រឿងស្រូវ​បានបញ្ចប់ តែឈ្មួញ​​​​នៅតែជាន់.ក​

ខេត្តបាត់ដំបង ​៖ ក្រោយ​ពី​ការ​ប្រឹងប្រែង​របស់​អាជ្ញាធរ​​ខេត្ត និង​​តំណាង​​​ធនាគារ​ស្រូវ​​​កម្ពុជា អស់​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​នេះ ក្នុង​ការ​ស្វែងរក​ដំណោះស្រាយ​អំពី​ការ​ធ្លាក់​ចុះ​តម្លៃ​ស្រូវ រហូត​ឈាន​ដល់​ការ​ផ្ទុះ​បាតុកម្ម​តវ៉ា​បិទផ្លូវ​របស់​កសិករ​នោះ មក​ដល់​ពេល​នេះ ​ដំណោះស្រាយ​ហាក់​ទ​ទួល​​បាន​លទ្ធផល​ល្អ​ប្រសើរ​ហើយ នេះ​បើ​តាម​មន្ត្រី​សាលាខេត្ត ដែល​បាន​និយាយ​នៅ​ព្រឹក​ថ្ងៃ​ទី​២០ កញ្ញា​ ​នេះ ប៉ុន្តែ​ឈ្មួញ​ទុច្ចរិត​មួយ​ចំនួន​ នៅ​តែ​តាម​ជាន់​.​ក​ប្រជា​កសិករ ​នៅ​តាម​ទី​ជនបទ​នៅឡើយ​។

លោក​ឈឹ​ម សា​ប៊ុ​ន ជំនួយការ​ផ្ទាល់​លោក​អភិបាលខេត្ត​បាត់ដំបង​បាន​ឲ្យ​ដឹង​ថា ជុំវិញ​ការ​ធ្លាក់​ចុះ​នៃតម្លៃស្រូវ រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្ល​ង​ទៅ​នេះ លោក​អភិបាលខេត្ត​បាត់ដំបង ច័ន្ទ សុផល និង​តំណាង​ធនាគារ​ស្រូវ​កម្ពុជា ដែល​មាន​ម្ចាស់​រោង​ម៉ាស៊ីនកិនស្រូវ និង​ប្រជា​កសិករ​ចូលរួម​ផង ក្នុង​ការ​ស្វែងរក​ដំណោះស្រាយ​ទីផ្សារ​ស្រូវ​ក្នុង​ខេត្តបាត់ដំបង ដែល​ធ្លាក់​ចុះ​យ៉ាង​កំ​ហុ​គ នា​ពេល​កន្លង​មក  ពេល​នេះ ​ត្រូវ​បាន​ដោះស្រាយ​បញ្ចប់ និង​ទ​ទូល​បាន​លទ្ធផល​​ល្អ​ប្រសើ​ស្ទើរ​ជាង​៩០% ​ហើយ​។

លោក​ឈឹ​ម សា​ប៊ុ​ន បាន​បន្ត​ថា ក្រោយ​ពី​មានការ​សម្រប​ស​ម្រួល និង​ឯកភាព​គ្នា​រវាង​អ្នកទិញ និង​អ្នកលក់តំលៃ​ស្រូវ​ «​សែន​ក្រអូប​» សើម ​ដែល​ជា​ស្រូវ​ប្រភេទ​លេខ​១ ត្រូវ​បាន​តំណ​ត់​តម្លៃ​​គោល​បណ្ដោះអាសន្ន​ ចាប់ពី​៨៤០​រៀល​ ក្នុង​១​គីឡូក្រាម ដូច​តម្លៃ​​ដែល​បាន​ប្រកាស ​នៅ​ក្នុង​សេចក្ដី​ជូនដំ​ណឹង​របស់​ «​ធនាគារ​ស្រូវ​កម្ពុជា​» ​កាលពី​ថ្ងៃ​ទី​១៥​ កញ្ញា ​២០១៦ ​នេះ​។

ជំនួយការ​រូប​នេះ​ ក៏​បាន​បញ្ជាក់​ដែរ​ថា ក្រៅពី​ធនាគារ​ស្រូវ​កម្ពុជា​ប​ញ្ឈរ​​ទិញ​ក្នុង​តម្លៃ​ខាងលើ​នេះ ថៅកែ​រោង​ម៉ាស៊ីនកិនស្រូវ​ធំ​ៗ​មួយ​ចំនួន នៅ​ក្នុង​ខេត្តបាត់ដំបង ក៏​បាន​ទ​ទូល​ទិញ​ស្រូវ​សែន​ក្រអូប​សើម នៅ​ក្នុង​តំលៃ​ដូច​គ្នា​នេះ​ដែរ​។ ប៉ុន្តែ​លោក​ក៏​ទ​ទូល​ស្គាល់​ដែរ​ថា នឹង​អាច​នៅ​មាន​ឈ្មួញ​ខិលខូច​មួយ​ចំនួន​តូច នៅ​តែ​បន្ត​បន្ថោក​តំលៃ​ស្រូវ​កសិករ​ដដែល​។