អាជ្ញាធរជាតិអប្សរា បញ្ចប់ការជួសជុល កំពែងអង្គរធំ ប្រវែង៤៥ម៉ែត្រនៅខ្លោងទ្វារ ដីឆ្នាំង

សៀមរាប៖ កំពែងក្រុងអង្គរធំ ជ្រុងខាងជើង ផ្នែកខាងកើតខ្លោងទ្វារដីឆ្នាំងប្រវែង៤៥ម៉ែត្រ ដែលរងការ ខូចខាតដោយឥទ្ធិពលខ្យល់ ព្យុះកេតសាណានាឆ្នាំ២០១១កន្លងមក បានជួសជុលរួចជាស្ថាពរ ហើយ នៅខែកញ្ញា ឆ្នាំ២០១៦នេះ ដោយនាយកដ្ឋានអភិរក្សប្រាសាទ ក្នុងឧទ្យាននិងបុរាណវិទ្យាបង្ការ នៃ អាជ្ញាធរជាតិអប្សរា បន្ទាប់ពីបំពេញការងារអស់រយៈពេល៤ឆ្នាំ។

លោក ម៉ៅ សុខនី មន្ត្រីបច្ចេកទេសនិងជាអ្នកគ្រប់គ្រង ការដ្ឋានជួសជុលរបស់នាយកដ្ឋានអភិរក្ស ប្រាសាទ ក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការ នៃអាជ្ញាធរជាតិអប្សរា បានប្រាប់ថា កំពែងប្រវែង ៤៥ម៉ែត្រនេះ បានរងនូវការខូចខាត ដោយសារកត្តាអាយុកាលរាប់រយឆ្នាំ អាកាសធាតុ ការគំរាមកំហែង ពីធម្មជាតិ ពិសេសឥទ្ធិពល នៃខ្យល់ព្យុះកេតសាណាកាលពីឆ្នាំ២០១១។

ដោយមើលឃើញពីហានិភ័យ និងភាពទ្រុឌទ្រោមនៃរចនាសម្ព័ន្ធកំពែងប្រាសាទ នៅឆ្នាំ២០១២អាជ្ញាធរជាតិអប្សរា ក៏បានធ្វើការ ទល់ទ្រនិងថែទាំជាបន្តបន្ទាប់រហូតធ្វើការជួសជុល រួចជាស្ថាពរនៅពេលនេះ។ លោកបន្តទៀតថា ចំពោះការជួសជុលកំពែងនេះ គឺធ្វើតាមបច្ចេកទេសបុរាណ និងរក្សានូវទ្រង់ទ្រាយ ដើមទាំងស្រុង ដោយការរៀបថ្មតាមទីតាំងដើមចំពោះថ្មល្អ ឯថ្មណាដែលពុកផុយប្រើការមិនកើត គឺ ជំនួសដោយថ្មថ្មី។

ចំណែកបាយអដែលបិទភ្ជាប់ថ្មបាយក្រៀមនឹងជញ្ជាំងកំពែង គឺផ្សំឡើងដោយ សមាសធាតុដូចជា ខ្សាច់ ដីឥដ្ឋ កំទេចថ្មបាយក្រៀមម៉ដ្ឋ ដែលវាមានភាពស្អិតល្អ ពេលស្ងួតគឺរឹងមាំដូច បេតុងដូច្នោះដែរ។ បន្ថែមពីនោះ លោកបានអះអាងថា ជញ្ជាំងកំពែងដែលទើបជួសជុលថ្មីនេះ នឹង មានភាពរឹងមាំយូរជាងសំណង់ចាស់ ព្រោះពីបុរាណកំពែងនេះមានភាពស្តើង មុខកាត់ប្រវែងមួយម៉ែត្រ ហើយខាងក្នុងទប់ដោយដី អាចនៅបានជាង៨០០ឆ្នាំមកហើយ។ រីឯបច្ចេកទេសថ្មី គឺក្រុមការងារបាន ថែមជញ្ជាំងមួយជាន់ទៀតពីខាងក្នុង ដូច្នេះនឹងអាចធ្វើឱ្យជញ្ជាំងនេះមានភាពរឹងមាំកាន់តែយូរ។

ក្នុងនោះដែរ ចំពោះការរៀបថ្ម ដាប់ថ្ម ជញ្ជូនថ្ម ក៏មិនមានការប្រើគ្រឿងចក្រ អ្វីដែរ គឺប្រើកម្លាំង ពលកម្មរបស់អាជ្ញាធរជាតិអប្សរាចំនួន៧០នាក់។ លោក សុខនី ក៏បានបញ្ជាក់ទៀតថា បន្ទាប់ពីបញ្ចប់គម្រោងជួសជុលនេះ ក្រុមការងារនឹងបន្តភារកិច្ច ថែទាំ ទប់ទឹកកុំឱ្យហូរច្រោះមកលើជញ្ជាំងកំពែង កាត់ក្រីមែកឈើ និងដកកូនឈើដែលដុះលើកំពែង។ លោកពូ សូ នៅ អាយុ៥២ឆ្នាំ មានស្រុកកំណើតនៅភូមិស្រះស្រង់ ជាប្រធានក្រុមកម្មករបានប្រាប់ថា លោកពូចូលមកធ្វើការងារនេះរយៈពេល៤ឆ្នាំហើយ ទទួលបន្ទុកផ្នែកដាប់ថ្មនិងរៀបថ្ម។

ចំពោះការងារមិនពិបាកអ្វីទេ ព្រោះជាជំនាញស្រាប់ វាគ្រាន់តែទាមទារ ការអត់ធ្មត់ ការស្រឡាញ់ និង យកចិត្តទុកដាក់តែប៉ុណ្ណោះ។ លោកពូក៏បានសម្តែងនូវក្តីសប្បាយរីករាយដែល បានចូលរួម ចំណែក ក្នុងការជួសជុល អភិរក្សបេតិកភណ្ឌដូនតាជូនកូនខ្មែរគ្រប់ជំនាន់ផងដែរ ហើយក៏សូមឱ្យ កូនខ្មែរ ទាំងអស់ចេះស្រឡាញ់ ថែរក្សា ការពារនូវសម្បត្តិទាំងនេះ ឱ្យបានគង់វង្សទុកជាមរតកដល់ កូនចៅ ជំនាន់ក្រោយៗទៀត។

គួរបញ្ជាក់ផងដែរថា តាំងពីឆ្នាំ២០១២ មកដល់ពេលនេះ អាជ្ញាធរជាតិអប្សរាបានជួសជុលកំពែង ជញ្ជាំង អង្គរធំបានប្រវែងសរុប៨៣ម៉ែត្រហើយ ដូចជានៅទន្លេអុំប្រវែង១៦ម៉ែត្រ និងនៅខ្លោងទ្វារដីឆ្នាំង ជ្រុង ឦសានប្រវែង៨ម៉ែត្រ ចំណុចកណ្តាល ប្រវែង៤៥ម៉ែត្រ និងខាងជើងឆៀងខាងកើតប្រវែង ១៤ម៉ែត្រ៕

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត