ខួប​១០​ឆ្នាំ​នៃ​រដ្ឋប្រហារ​ទម្លាក់​បង​ប្រុស​ខ្លួន លោកស្រី យី​ង​ឡាក់ សង្ឃឹមថា ខ្លួន​ជា​ជនរងគ្រោះ​ចុងក្រោយ​ដោយសារ​រដ្ឋប្រហារ និពន្ធដោយ : ទេព អ៊ីវិសាល       September-20-2016, 3:03 pm         235

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ខួប​១០​ឆ្នាំ​នៃ​រដ្ឋប្រហារ​ទម្លាក់​បង​ប្រុស​ខ្លួន លោកស្រី យី​ង​ឡាក់ សង្ឃឹមថា ខ្លួន​ជា​ជនរងគ្រោះ​ចុងក្រោយ​ដោយសារ​រដ្ឋប្រហារអតីតនាយករដ្ឋមន្ត្រីថៃ យីងឡាក់ ស៊ីនណាវ៉ាត់ត្រា (រូបភាពដោយ៖ Xinhua)​អតីត​នាយករដ្ឋមន្ត្រី​ថៃ លោកស្រី យី​ង​ឡាក់ ស៊ីន​ណា​វ៉ា​ត់​ត្រា (Yingluck Shinawatra) បាន​ថ្លែ​ការណ៍​បែប​ត្អូញត្អែរ និង​ការខកចិត្ត​ដ្បិត​គ្រួសារ​ត្រកូល ស៊ីន​ណា​វ៉ា​ត់​ត្រា ដែល​បាន​ដឹកនាំ​ប្រទេស​ថៃ​កន្លងមក សុទ្ធសឹងតែ​រងគ្រោះ​ដោយសារតែ​រដ្ឋប្រហារ​យោធា​ជា​បន្តបន្ទាប់​។ លោកស្រី ក៏​សង្ឃឹមថា លោកស្រី គឺជា​បុគ្គល​ចុងក្រោយ​ហើយ ដែលជា​រងគ្រោះ​ដោយសារ​រដ្ឋប្រហារ​យោធា​នៅក្នុង​ប្រវត្តិសាស្ត្រ​របស់​ថៃ​នោះ​។

«​ថ្វី​ត្បិត​ពេលវេលា បាន​កន្លងផុតទៅ​ជាច្រើន​ឆ្នាំ​ក៏ដោយ ប្រ​វ​តិ្ត​ច្រំ​ដែលៗ នៅតែ​មិនទាន់​បញ្ចប់​ពី​សង្គម​ថៃ​នៅឡើយ​នោះទេ​។ អ្វីដែល​ខ្ញុំ​ប្រាថ្នា​តែមួយគត់​នោះ គឺ វា​(​រដ្ឋប្រហារ​) មិន​កើតឡើង​ម្តងទៀត ហើយ​ខ្ញុំ គឺជា​បុគ្គល​ចុងក្រោយបង្អស់​ដែល​រងគ្រោះ​ដោយសារ​រដ្ឋប្រហារ​យោធា​»​។ នេះ​គឺជា​សារ​របស់​លោកស្រី យី​ង​ឡាក់ ស៊ីន​ណា​វ៉ា​ត់​ត្រា ដែល​បាន​សរសេរ​នៅលើ​នៅ​ថ្ងៃទី​១៩ ខែកញ្ញា ម្សិលមិញ​។

​សេចក្តីថ្លែងការណ៍​តាមរយៈ​បណ្តាញ​សង្គម​របស់លោក​ស្រី​អតីត​នាយករដ្ឋមន្ត្រី​រូបនោះ ធ្វើឡើង​ដើម្បី​រម្លឹក​ខួប​១០​ឆ្នាំ​នៃ​ការធ្វើ​រដ្ឋប្រហារ​យោធា​ទម្លាក់​បងប្រុស​របស់លោក​ស្រី គឺ​លោក​អតីត​នាយករដ្ឋមន្ត្រី​ថៃ ថាក់ស៊ីន ស៊ីន​ណា​វ៉ា​ត់​ត្រា (Thaksin Shinawatra) ដោយ​លោកស្រី ប្រៀបធៀប​ដែរ​ថា រដ្ឋប្រហារ​យោធា​ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​២០០៦ និង​រដ្ឋប្រហារ​ថ្ងៃទី​២២ ខែឧសភា​ឆ្នាំ​២០១៤ មិន​ខុសគ្នា​ឡើយ​។

