​បឹង​កេត​ ​​​គ្រោង​​នាំ​យក​ខ្សែ​ការពារ​បរទេស​ម្នាក់​ត្រៀម​ពាន​អន្តរជាតិ​ចុង​ឆ្នាំ​នេះ

លោក​ ប្រាក់ សុវណ្ណារ៉ា ​គ្រូ​បង្វឹក​ក្លឹប​បឹង​កេត​អង្គរ​​បង្ហើប​គម្រោង​នាំ​យក​ខ្សែ​ការពារ​បរទេស​មួយ​រួប​​​មក​ពង្រឹង​ក្រុម សម្រាប់​ត្រៀម​ចូល​រួម​ប្រកួត​ពាន​រង្វាន់ Toyota Mekong Cup , ពាន​ BTV CUP 2016 ​នៅ​វៀតណាម ​និង​ជម្រុះ​ AFC Cup ​នា​ខែ​ធ្នូ​​ឆ្នាំ​២០១៦​ខាង​មុខ​នេះ។

 

​បឹង​កេត​ ​​​គ្រោង​​នាំ​យក​ខ្សែ​ការពារ​បរទេស​ម្នាក់​ត្រៀម​ពាន​អន្តរជាតិ​ចុង​ឆ្នាំ​នេះលោក ប្រាក់ សុវណ្ណារ៉ា​

 

​​ក្លឹប​បឹង​កេត​អង្គរ​តែង​​តែ​ដាក់​ខ្សែ​ការពារ​របស់​ខ្លួន​ចំនួន ៤​រូប​លេង​ក្នុង​លីគ​កំពូល​កម្ពុជា​គឺ រស់ សំអឿន, សុខ សុវណ្ណ, ហុង ផេង និង​ ទូច បញ្ចរ៉ុង​។ កីឡាករ​​ ៤​រូប​នេះ​​តែង​ដើរ​តួ​យ៉ាង​សកម្ម​ក្នុង​តំណែង​ជា​ខ្សែ​ការពារ ប៉ុន្តែ​ក្រោយ​ ហុង ផេង មាន​របួស​ត្រូវ​សម្រាក​រយៈ​ពេល​យូរ​​ធ្វើ​ឲ្យ​បឹង​កេត​​ចាំ​បាច់​ត្រូវ​ការ​ខ្សែ​ការពារ​កណ្ដាល​មួយ​រួប​មក​ជំនួស​តំណែង​​របស់​កីឡាករ​រូប​នេះ។

 

​ទាក់​ទង​នឹង​ចន្លោះ​ប្រហោង​នៅ​តំបន់​ការពារ​​នេះ​លោក ប្រាក់ សុវណ្ណារ៉ា បាន​ឲ្យ​ដឹង​ថា ​ជា​ចាំ​បាច់​បឹង​កេត​ត្រូវ​តែ​មាន​​ខ្សែ​ការពារ​បរទេស​ម្នាក់​​ ដើម្បី​ត្រៀម​ពាន​រង្វាន់​ខាង​លើ។ ​​​​​​ការ​នាំ​ចូល​​បន្ថែម​នេះ​ ដើម្បី​ត្រៀម​​ពង្រឹង​​​នៅ​តំបន់​ការ​ពារ ពី​ព្រោះ​ក្លឹប​បាន​ជួប​ការ​លំបាក​ខ្លះ​នៅ​ពេល ហុង​ ផេង របួស​ ដែល​ជា​ចន្លោះ​ប្រហោង​នៅ​តំបន់​ការពារ។

 

​អតីត​គ្រូ​បង្វឹក​ណាហ្គាវើល​រូប​នេះ​បន្ថែម​ថា ​នៅ​ពេល​នេះ​លោក​មិន​ទាន់​សម្លឹង​ឃើញ​កីឡាករ​រូប​ណា ហើយក៏​មិន​ទាន់​កំណត់​ថា នឹង​យក​មក​ពី​ប្រទេស​ណា​នោះ​ដែរ។ ប៉ុន្តែ​បើ​បឹង​កេត​ចង់​ធ្វើ​បាន​ល្អ​ក្នុង​ការ​ចូល​រួម​ប្រកួត​ពាន​រង្វាន់​អន្តរជាតិ​ផ្សេង​ៗ​នោះ​ ត្រូវ​តែ​​មាន​កម្លាំង​ថ្មី​មក​ជួយ​នៅ​តំបន់​ការពារ​បន្ថែម។

 

​ងាក​ទៅ​​ប្រព័ន្ធ​ប្រយុទ្ធ​របស់​បឹង​កេត​បច្ចុប្បន្ន​​​លោក​​បញ្ជាក់​ថា មិន​មាន​បញ្ហា​អ្វី​នោះ​ទេ កម្រិត​កីឡាករ​​ប្រយុទ្ធ​របស់​បឹង​កេត​​នៅ​ពេល​នេះ​សម​ល្មម​អាច​ប្រកួត​ នឹង​ក្លឹប​ដទៃ​នៅ​លើ​ឆាក​អន្តរជាតិ​បាន។

 

​​បឹង​កេត​ឈ្នះ​ពាន​រង្វាន់​លីគ​កំពូល​កម្ពុជា​​ចំនួន​២​លើក​ហើយ ក្នុង​ឆ្នាំ​២០១៦​នេះ​​លោក ប្រាក់ សុវណ្ណារ៉ា ​ជា​​ចំណែក​មួយ​ដែល​បាន​ជួយ​​​ក្លឹប​មួយ​នេះ​ឲ្យ​ទទួល​បាន​ជោគ​ជ័យ​។ ​​បន្ទាប់​ពី​ឆ្នាំ​២០១២ ​ក្លឹប​មួយ​នេះ​បាន​ឈ្នះ​ម្ដង​​​ក្រោម​ការ​ដឹក​នាំ​របស់​លោក ប្រាក់​ វុទ្ធី ដែល​ជា​​គ្រូ​បង្វឹក​របស់​ក្លឹប​អគ្គិសនី​បច្ចុប្បន្ន៕

 

 ​បឹង​កេត​ ​​​គ្រោង​​នាំ​យក​ខ្សែ​ការពារ​បរទេស​ម្នាក់​ត្រៀម​ពាន​អន្តរជាតិ​ចុង​ឆ្នាំ​នេះបឹង​កេត​អង្គរ​លើក​ពាន​លីគ​កំពូល​កម្ពុជា​ឆ្នាំ​២០១៦​

 

អត្ថបទ​៖ ស្រី សុវណ្ណដារ៉ា​ ​