​ដែល​ជិត​ឈាន​ចូល​មក​ដល់​នា​ពេល​នេះ នឹង​ទទួល​ជោគជ័យ ហើយ​ជ្រើសរើស​បាន​អត្ត​ព​លិ​ក​ល្អ​គ្រប់​ប្រភេទ​កីឡា ដើម្បី​យក​ទៅ​បណ្ដុះបណ្ដាល​បន្ថែម​ទៀត​ឱ្យ​កាន់តែ​ខ្លាំង ៕