​លោកស្រី យី​ង​ឡាក់ ដែលជា​ធ្លាប់ជា​នាយករដ្ឋមន្ត្រី​ស្ត្រី​ថៃ​ដំបូងបង្អស់​នោះ ក៏បាន​ថ្លែង​រិះគន់​ដែរ​ថា រាល់​រដ្ឋប្រហារ​នីមួយៗ សុទ្ធតែ​ធ្វើ​ឲ្យ​ប្រទេស​ថៃ​ត្រូវ​អាប់ឱន​កិត្តិយស​ក្នុង​ឆាក​អន្តរជាតិ ,​នាំ​ឲ្យ​ប្រទេស​បាត់បង់​កំណើនសេដ្ឋកិច្ច និង​ធា្ល​ក់​ចុះ​នូវ​ការធ្វើ​ពាណិជ្ជកម្ម និង​វិនិយោគ​ជាមួយនឹង​ប្រទេស​ដែលមាន​ការអភិវឌ្ឍ​ខ្ពស់​ទៀតផង​។

​សូម​ជម្រាប​ផងដែរ លោកស្រី យី​ង​ឡាក់ ស៊ីន​ណា​វ៉ា​ត់​ត្រា ត្រូវបាន​ទម្លាក់​ពី​តំណែង​ជា​នាយករដ្ឋមន្ត្រី ដោយសារ​រដ្ឋប្រហារ​យោធា​នៅ​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០១៤ ដែល​ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍ ប្រា​យុទ្ធ ចន្ទ អូ​ចា (Prayuth Chan o Cha) ដែលជា​នាយករដ្ឋមន្ត្រី​ថៃ​បច្ចុប្បន្ន​។ ក្រោយ​អស់អំណាច លោកស្រី ត្រូវបាន​សភា​ថៃ ផ្អាក​ពី​កិច្ចការ​នយោបាយ​រយៈពេល​ប្រាំ​ឆ្នាំ និង​កំពុង​រង​ការចោទប្រកាន់​ទាំង​បទ​ព្រហ្មទណ្ឌ និង​រដ្ឋប្បវេណី​ពាក់ព័ន្ធ​ការធ្វើ​ឲ្យ​បាត់បង់​ថវិកាជាតិ​រាប់លាន​ដុល្លារ​ក្នុងពេល​លោកស្រី​ដឹកនាំ​ប្រទេស​ផងដែរ​។

​មិន​ខុសពី​លោកស្រី អតីត​នាយក​ដ្ឋ​មន្ត្រី​ថៃ លោក ថាក់ស៊ីន ស៊ីន​ណា​វ៉ា​ត់​ត្រា ដែលជា​បងប្រុស​របស់​លោកស្រី ក៏​ត្រូវបាន​អស់តំណែង​ដោយសារតែ​រដ្ឋប្រហារ​យោធា​ផងដែរ​។ លោក​ថាក់ស៊ីន ត្រូវបាន​ទម្លាក់​ពី​អំណាច ក្រោម​ការដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍  Sonthi Boonyaratglin នៅ​ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​២០០៦ ខណៈពេលដែល​លោក កំពុង​បំពេញ​ទស្សនកិច្ច​ផ្លូវការ​ក្រៅប្រទេស​។ មកទល់ពេលនេះ មេដឹកនាំ​ត្រកូល​ស៊ីន​ណា​វ៉ា​ត់​ត្រា​រូបនេះ កំពុងតែ​រស់នៅ​និរទេស​ក្រៅប្រទេស​នៅឡើយ​នោះទេ ដ្បិត លោក ក៏ត្រូវ​តុលាការ​កាត់ទោស​ពន្ធនាគា​រ ក្រោម​បទ​ពុករលួយ​ផងដែរ​៕