មេព្រៃ​វៀតណាម​ចាប់​ដុត​ម៉ូតូ​ពលរដ្ឋ​ខ្មែរ

មេព្រៃ​វៀតណាម​ចាប់​ដុត​ម៉ូតូ​ពលរដ្ឋ​ខ្មែរ



ខេត្ត​ត្បូងឃ្មុំ ៖ ពលរដ្ឋ​កម្ពុជា​ចំនួន​១១​នាក់ រស់នៅ​ជាប់​ព្រំដែន​វៀតណាម ដែល​នាំ​គ្នា​ជិះ​ម៉ូតូ​ចូល​ទៅ​បេះ​ផ្លែ​មៀនព្រៃ​នៅ​ក្នុង​ទឹកដី​វៀតណាម ដោយ​ចូល​ជ្រៅ​ក្នុង​ចំងាយ​ប្រហែល​២​គីឡូម៉ែត្រ​ពី​ព្រំដែន ក៏​ត្រូវ​បាន​មេព្រៃ​វៀតណាម​ឃើញ​និង​ដេញចាប់ ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ទាំងនោះ​ភិតភ័យ​រត់​ចោល​ម៉ូតូ​យក​តែ​ប្រាស​អាយុ​ដោយ​បន្សល់​ទុក​ម៉ូតូ ត្រូវ​មេព្រៃ​វៀតណា​ម​ដ៏​កំណាច​ឃោរឃៅ ដុត​ចោល​ឆេះ​អស់​៣​គ្រឿង ។ 

ហេតុ​ការ​ណ៏​នោះ កើតឡើង​នៅ​វេលា​ម៉ោង​ប្រមាណ​១​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១៨ កញ្ញា នៅ​ភូមិ​ខាន​ខា​យ ឃុំ​ទិន​ឡិ​ប ស្រុក​តិ​ន​បៀ​ន ខេត្ត​តៃ​និ​ញ ហើយ​នៅ​រសៀល​ថ្ងៃ​ទី​១៩ កញ្ញា នេះ លោកស្នងការ​នគរបាល​ខេត្ត នឹង​ដឹកនាំ​មន្ត្រី​ក្រោម​ឪ​វាទ ចុះ​ទៅ​ជួប​ប្រជុំ​ជាមួយនឹង​ភាគី​វៀតណាម ដើម្បី​ធ្វើការ​សម្របសម្រួល​ដោះស្រាយ​គ្នា​លើ​ករណី​នេះ​ផង​ដែរ ។

មន្ត្រី​នគរបាល​ព្រំដែន​វរ​សេនា​តូច​លេខ​៦១៥  បាន​ប្រាប់​ឲ្យ​ដឹង​ថាៈ កាលពី​វេលា​ម៉ោង​២​និង​២០​នាទី​រសៀល​ថ្ងៃ​ទី​១៨ កញ្ញា មាន​ពលរដ្ឋ​ម្នាក់​ឈ្មោះ ជា ឆូ​យ ភេទ​ប្រុស អាយុ​៥០​ឆ្នាំ នៅ​ភូមិ​ស្អំ ឃុំ​ក្រែក ស្រុក​ពញាក្រែក បាន​មក​រាយ​ការ​ណ៏​ប្រាប់​ដល់​សមត្ថកិច្ច​ថា ក្រុម​មេព្រៃ​វៀតណាម បាន​ចាប់​យក​ម៉ូតូ​ពលរដ្ឋ​ខ្មែរ​ដុត​ឆេះ​រង​ការ​ខូចខាត​រហូត​ដល់​ទៅ​៣​គ្រឿង ដោយសារ​តែ​ពលរដ្ឋ​ខ្មែរ​យើង បាន​ចូល​ទៅ​បេះ​ផ្លែ​មៀនព្រៃ​នៅ​ក្នុង​ដី​ប្រទេស​គេ ជាប់​ព្រំដែន ដោយ​ខុសច្បាប់ ។

មន្ត្រី​នគរបាល​វរ​ព្រំដែន​ដដែល​បាន​ប្រាប់​បន្ត​ថា ក្រោយ​ពី​ទទួល​បាន​នូវ​ដំណឹង​នេះ​ភ្លាម​នោះ ប៉ុស្ដិ៍​ព្រំដែន​ស្អំ​បាន​ប្រញាប់​ទំនាក់ទំនង​ទៅ​ប៉ុស្ដិ៍​យោធា​វៀតណាម លេខ​៨២៣ ព្រមទាំង​ប៉ុស្ដិ៍​ផ្សេង​ទៀត ដោយ​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ ក្នុង​ព្រៃ​ដែល​ត្រូវ​បាន​គេ​អភិរក្ស​នោះ មិន​បានឃើញ​ម៉ូតូ​របស់​ពលរដ្ឋ​ខ្មែរ​ដែល​គេ​ដុត​នោះ​ទេ គឺ​មាន​តែ​ស្នាម​ឆេះ​ខ្លោច​រោល​គល់ឈើ​ឡើង​ខ្មៅ​ដី ។ ចំណែក​ម៉ូតូ​ត្រូវ​បាន​ពលរដ្ឋ​កម្ពុជា​នាំ​គ្នា​សែង​ត្រឡប់​មក​លំនៅ​ឋាន​វិញ​រៀងខ្លួន​អស់ហើយ  ។

