គុណសម្បត្តិ និងគុណវិបត្តិ នៃការចេញទៅសិក្សាក្រៅប្រទេស

ការប្រលងទី ១២ ក៏បានកន្លងផុតទៅ ហើយនេះក៏ជាឱកាសដ៏ពិសេសសម្រាប់ សិស្សានុសិស្ស សម្លឹងរកសេរីភាព ដោយការសម្រេចចិត្តទៅសិក្សានៅក្រៅប្រទេសផងដែរ។ អ្នកណាៗ ក៏ចង់ទទួលបានការសិក្សានៅប្រទេសល្បីៗខាងក្រៅដែរ ប៉ុន្តែ មានអ្នកមួយចំនួន ដែលនៅមានភាពស្ទាក់ស្ទើរ មិនដឹងថាគួរតែចាកចេញទៅរៀន ឬយ៉ាងណា។

ខាងក្រោមនេះ ជាគុណសម្បត្តិ និងគុណវិបត្តិ ដែលអាចឲ្យប្រិយមិត្ត ជាពិសេស សិស្សានុសិស្ស អាចយកទៅគិតពិចារណាបានថាតើ គួរចេញទៅរៀនក្រៅប្រទេស ឬក៏អត់ ៖ 

« គុណសម្បត្តិ »

១. វប្បធម៌ថ្មី

ការសម្រេចចិត្តរស់នៅ ក្នុងប្រទេសថ្មីមួយ អាចនឹងធ្វើឲ្យអ្នកជួបនឹងបទពិសោធន៍ ការរស់នៅថ្មី។ អ្នកអាចទទួលទានអាហារ ប្លែកៗនិងកម្រឃើញជាច្រើនមុខ អ្នកអាចនឹងស្តាប់បទចម្រៀងថ្មីៗ ដែលអ្នកមិនធ្លាប់បានឮពីមុនមក និងអាចដឹងពីប្រពៃណីទំនៀមទម្លាប់ផ្សេងៗ របស់ប្រទេសទាំងនោះទៀតផង។ អ្វីដែលអ្នកបានរៀន នឹងក្លាយជាបទពិសោធន៍ និងការចងចាំពេញមួយជីវិតរបស់អ្នក ហេតុនេះ ត្រូវប្រាកដថាអ្នកនឹងក្លាយជាមនុស្សចេះដឹងខ្ពស់ នៅពេលអ្នកត្រលប់មកប្រទេសកំណើតវិញ។

២. ចេះភាសាថ្មី

ការសិក្សាក្រៅប្រទេស ដូចជាបានផ្តល់ឱកាសពិសេសដល់អ្នក ក្នុងការរៀនភាសាទីពីរបានយ៉ាងដូច្នោះដែរ។ មនុស្សជុំវិញអ្នក សុទ្ធតែជាអ្នកនិយាយភាសាដើម ហេតុនេះ អ្នកអាចនឹងអភិវឌ្ឍន៍ ចំណេះដឹងផ្នែកភាសាកាន់តែច្បាស់ និងកាន់តែស្ទាត់ជំនាញ។ តើអ្នកដឹងទេថា ការដែលអ្នកចេះនិយាយ ២ ទៅ ៣ ភាសា នោះអ្នកនឹងទទួលបានភាពទាក់ទាញ ពីមនុស្សជុំវិញខ្លួន ដោយមិនខ្លួន។

៣. ជួបមិត្តភក្តិថ្មី

បែកពីមិត្តភក្តិ និងករុមគ្រួសារទៅឆ្ងាយ អ្នកប្រាកដជាត្រូវប្រឈមមុខ ជាមួយនឹងស្ថានភាពថ្មីជារៀងរាល់ថ្ងៃ។ តែទោះជាយ៉ាងណាក៏ដោយ ការសម្រេចចិត្តទៅសិក្សាក្រៅប្រទេស នឹងជាឱកាសសម្រាប់អ្នកឲ្យជួបជាមួយមនុស្សថ្មី និងបង្កើតចំណងមិត្តភាពថ្មីៗផ្សេងទៀត។ ពួកគេមិនត្រឹមតែនៅលួងលោមអ្នក នៅពេលដែលអ្នកនឹកផ្ទះប៉ុណ្ណោះទេ ពួកគេអាចបង្កភាពសប្បាយរីករាយជាមួយអ្នកទៀតផង។ ការបង្កើតទំនាក់ទំនងថ្មីៗជាមួយមនុស្សជុំវិញ គឺជារឿងសំខាន់ណាស់ ព្រោះអ្នកនឹងមានភាពរីករាយ ក្នុងការចែករំលែកបទពិសោធន៍ជាមួយគ្នា ជាជាងចំណាយពេលនៅតែឯង។

៤. មានឯករាជ្យភាពលើខ្លួនឯង

ការចាកចេញទៅរៀនក្រៅប្រទេស នឹងត្រូវឲ្យអ្នកធ្វើអ្វីៗ ដោយខ្លួនឯង ខុសពីទម្លាប់កាលពីនៅផ្ទះ។ វាអាចជារឿងគួរឲ្យខ្លាចដែរ ដែលអ្នកនៅឆ្ងាយពីមិត្តភក្តិ និងគ្រួសារ ប៉ុន្តែវាក៏ជាឱកាសសម្រាប់អ្នកបង្កើតភាពរឹងមាំ និងឯករាជ្យលើខ្លួនឯងផងដែរ។ អ្នកត្រូវបោកគក់ខោអាវ ដោយខ្លួនឯង និងត្រូវទៅទិញម្ហូបអាហារដោយខ្លួនឯង និយាយរួមគឺ ទទួលខុសត្រូវលើសម្មភាពទាំងឡាយដោយខ្លួនឯងទាំងអស់។

៥. ចេះគ្រប់គ្រងលុយ

មនុស្សដែលមានឯករាជ្យ គឺត្រូវមានសមត្ថភាព គ្រប់គ្រងហិរញ្ញវត្ថុ ដោយខ្លួនឯង ទោះបីជាអ្នកទទួលបានអាហាររូបករណ៍ ទទួលបានជំនួយឥតសំណងក៏ដោយ ក៏អ្នកនៅតែត្រូវចេះគ្រប់គ្រងចំណូលចំណាយ ដើម្បីបង់វិក័យប័ត្រផ្សេងៗទៀតដែរ។ ការយល់ច្បាស់ ក្នុងការគ្រប់គ្រងចំណាយ គឺជាអត្ថប្រយោជន៍មួយយ៉ាងសំខាន់សម្រាប់អ្នក ពីព្រោះអ្នកនឹងជួបក្រដាសប្រាក់ថ្មី ទំនិញថ្មី ហើយចេះគិតថាអ្វីដែលគួរទិញ និងអ្វីដែលមិនគួរទិញ។

៦. បង្កើនឱកាសការងារ

និយោជកភាគច្រើនផ្តល់តម្លៃ លើអ្នកមានបទពិសោធន៍ពី អ្នកមកពីក្រៅប្រទេស មានចេះភាសាផ្សេងស្ទាត់ជំនាញ និងមានសមត្ថភាពទំនាក់ទំនងជាមួយមនុស្សប្រកាន់វប្បធម៌ខុសគ្នាជាច្រើន។ ប្រសិនបើអ្នកចង់ចាប់អាជីព នៅក្នុងប្រទេសអន្តរជាតិ ឬខាងការទូត អ្នកគួរចាប់ឱកាស ទៅសិក្សាក្រៅប្រទេស ដើម្បីឈាមមុខគេមួយជំហាន។ 

« គុណវិបត្តិ »

១. នឹកផ្ទះ

អ្នកអាចមានអារម្មណ៍ថា មិនសូវជាជិតស្និទ្ធជាមួយក្រុមគ្រួសារ នៅពេលដែលអ្នកចូលរៀនមហាវិទ្យាល័យ ប៉ុន្តែប្រសិនបើអ្នកទៅរៀនដល់ក្រៅប្រទេសទៀតនោះ អ្នកពិតជាកាន់តែឆ្ងាយទាំងចិត្ត ទាំងកាយហើយ។ អ្នកនឹងមិនអាច ទៅលេងផ្ទះបានញឹកញាប់ ទោះបីជាចុងសប្តាហ៍ ឬថ្ងៃឈប់សម្រាកក៏ដោយ។ មនុស្សមួយចំនួន មិនអាចយកឈ្នះបញ្ហានេះបានឡើយ។ តែទោះជាយ៉ាងណាក៏ដោយ ឥលូវនេះយើងអាច ដោះស្រាយបាន តាមរយៈការ ខលជាវីដេអូ Skype ឬ Facetime បាន។

២. ភាពឯកោ

អ្នកអាចនឹងដាច់ឆ្ងាយពីអ្នកជុំវិញ ប្រសិនបើអ្នកមិនមានទំនាក់ទំនងល្អ ឬមិនអាចរាប់អានមិត្តភក្តិបានត្រឹមត្រូវ។ ប្រសិនបើអ្នកមិនចូលចិត្តរាប់អានមិត្តភក្តិ ឬអ្នកជាមនុស្សចូលចិត្តនៅតែឯង អ្នកមិនចាំបាច់ខិតខំចូលរួមជាមួយក្រុមគេទេ ព្រោះនៅតែឯង វាល្អជាជាង។ ប្រសិនបើអ្នក មិនអាចត្រៀមខ្លួនទទួលយកស្ថានភាពនេះបានទេ នោះអ្នកមិនគួរចាកចេញទៅរៀនក្រៅប្រទេសទេ។

៣. ចំណាយច្រើន

ថ្លៃហោះហើរ ថ្លៃស្នាក់នៅ ថ្លៃធ្វើដំណើរ និងថ្លៃចំណាយផ្សេងៗទៀត អាចជាបន្ទុកមួយដ៏ធ្ងន់សម្រាប់អ្នក។ ទោះបីជាអ្នក ជាមនុស្សគ្រប់គ្រងលុយ បានយ៉ាងល្អប៉ុណ្ណាក៏ដោយ ក៏ចុងបញ្ចប់ អ្នកត្រូវចំណាយប្រាក់ជាច្រើន ដើម្បីផ្គត់ផ្គង់ការរស់នៅដែរ។

៤. មានបញ្ហាក្នុងការរៀនសូត្រ

វាជារឿងលំបាកស្រាប់ណាស់ទៅហើយ ក្នុងការចងចាំនូវអ្វីដែលបានរៀន ជារៀងរាល់ថ្ងៃនោះ។ បន្ថែមពីវប្បធម៌ និងការរស់នៅថ្មីទៀតនោះ អ្នកប្រាកដជាមានបញ្ហា មិនអាចជំរុញទឹកចិត្តខ្លួនឯង ឲ្យផ្តោតលើកិច្ចការស្រាវជ្រាវសាលាបានទៀតផង។ ត្រូវចងចាំថា កម្មវិធីសិក្សារបស់គេ ប្រាកដជាមានចំនុចខុសគ្នា ហេតុនេះ អ្នកអាចនឹងមិនយល់ក៏ថាបាន៕ 

ប្រភព៖  | 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

គុណសម្បត្តិ និងគុណវិបត្តិ នៃការចេញទៅសិក្សាក្រៅប្រទេស

គុណសម្បត្តិ និងគុណវិបត្តិ នៃការចេញទៅសិក្សាក្រៅប្រទេស

គុណសម្បត្តិ និងគុណវិបត្តិ នៃការចេញទៅសិក្សាក្រៅប្រទេស