បារាំង ក្លាយ​ជា​ប្រទេស​ដំបូង​បង្អស់ ហាម​ឃាត់​កែវ និង​ចាន​ប្លាស្ទិក

បារាំង បាន​ក្លាយ​ជា​ប្រទេស​ដំបូង​គេ​បង្អស់ នៅ​លើ​ពិភពលោក ដែល​ហាម​ឃាត់​កែវ និង​ចាន​ប្លាស្ទិក (ដែល​ប្រើ​ហើយ​បោះ​ចោល)។ ច្បាប់​ថ្មី​មួយ​របស់​បារាំង នឹង​តម្រូវ​ឲ្យ​សម្ភារៈ​លើ​តុ​បាយ ដូច​ជា កែវ និង​ចាន ប្រើ​ប្រាស់​ជីវសាស្ត្រ ចំនួន ៥០​ភាគរយ​ក្នុង​ការ​ផលិត ដែល​វា​អាច​ធ្វើ​ជា​ជី​កំប៉ុស​នៅ​ផ្ទះ​បាន នៅ​ខែ​មករា ឆ្នាំ​២០២០ ខាង​មុខ​នេះ។ ចំនួន​នេះ​នឹង​កើន​ឡើង រហូត​ដល់ ៦០​ភាគរយ នៅ​ខែ​មករា ឆ្នាំ​២០២៥។

 

បារាំង ក្លាយ​ជា​ប្រទេស​ដំបូង​បង្អស់ ហាម​ឃាត់​កែវ និង​ចាន​ប្លាស្ទិក

 

វិធាន​ការ​នេះ គឺ​ជា​ការ​ដាក់​បន្ថែម​ទៅ​លើ​ច្បាប់​របស់​ប្រទេស​បារាំង «Energy Transition for Green Growth Act» ដែល​បាន​អនុម័ត​យ៉ាង​ទូលំ​ទូលាយ កាល​ពី​ឆ្នាំ​មុន ជា​មួយ​នឹង​គោល​បំណង ក្នុង​ការ​កាត់​បន្ថយ​ផល​ប៉ះពាល់ នៃ​ការ​ផ្លាស់​ប្តូរ​អាកាស​ធាតុ។

 

គួរ​បញ្ជាក់​ថា ប្រទេស​បារាំង សង្ឃឹម​ថា​នឹង​ក្លាយ​ជា​មេ​ដឹកនាំ​ពិភព​លោក ក្នុង​ដំណោះ​ស្រាយ​បរិស្ថាន និង​ថាមពល ដែល​បាន​ជំរុញ​ដោយ​សន្និសីទ «COP21 Climate Change» ដែល​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ទីក្រុង​ប៉ារីស កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០១៥ កន្លង​ទៅ​នេះ។

 

កែវ​ប្លាស្ទិក​ដែល​ប្រើ​ហើយ​ម្តង ចំនួន ១៥០​កែវ ត្រូវ​បាន​គេ​បោះ​ចោល​ជា​រៀង​រាល់​វិនាទី ឬ​ស្មើ​នឹង ៤,៧៣​ពាន់​លាន​កែវ ក្នុង​មួយ​ឆ្នាំ នៅ​ក្នុង​ប្រទេស​បារាំង។ នេះ​បើ​យោង​តាម​របាយការណ៍​របស់ សមាគម​សុខាភិបាល និង​បរិស្ថាន​បារាំង «French Association of Health and Environment» នៃ​អង្គការ​មិន​រក​ប្រាក់​កម្រៃ Asia–Europe Foundation (ASEF)។ ផ្ទុយ​ទៅ​វិញ មាន​តែ​កែវ​ប្លាស្ទិក ចំនួន ១​ភាគ​រយ​ប៉ុណ្ណោះ ដែល​ត្រូវ​បាន​គេ​យក​មក​កែច្នៃ ដោយ​សារ​តែ​ពួក​វា​ផលិត​ឡើង​ពី​ល្បាយ នៃ​សមាសធាតុ​គីមី Polypropylene និង Polystyrene៕

 

ប្រែសម្រួល ៖ សេង ឡុង
ប្រភព ៖ CNN