នគរបាល ៖ ឥឡូវ​កាន់តែ​ព្រហើន​ហើយ

រាជធានី​ភ្នំពេញ ៖ កម្មការិនី​រោងចក្រ​ម្នាក់​មាន​ផ្ទៃពោះ​៣​ខែ ខណៈ​ស្ពាយ​កាបូប​ដើរ​តាម​ផ្លូវ​ចេញពី​ផ្សារ​ត្រឡប់​ទៅ​ផ្ទះ​តែ​ម្នាក់ឯង ស្រាប់តែ​ត្រូវ​ចោរ​ដៃ​ស្អិត​២​នាក់​ជិះ​ម៉ូតូ​មក​ឆក់​យក​កាបូប​បណ្ដាល​ឲ្យ​ដួល​ច្រ​ង៉ា​ប់​ច្រ​ង៉ិ​ល និង​ត្រូវ​ម៉ូតូ​ចោរ​អូស​ទៅ​មុខជា​៣​ម៉ែត្រ ។ ហេតុការណ៍​ខាងលើ​នេះ បាន​កើត​នៅ​វេលា​ម៉ោង​៩ និង​១៥​នាទី​ព្រឹក ថ្ងៃ​ទី​២០ ខែកញ្ញា ឆ្នាំ​២០១៦ នៅ​តាម​ផ្លូវ​ជិត​ផ្សារ​ព្រៃ​ទា ស្ថិត​ក្នុងភូមិ​ព្រៃ​ទា សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

នារី​រង​គ្រោះ​ឈ្មោះ ម៉ាក់ ជេ​នី អាយុ​២៤​ឆ្នាំ មុខរបរ​កម្មការិនី​រោងចក្រ​កាត់ដេរ ស្នាក់​នៅផ្ទះ​ជួល​ក្នុងភូមិ​ព្រៃ​ទា សង្កាត់​ចោម​ចៅ និង​មានស្រុក​កំណើត​នៅ​ក្នុងភូមិ​បេង ឃុំ​ព្រៃ​ពង ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង ។

នារី​រង​គ្រោះ​បាន​រៀបរាប់​ប្រាប់​នគរបាល​ថា មុន​ពេល​កើតហេតុ​នាង​បាន​ធ្វើ​ដំណើរ​ពី​ផ្សារ​ឆ្ពោះទៅ​ផ្ទះ​ជួល​ដែល នាង​ស្នាក់​នៅ ខណៈនោះ​នាង​បាន​ស្ពាយ​កាបូប​មួយ​ផង​ដែរ ដែល​នៅ​ក្នុង​កាបូប​នោះ​មាន​លុយ​ខ្មែរ​ជាង​២០​ម៉ឺន​រៀល និង​លុយ​អា​មេ​រិ​ក​៤០​ដុល្លារ ព្រមទាំង​ទូរស័ព្ទ​សាំ​ស៊ុ​ង​១​គ្រឿង ពេល​នោះ​ស្រាប់តែ​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ ទៅ​ដល់​ជិត​ហើយ​ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​នាង បណ្ដាល​ឲ្យ​នាង​ដួល​ច្រ​ង៉ា​ប់​ច្រ​ង៉ិ​ល និង​ត្រូវ​ម៉ូតូ​ចោរ​អូស​ទៅ​មុខជា​៣​ម៉ែត្រ​រង​របួស​រលាត់​ដៃជើង និង​ខ្លួនប្រាណ​យ៉ាងដំណំ បន្ទាប់​មក​ទើប​ពួក​ចោរ​នោះ​បាន​នាំ​គ្នា​ជិះ​ម៉ូតូ​គេចខ្លួន​បាត់​ស្រមោល ។

មន្ត្រី​នគរបាល​បាន​ឲ្យ​ដឹង​ថា ឥឡូវនេះ​ក្រុម​ចោរ​កាន់តែ​ព្រហើន​ទៅ​ៗ​ហើយ ហ៊ាន​ឆក់​កាបូប​នៅ​ទីប្រជុំជន ដោយ​មិន​ខ្លាចញញើត​អ្វី​បន្តិច​សោះឡើយ ។ ចំណែក​នារី​រង​គ្រោះ​បន្ទាប់​ពី​ត្រូវ​ចោរឆក់​កាប​បូ​ប​នាង​បាន​ធ្វើ​ដំណើរ​ទៅ​ដាក់​ពាក្យ​ប្ដឹង ហើយ​កម្លាំង​បាន​ចេញ​អន្តរាគមន៍​ដែរ ប៉ុន្តែ​មិន​បាន​ប្រទះ​ឃើញ​ក្រុម​ចោរ​ឡើយ ៕