អ៉ឹម ជីវ៉ា ត្រៀមចែកបាយ ចំនួន៣០០ប្រអប់ ដល់ជនក្រីក្រ នាឱកាសរដូវ​បុណ្យ​ភ្ជុំបិណ្ឌ

(ភ្នំពេញ)៖ តារាសម្តែង ដែលតែងតែមានទឹកចិត្តមនុស្សធម៌ លោក អ៉ឹម ជីវ៉ា បានត្រៀមរៀបចំបាយ​ម្ហូប ចំនួន៣០០ប្រ​អប់ យកទៅចែកជូនដល់ប្រជាពលរដ្ឋក្រីក្រ និងកុមារកំពា្រ នាឱកាសថ្ងៃកាន់បិណ្ឌ នៃពិធីភ្ជុំបិណ្ឌ នៅដើមសប្តាហ៍​ក្រោយនេះ។

លោក អ៉ឹម ជីវ៉ា បានសរសេរ នៅលើបណ្តាញសង្គមហ្វេសប៊ុក របស់ខ្លួនថា «កាន់បិណ្ឌភ្ជុំបិណ្ឌឆ្នាំ​​នេះ ​ខ្ញុំបាទនឹងធ្វើបាយចំនួន៣០០ប្រអប់ ដើម្បីចែកជូនដល់ អ្នកក្រីក្រចាស់ជរា​ រួមនិងថវិកា​សម្ភារ: មួយចំនួនទៀត​។ បើបងប្អូនមិត្តសិល្បករ​តារា​ៗ​ និងមិត្ត Facebook ចង់ចូលរួម ទៅវត្តចែកទានដល់អ្នកក្រីក្រទាំងអស់គ្នា សូមទាក់ទងតាម​លេខទូរស័ព្ទ​០៦៩ ៦៦០ ៦៩១ ហើយពេលវេលា ទីកន្លែង និងជម្រាបជូនតាមក្រោយ ឈ្មោះសប្បុរសជន និងសិល្បករ​តារាៗទាំងអស់ និងប្រកាសតាមផេកសិល្បករកម្ពុជា និងសាព័ត៌មាននានា​!»។

ថ្លែងបញ្ជាក់បន្ថែមប្រាប់ Khmertalking នៅរសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦នេះ លោ​ក អ៉ឹម ជីវ៉ា បានប្រាប់ឲ្យដឹងថា លោកពិតជាមានគម្រោង ចែកបាយចំនួន៣០០ប្រអប់ពិតមែន​ នាដើម​ស​ប្តាហ៍ក្រោយនេះ។ ចំណែកឯកទីតាំង លោកមិនទាន់បញ្ជាក់ច្បាស់នៅឡើយទេ គ្រាន់តែ​និ​យា​យថា មានពីរជម្រើស អាចនៅលើគំនរសំរាមបឹងជើងឯក ឬអាចភ្នំតាម៉ៅក៏ថាបាន។

តារាប្រុសរូបសង្ហា លោក អ៉ឹម ជីវ៉ា បានឲ្យដឹងទៀតថា ថវិកា​ដែលលោកត្រៀ​មរៀបចំ ធ្វើ​​បា​យ​ម្ហូប និងទិញសម្ភារៈ ចែកជូនដល់ពួកគាត់នេះ គឺបានមកពីការរៃអង្គាសគ្នា រវាងសិល្បករ និងសិល្បការិនីរួមមាន លោក សុះ ម៉ាច, លោក សន វិជ្ជបុត្រ ,អ្នកស្រី ចាន់ តារាទី,កញ្ញា ហេង ស្រី​ពេជ្រ,លោកឧកញ៉ា ទុំ សារ៉ុត ហៅនាយ ឃ្លោក រួមនឹងតារាប្រុស-ស្រី មួយចំនួនទៀត៕

ប្រភព ៖
Khmertalking

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា  អឹម ជីវ៉ា ស្រក់​ទឹក​ភ្នែក ពេល​ឃើញ​រូប​ថត​កាល​ពី ១៥​ឆ្នាំ​​មុន ព្រោះ​តែ​ការ​ប្រមាថ​មើល​ងាយ ។ គួររំលឹកផងដែរថា តារាសម្តែង និងជាពិធីកររូបសង្ហា តែងលេចមុខក្នុងសកម្មភាពមនុស្សធម៌ ជួយសិល្បករ-សិល្បការិនីចាស់ៗ បាត់បង់សមត្ថភាព លោក អឹម ជីវ៉ា កាលពីមុននេះបន្តិច បានបង្ហោះរូបថតជាច្រើន ដើម្បីរំឭកពីប្រវត្តិ និងអនុស្សាវរីយ៍របស់ខ្លួន ធ្លាប់ឆ្លងកាត់រាល់ព្យុះភ្លៀង ស្ទើររាប់មិនអស់ ទម្រាំជីវិតឆ្លងផុត មកដល់ពេលបច្ចុប្បន្ននេះ។

ជាមួយគ្នា នៃការបង្ហោះរូបថតជាច្រើនសន្លឹក គោលបំណងរំឭកអនុស្សាវរីយ៍ ពីសំណាក់តារាសម្តែង លោក អឹម ជីវ៉ា នៅលើបណ្តាញសង្គមហ្វេសប៊ុក ជាសាធារណៈនេះ លោកក៏បានសរសេរភ្ជាប់ជាមួយពាក្យថា «បើឃើញហើយកុំសើចណា សូមរំឭករូបថត អនុស្សាវរីយ៍កាលពី១៥ឆ្នាំ មុនពេលចូលសិល្បៈដំបូង ពេលមើលរូបទាំងនេះម្តងៗ មិនដឹងទឹកភ្នែកហូរ មកពីណា វាពិតជានឿយហត់ពេកហើយ សំរាប់ខ្ញុំ!»។

លោក អឹម ជីវ៉ា ក៏បានបញ្ជាកដែរថា «លំបាកវេទនា ជូរចត់ ជីវិតក្រីក្រ ជីវិតជាក្មេងកំព្រា ការជេប្រមាថមើលងាយមើលថោក រឿងរ៉ាវគ្រប់បែបយ៉ាង ដែលកើតមានមកលើរូបខ្ញុំ តែខ្ញុំមិនដែលចុះចាញ់ ការតស៊ូអត់ធ្មត់ឡើយ ហើយតែងតែគិតលួងចិត្តខ្លួនឯងថា វាមិនអីទេ បើមានដង្ហើមកុំអស់សង្ឃឹម .»។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload