សន្តិសុខ​យាម​ព្រោងព្រាត ចោរ​គាស់​ទូដែក​យក​លុយ​ជិត​១០​ម៉ឺន​ដុល្លារ​អត់​ដឹង

ខេត្តកំពង់ស្ពឺ ៖ លុយ​ជិត​១០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​ត្រូវ​បាន​ក្រុម​ចោរ​យក​ទៅ​បាត់​​ដោយ​សុវត្ថិភាព ខណៈ​មាន​សន្តិសុខ​យាម​ទាំង​យប់​ទាំង​ថ្ងៃ​យ៉ាង​ព្រោងព្រាត ។ ហេតុការណ៍​ចោរ​គាស់​ទូដែក​យក​លុយ​នេះ​កើតឡើង​កាលពី​យប់​ថ្ងៃ​ទី​១៩ ខែកញ្ញា ឆ្នាំ​២០១៦ នៅ​ក្នុង​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់ វ៉ា​យ ធី ស៊ី ខ​ប​ប៉ូ​រ៉េ​សិន ដែល​មា​នទី​តាំងនៅ​ភូមិ​វ​ល្លិ៍​ស ឃុំ​វ​ល្លិ៍​ស ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ។

លោក​អនុសេនីយ៍ឯក ម៉ិច សុ​ភាន់ អធិការរង​នគរបាល​ស្រុក​សំរោង​ទង បាន​ឲ្យ​ដឹង​ថា កាលពី​យប់​(​មិនដឹង​ម៉ោង​ប៉ុន្មាន​)​ថ្ងៃ​ទី​១៩ ខែកញ្ញា ឆ្នាំ​២០១៦ ចោរ​១​ក្រុម​មិនដឹង​មុខ និង​ចំនួន បាន​ធ្វើ​សកម្មភាព​កាត់​សោ​ឃ្លាំង​ទូដែក និង​កាត់​សោ​បន្ទប់​អគ្គនាយក របស់​រោងចក្រ​កាត់ដេរ​សំលៀក​បំពាក់ វ៉ា​យ ធី ស៊ី ខ​ប​ប៉ូ​រ៉េ​សិន​យក​លុយ​តម្កល់​ទុក​សម្រាប់​ចំណាយ​ក្នុង​រោងចក្រ​អស់​ចំនួន​៤៥.៧៤៣,៥៧ (​បួន​ម៉ឺន​ប្រាំ​ពាន់​ប្រាំពីរ​រយ​សែសិប​បី​ដុល្លារ​ចុច​ហាសិប​ប្រាំពីរ​សេន​) និង​លុយ​ខែ្ម​រ​ចំនួន​១១.៦៧១.៣០០​រៀល​(​ដប់​មួយ​លាន​ប្រាំមួយ​រយ​ចិតសិប​មួយ​ពាន់​បី​រយ​រៀល​) ។
លោក​អធិការរង​បន្ត​ថា លុះដល់​ម៉ោង​៦ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២០ ខែកញ្ញា ឆ្នាំ​២០១៦ ទើប​សន្តិសុខ​វេន​ពេល​ថ្ងៃ​ចូល​ធ្វើការ​បានដឹង និង​មានការ​ភ្ញាក់ផ្អើល​ថា មាន​ចោរ​មួយ​ក្រុម​បាន​ធ្វើ​សកម្មភាព​គាស់​លួច​យក​លុយ​អស់​រាប់​ម៉ឺន​ដុល្លារ ទើប​ខាង​រោងចក្រ​រាយការណ៍​មក​សមត្ថកិច្ច​ឲ្យ​ចុះ​ទៅ​ពិនិត្យ ។
សមត្ថកិច្ច​ស្រុក​សំរោង​ទង​បាន​ឲ្យ​ដឹង​ថា រោងចក្រ វ៉ា​យ ធី ស៊ី ខ​ប​ប៉ូ​រ៉េ​សិន (YTC CORPORATION) នេះ​មាន​អគ្គនាយក​ឈ្មោះ គឹ​ម ម៉ី​ជី​ន ជនជាតិ​កូរ៉េ ។ ហើយ​រោងចក្រ​នេះ​មាន​សន្តិសុខ​យាម​ច្រើន​ណាស់ មិន​គួរ​ណា​ចោរ​ហ៊ាន​លួច​ចូល​គាស់​នោះ​ទេ ម្យ៉ាងទៀត​ខាង​សន្តិសុខ​ដែល​យាម​ពេល​យប់​ហាក់​មិន​ចង់​សហការ​ជាមួយ សមត្ថកិច្ច​ដើម្បី​ធ្វើការ​ស្រាវជ្រាវ​ឡើយ ។
សមត្ថកិច្ច​នៅ​មិន​ទាន់​បង្ហាញ​តម្រុយ​ណាមួយ​នៅឡើយ​ទេ ដោយ​និយាយ​ថា ករណី​នេះ​មាន​ពន្លឺ​ខ្លះ​ហើយ ដោយ​សុំ​ពេល​ប្រមូល​ភស្តុ​តាង​បន្តិច​សិន ពេល​នេះ​ជំនាញ​កំពុង​សហការ​ជាមួយ​កម្លាំង​ព្រហ្មទណ្ឌ​កម្រិត​ស្រាល និង​ជំនាញ​បច្ចេកទេស​ខេត្ត​ដើម្បី​ស្រាវជ្រាវ​តាម​រយៈ​ស្នាម​ក្រយៅ​ដៃ​ដែល​ជាប់​នៅ​នឹង​ទូដែក​រក​សាវតា​ពិត​នៃ​ម្ចាស់​ស្នាម​ក្រយៅ​ដៃ​ទាំងនេះ ។
ទោះជា​យ៉ាងណា​មជ្ឈដ្ឋាន​មហាជន​បាន​ដាក់​ការ​សង្ស័យ​ថា ក្រុម​ចោរ​ដែល​ចូល​មក​លួច​គាត់​ទូដែក​យក​លុយ​ដ៏​ច្រើន​ស​ន្ឋឹ​កស​ន្ឋា​ប់​បែប​នេះ គ្មាន​មនុស្ស​ខាងក្រៅ​ឯណា​ធ្វើ​បាន​ឡើយ គឺ​មាន​តែ​ចោរ​ស្រុក​ឲ្យ​ដៃ​ទេ ទើប​ចោរព្រៃ​ហ៊ាន​ចូល​៕