កន្លង​មក​កម្លាំង​មេព្រៃ​វៀតណាម ធ្លាប់​បាន​ណែនាំ​ជា​ច្រើន​លើក​ច្រើន​សារ​មិន​ឲ្យ​ពលរដ្ឋ​កម្ពុជា ចូល​ទៅ​បេះ​ភោគផល​ក្នុង​ព្រៃ​ដី​វៀតណាម ដែល​ត្រូវ​បាន​អភិរក្ស​ដោយ​មេព្រៃ​ទេ ប៉ុន្តែ​ពលរដ្ឋ​ខ្មែរ​នូវ​តែ​ផ្គើន​ចូល​ទៅ​លួច​បេះ​ផ្លែ​មៀនព្រៃ​ជា​ដដែល​ៗ ។ លុះ​មក​ដល់​រសៀល​ថ្ងៃ​ទី​១៨ កញ្ញា ស្រប​ពេល​ដែល​ពួក​គាត់​កំពុង​តែ​បេះ​ផ្លែ​មៀនព្រៃ ពេល​ឃើញ​មេព្រៃ​វៀតណាម​មក​ជិត​ដល់ ទើប​នាំ​គ្នា​រត់គេច​ខ្លួន ហើយ​ម៉ូតូ​ចាស់​ៗ៣​គ្រឿង ដែល​ម្ចាស់​រត់​ចោល​ត្រូវ​បាន​ដុត​ខ្លោច​ម៉ាស៊ីន​អស់ ។ កាយវិការ​មេព្រៃ​វៀតណាម​នេះ បញ្ជាក់​ពី​អំពើ​សាហាវ​របស់​ពួក​គេ​ដែល​គួរ​ឱ្យ​ខ្លាច ។ ប្រសិនបើ​ធ្វើការ​អប់រំ​តាម​ផ្លូវច្បាប់​វិញ​ល្អ​ជាង ។

មន្ត្រី​នគរបាល​វរ​សេនា​តូច​លេខ​៦១៥​បញ្ជាក់​ថា ប្រសិនណាបើ​សំណាងល្អ​មិន​ជួប​អ្នក​ណា​ទេ ពលរដ្ឋ​កម្ពុជា​ម្នាក់​ៗ អាច​បេះ​មៀនព្រៃ​បាន​ពី​១០​ទៅ​២០​គីឡូក្រាម ពេល​ដែល​យក​មក​លក់​នៅ​កម្ពុជា​បាន​កំរៃ​ពី​២.០០០​រៀល​ទៅ​២.៥០០​រៀល​ប៉ុណ្ណោះ ហើយ​ជីវភាព​ពួក​គាត់​ច្រើន​តែ​ខ្វះខាត​រកបាន​ព្រឹក​ខ្វះ​ល្ងាច​ក៏​មាន ។

លោក​វរ​សេនី​យ៏​ទោ ទេព សុវណ្ណ មេបញ្ជាការ​វរ​សេនា​តូច​ព្រំដែន​លេខ​៦១៥ បញ្ជាក់​នៅ​រសៀល​ថ្ងៃ​ទី​១៩ កញ្ញា ថា លោក​ឧត្តម​សេនី​យ៏​ត្រី ម៉ៅ ពៅ ស្នងការ​នគរបាល​ខេត្ត នឹង​ដឹកនាំ​មន្ត្រី​ជា​ច្រើន​នាក់ ទៅ​ប្រជុំ​ជាមួយនឹង​ភាគី​វៀតណាម ទំនាក់ទំនង​ដោះស្រាយ​ករណី​ខាងលើ ក្នុង​ស្មារតី​សាមគ្គីភាព​ជា​ប្រទេស​ជិតខាង​ល្អ ។

កាយវិការ​មេព្រៃ​វៀតណាម ចាប់​ម៉ូតូ​ដុត​ចោល​បែប​នេះ បាន​ធ្វើ​ឱ្យ​មានការ​នឹកឃើញ​កាលពី​រដូវប្រាំង​កន្លង​ទៅ ដែល​ជនជាតិ​វៀតណាម​ព្យាយាម​ចូល​តាម​ច្រក​ស្រុក​មេមត់ ជិះ​ម៉ូតូ​ឡើង​រក​បេះ​ផ្កា​អរ​គី​ដេ​ព្រៃ រហូត​ដល់​ខេត្ត​ម​ណ្ឌ​គី​រី ចម្ងាយ​ផ្លូវ​ក្នុង​ដី​ខ្មែរ​រាប់​សិប​គីឡូម៉ែត្រ​បោះ​តង់​ដេក​ក្នុង​ព្រៃ លួច​បេះ​បាន​ផ្កា​ច្រក​បាវ​ដឹក​តាម​ម៉ូតូ តែ​ពួក​គេ​មិន​ត្រូវ​សមត្ថកិច្ច​ខ្មែរ​ចាប់ ឬ​ដុត​ម៉ូតូ​ចោល​បែប​នេះ​ទេ ៕