ភាគី​ថៃ​ព្រម​បើក​ទីផ្សារ ​សម្រាប់​ស្វាយកែវ​រមៀត ​ខ្មែរ​ឡើង​វិញ

ភាគី​ថៃ​ព្រម​បើក​ទីផ្សារ ​សម្រាប់​ស្វាយកែវ​រមៀត ​ខ្មែរ​ឡើង​វិញ

ខេត្តប៉ៃលិន៖ អាជ្ញាធរខេត្ត រួមជាមួយមន្ត្រីនៃមន្ទីរពាក់ព័ន្ធជាច្រើនដូចជា មន្ទីរពាណិជ្ជកម្ម មន្ទីរកសិកម្ម សាខាកាំកុងត្រូល នគរបាលអន្តោប្រវេសន៍ សាខាគយនិងរដ្ឋាករ សមាគមកសិកម្មខេត្ត កាលពីថ្ងៃទី១៤ ខែកញ្ញា កន្លងទៅ បានចូលទៅចរចាជាមួយនឹងភាគីថៃក្នុងទឹកដីខេត្តចាន់បុរី ដើម្បីសុំថៃបើកឱ្យអាជីវករខ្មែរនាំផ្លែស្វាយកែវរមៀតចូលទៅលក់ដូរនៅទីនោះដូចពីមុនតែអត់បានលទ្ធផល ។ លុះបន្ទាប់មក ក៏មានការចរចាជាលើកទី២ ដោយលើកយកហេតុផលផ្សេងៗមកពន្យល់ ទើបខាងថៃយល់ព្រមវិញ ។

ការបន្តការចរចាជាមួយភាគីថៃនេះ បានធ្វើឡើងនារសៀលថ្ងៃទី១៦ ខែកញ្ញា កន្លងទៅរវាងអាជ្ញាធរថៃខេត្តចាន់បុរី និងអាជ្ញាធរខ្មែរខេត្តប៉ៃលិន ដែលភាគីកម្ពុជាដឹកនាំដោយលោក អៀង វុធ អភិបាលរងខេត្ត និងភាគីថៃដឹកនាំដោយលោក វិធូរ៉ាត់ ស៊ីណាម អភិបាលខេត្តចាន់បុរី ស្ថិតនៅផ្សារបានផាកាត ក្នុងភូមិផាកាត ឃុំខ្លងយ៉ៃ ស្រុកពោងណាំរ៉ន ខេត្តចាន់បុរី ប្រទេសថៃ ដើម្បីរកដំណោះស្រាយ ។

សូមបញ្ជាក់ថា ខាងភាគីថៃទាមទារឱ្យខាងក្រសួងកសិកម្មខ្មែរ ធ្វើលិខិតបញ្ជាក់ពីគុណភាពផ្លែស្វាយកែវរមៀតជាមុនសិន មុននឹងនាំចូលទៅលក់នៅប្រទេសរបស់គេ ព្រោះគេថា ធ្លាប់ពិនិត្យឃើញផ្លែស្វាយរបស់ខ្មែរយើងមានសត្វល្អិតនៅក្នុងគ្រាប់ មានបាក់តេរី ហើយមានផ្សិតខ្មៅៗផងដែរ ។ ភាគីថៃបានបិទមិនឱ្យខ្មែរនាំផ្លែស្វាយចូលទៅប្រទេសគេ កាលពីថ្ងៃទី០៨ ខែកញ្ញា រហូតដល់ថ្ងៃទី១៣ ខែកញ្ញា អាជីវករជាង៤០នាក់បានលើកគ្នាទៅតវ៉ានៅមន្ទីរកសិកម្មខេត្ត ដើម្បីឱ្យជួយរកដំណោះស្រាយ ។

ប្រភពព័ត៌មានពីអាជ្ញាធរខ្មែរបានឱ្យដឹងថា ជាលទ្ធផលភាគីថៃបានឯកភាពលើ២ចំណុចគឺ ៖

ទី១-ថៃអនុញ្ញាតឱ្យកម្ពុជានាំស្វាយកែវរមៀតចូលប្រទេសគេបាន ប៉ុន្តែអាចចូលទៅដល់ត្រឹមតែខេត្តចាន់បុរីប៉ុណ្ណោះ

ទី២-នៅក្រោយថ្ងៃទី២៥ ខែកញ្ញា ខាងមុខនេះ ភាគីថៃនឹងបើកឱ្យអាជីវករខ្មែរនាំចូលផ្លែស្វាយកែវរមៀតទៅលក់នៅទូទាំងប្រទេសថៃតែម្តង ។

ចំណែកប្រជាពលរដ្ឋខ្មែរដែលដាំស្វាយកែវរមៀតជាច្រើននៅតាមចម្ការក្នុងខេត្តប៉ៃលិន ក៏ដូចជាខេត្តនានា មានការសប្បាយចិត្តយ៉ាងខ្លាំង ខណៈឃើញអាជ្ញាធរខ្មែររកដំណោះស្រាយចំពោះបញ្ហាជាប់គាំងនូវការនាំចេញផលិតផលផ្លែស្វាយនេះ ។ ប៉ុន្តែចំពោះតម្លៃមិនទាន់ដឹងថា ដូចពីមុនឬចុះថោកជាងមុននោះទេ  ទាល់នៅពេលថៃបើកឱ្យនាំចូលទៅលក់ដូរនៅទីនោះទើបដឹងប្រាកដ ដែលពីមុនលក់ដុំក្នុង១គីឡូក្រាមពី១០ទៅ១៥បាត(ប្រាក់ថៃ) ៕

ភាគី​ថៃ​ព្រម​បើក​ទីផ្សារ ​សម្រាប់​ស្វាយកែវ​រមៀត ​ខ្មែរ​ឡើង​វិញ ភាគី​ថៃ​ព្រម​បើក​ទីផ្សារ ​សម្រាប់​ស្វាយកែវ​រមៀត ​ខ្មែរ​ឡើង​វិញ

ប្រភព ៖ everyday

  • ភាគី​ថៃ​ព្រម​បើក​ទីផ្សារ ​សម្រាប់​ស្វាយកែវ​រមៀត ​ខ្មែរ​ឡើង​វិញ已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/09/20  Category:កំសាន្ត
Tags: