​​អតីត​ស្នងការ​រងម្នាក់ធ្លាប់​ជាប់គុកជាង១០ឆ្នាំ តែនៅមិនរាង​

ខេត្តកំពត ៖ អតីត​ស្នងការ​រង​នគរបាល​ខេត្តស្ទឹងត្រែង​ម្នាក់ ត្រូវ​បាន​នគរបាល​ស្រុក​កំពង់ត្រាច​ចាប់ខ្លួន​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២០ កញ្ញា  ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀន ។ ការ​ឃាត់ខ្លួន​នេះ ​គឺ​មិនមែន​តែ​អតីត​ស្នង ការ​រង​នេះ​ទេ គឺ​មាន​បក្សពួក​គេ​ម្នាក់​ទៀត​ដែល​ស្នាក់​នៅ​ក្នុងផ្ទះ​សំណាក់​ជាមួយ​គ្នា​នៅ​មុខ​ផ្សារ​កំពង់ត្រាច ។

មន្ត្រី​នគរបាល​ស្រុក​បានឱ្យ​ដឹង​ថា បុរស​ដែល​ត្រូវ​បាន​ចាប់ខ្លួន​នេះ​ឈ្មោះ ម៉ា សុ​ប៉ិន អាយុ​៦១​ឆ្នាំ ជា​អតីត​ស្នងការ​រង​នគរបាល​ខេត្តស្ទឹងត្រែង បច្ចុប្បន្ន​រស់នៅ​ភូមិ​ថ្ម​លាត ឃុំ​ស្រះ​ឫស្សី ស្រុក​ស្ទឹង​ត្រែង ខេត្តស្ទឹងត្រែង ។ អតីត​ស្នងការ​រង​រូប​នេះ​បាន​សារភាព​ថា ខ្លួន​ធ្លាប់​ជាប់​ពន្ធនាគារ​ម្ដង​រួច​មក​ហើយ​រយៈពេល​ជាង​១០​ឆ្នាំ ដោយ​ជាប់​ពាក់ព័ន្ធ​នឹង​ក្រុម CFF និង​បុរស​ម្នាក់​ទៀត​ឈ្មោះ នួន សេង​​ណាំ អាយុ​៦០​ឆ្នាំ ​រស់នៅ​ភូមិ​រវាង ឃុំ​ថ្នល់​ដំបង ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម ។

មន្ត្រី​នគរបាល​បាន​និយាយ​ថា បន្ទាប់​ពី​ឃាត់ខ្លួន​ជនសង្ស័យ សមត្ថកិច្ច​បាន​រក​ឃើ​ញ​ថ្នាំ​ញៀន​មួយ​កញ្ចប់ តែ​តាម​ប្រភព​ព័ត៌មាន​មិន​ផ្លូវការ​បាន​និយាយ​ថា ជនសង្ស័យ​ទាំង​២​នាក់​នេះ បាន​យក​ថ្នាំ​ញៀន​១​គីឡូក្រាម មក​លាក់​និង​បាន​លក់​អស់​ហើយ ។ពេល​នេះ​នគរបាល​ស្រុក​កំពង់ត្រាច​កំពុង​សាកសួរ​មនុស្ស​ម្នាក់​ទៀត ជា​មុខសញ្ញា​ចែកចាយ ព្រោះ​ធ្លាប់​ប្រើ​សម្រាប់​វិធី​ញុះញង់​រឿង​ទិញ​លក់​គឿ​ង​ញៀន​នេះ​ដែរ តែ​មិន​ដែល​បាន​លទ្ធផល​នោះ​ទេ ។

ទាក់ទិន​នឹង​ឈ្មោះ ម៉ា សុ​ប៉ិន ដែល​ធ្លាប់​ជា​មន្ត្រី​ប៉ូលិស​ជាន់ខ្ពស់​ឋានៈ​ស្នងការ​រង​ខេត្តស្ទឹងត្រែង​កាល​ឆ្នាំ​១៩៩៨-១៩៩៩​នោះ ដោយ​​ឮ​ថា​ មានការ​ចាប់ខ្លួន​លើក​នេះ​ពិតជា​ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ផង​ដែរ ៕