ឌុច លីដា ថត​រឿង​ឲ្យ​​​ចិន ទទួល​បាន​តម្លៃ​ខ្លួន​ខ្ពស់​​

ជួប​សម្ភាសន៍​ជា​ Sabay តាម​រយៈ​ទូស័ព្ទ​កញ្ញា ស្រីនាង ត្រូវ​ជា​ប្អូន​ស្រី និង​ជា​ជំនួយ​ការ​របស់ កញ្ញា ឌុច លីដា ផ្ទាល់​បានអះ​អាង​ថា ​រូប​ថត​ដែល​កញ្ញា ឌុច លីដា តុប​តែង​ខ្លួន​កោ​ត្រងោល​ថត​ជា​មួយ​ព្រះ​សង្ឃ​នៅ​ប្រាសាទ​អង្គ​វត្ត​ គឺ​នាង​ថត​រឿង​ឲ្យ​ផលិតកម្ម​ចិន​។​ក្នុង​រឿង​នេះ​នាង​ក៏​ទទួល​បាន​តម្លៃ​ខ្លួន​ខ្ពស់​គួសម​​។

 

ឌុច លីដា ថត​រឿង​ឲ្យ​​​ចិន ទទួល​បាន​តម្លៃ​ខ្លួន​ខ្ពស់​​

 

ឌុច លីដា បាន​ធ្វើ​ឲ្យ​ទស្សនិកជន​ជា​ច្រើន​ចាប់​អារម្មណ៍ តាម​រយៈ​រូប​ថត​មួយ​សន្លឹក​បង្ហោះ​លើ​បណ្ដាញ​​សង្គម​របស់​នាង ដែល​បង្ហាញ​ថា នាង​ស្លៀក​ពាក់​ស និង​កោ​ត្រងោល ដែល​ប្រិយមិត្ត​សង្ស័យ​ថា នោះ​ជា​ឈុត​សម្ដែង​នៃ​រឿង​ណា​មួយ។ ចំណុច​នេះ ប្អូន​ស្រី​​របស់ ឌុច លីដា ទទួល​ស្គាល់។

 

ស្រីនាង ថ្លែង​ថា “ចាស​​បង​រូប​ថត​តុប​តែង​ខ្លួន​កោ​ត្រងោល គឺ​បង​ លីដា​ គាត់​ថត​រឿង​ឲ្យ​ផលិតកម្ម​ With You Production របស់​ផលិតកម្ម​ចិន​ក្នុង​រឿង​ “អណ្តាត​ភ្លើង​នៅ​រដូវ​ក្តៅ​” នៅ​ក្នុង​រឿង​នេះ​ដែរ​បង​​ លីដា​ គាត់​ទទួល​បាន​តម្លៃ​ខ្លួន​ខ្ពស់​ជាង​ថត​ឲ្យ​ផលិតកម្ម​នៅក្នុង​ស្រុក​បង”។

 

យ៉ាង​ណា​ក៏​ដោយ ជំនួយ​ការ​រូប​នេះ សុំ​សិទ្ធិ​មិន​បញ្ចេញ​​ចំពោះ​តម្លៃ​ខ្លួន​​របស់​បង​ស្រី​ខ្លួន សម្រាប់​ការ​ថត​រឿង​ឲ្យ​បរទេស​មួយ​នេះ។ នៅ​ក្នុង​រឿង​”អណ្តាត​ភ្លើង​នៅ​រដូវ​ក្តៅ​” កញ្ញា ឌុច លីដា មាន​ឈុត​ឆាក​ថត​នៅ​ប្រាសាទ​អង្គ​វត្ត​មាន​រយៈ​ពេល​ពី​រ​ថ្ងៃ​​ គឺ​ថ្ងៃ​ទី​​១៨ និង​១៩ ខែ​កញ្ញា ឆ្នាំ ២០១៦ កន្លង​ទៅ​កាល​ពី​ពេល​ថ្មី​ៗ​នេះ​។

 

ក្នុង​ចំណោម​​តារា​សម្តែង​ខ្មែរ​៥០​នាក់​មាន​តែ​ កញ្ញា ឌុច លីដា ម្នាក់​គត់​​ដែល​ត្រូវ​បាន​ផលិតកម្ម​ចិន​ជ្រើស​រើស​។​ប្អូន​ស្រី​​របស់​ ឌុច លីដា ថ្លែង មក​កាន់​Sabay ៕

 

អត្ថបទ​៖ ឆុង ស៊ីណាន ​​