មានពាក្យចចាមអារ៉ាមថា Taylor Swift និង Lee Min Ho កំពុងបង្កាត់ភ្លើងស្នេហ៍ជាមួយគ្នា!?

បរទេស៖ ថ្មីៗនេះ នៅលើបណ្តាញសង្គមនានា ព្រមទាំងសារពត័មានស្ទើរតែគ្រប់មជ្ឈដ្ឋាន កំពុងតែមានភាពជ្រួលច្របល់ជាខ្លាំង ទាក់ទងនឹងពាក្យចចាមអារ៉ាម ដែលថា កំពូលតារាចម្រៀងល្បីឈ្មោះ ប្រចាំសហរដ្ឋអាមេរិកនាង Taylor Swift កំពុងតែបង្កាត់ភ្លើងស្នេហ៍លួចលាក់ ជាមួយនឹងកំពូលតារាសម្តែងប្រចាំប្រទេសកូរ៉េ លោក Lee Min Ho

នេះបើយោងតាមប្រភពបានឲ្យដឹងថា ពាក្យចចាមអារ៉ាមដែលលេចលឺទាំងអស់នេះ គឺវាផ្តើមដំបូងបង្អស់ចេញពីសារព័ត៌មាន Channel New Asia បានបង្កើតអត្ថបទផ្គូរផ្គង ថាតើតារាប្រុសល្បីៗណាខ្លះ ដែលអាចជំនួសតំណែងម្ចាស់បេះដូងរបស់នាង Taylor Swift ឬអាចនិយាយបានថា ជាមុខសញ្ញាថ្មីរបស់នាង បន្ទាប់ពីលេចលឺដំណឹងថា នាងបានចែកផ្លូវគ្នាជាមួយនឹងលោក Tom Hiddleston រួចមក។

គួរឲ្យដឹងថា ក្នុងចំណោមតារាប្រុសល្បីៗទាំងនោះ ដែលគេបានលើកឡើងមានដូចជា លោក Leonardo DiCaprio, លោក Drake, G- Dragon, Joseph Schooling និងអ្វីដែលធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍ខ្លាំងបំផុតនោះ គឺមានវត្តមានរបស់លោក Lee Min Ho នៅក្នុងនោះផងដែរ។  

ក្រោយពីអត្ថបទនេះចេញផ្សាយរួចមក ក៏ស្រាប់តែមានប្រព័ន្ធផ្សព្វផ្សាយផ្សេងៗឯទៀត បានធ្វើការចុះផ្សាយនិងបង្កើតព័ត៌មានជាហូរហែរបន្តបន្ទាប់ រហូតដល់មានការចែករំលែកស្ទើរតែពាសពេញបណ្តាញអ៉ីនធើណេត ដោយពាក្យចចាមអារ៉ាមដែលបានធ្វើឲ្យផ្ទុះខ្លាំងពាសពេញបណ្តាញសង្គមនោះ គឺពួកគេបានចោទប្រកាន់ថា នាង Taylor Swift និងលោក Lee Min Ho កំពុងតែបង្កាត់ភ្លើងស្នេហ៍ជាមួយគ្នា ដែលបានធ្វើឲ្យលោក Lee Min ho រងនូវការវាយប្រហារយ៉ាងខ្លាំង ពីសំណាក់អ្នកគាំទ្រគ្រប់មជ្ឃដ្ឋាន។

មិនថាយ៉ាងណា ក្រុមភ្នាក់ងាររបស់លោក Lee Min Ho ក៏បានធ្វើការច្រានចោលទាំងស្រុងនូវរាល់ព័ត៌មានពាក្យចចាមអារ៉ាមដែលមិនពិតអស់ទាំងនោះផងដែរ។ លើសពីនេះ ដូចដែលប្រិយមិត្តរួមទាំងគាំទ្រទាំងអស់ បានជ្រាបមកហើយថា បច្ចុប្បន្ននេះ លោក Lee Min Ho កំពុងតែមានទំនាក់ទំនងស្នេហាយ៉ាងស្អិតរមួត ជាមួយនឹង តារាស្រីកំពូលសម្រស់ប្រចាំប្រទេសកូរ៉េ នាង Suzy ។

ដូចនេះ ពាក្យចចាមអារ៉ាមដែលថា លោកកំពុងបង្កាត់ភ្លើងស្នេហ៍ ឬក៏កំពុងលួចពេញចិត្តគ្នា ជាមួយនឹងនាង Taylor Swift នោះ គឺវាមិនមែនជាការពិតនោះទេ ពីព្រោះថា ពួកគេមិនដែលទាំងបានជួបគ្នា នៅខាងក្រៅម្តងផង រឿងហេតុអី្វ បានជាពួកគេអាចមានទំនាក់ទំនងជាមួយគ្នាទៅកើតនោះ៕

ចុះប្រិយមិត្តវិញយល់យ៉ាងណា ចំពោះពាក្យចចាមអារ៉ាមមួយនេះ?

ប្រភព៖ AllKpop

កំណត់ហេតុខ្មែរឡូត៖ ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា មានសេចក្តីរាយការណ៍ថា គូស្នេហ៍ រយ:ពេល ៦ខែ រវាងតារាសម្តែងប្រុសល្បីឈ្មោះ លោក Lee Minho និងតារាចម្រៀងស្រី ក្រុម MissA នាង Suzy បានចែកផ្លូវគ្នាហើយ ប៉ុន្តែឥឡូវនេះសមីខ្លួន អ្នកទាំងពីរ បានចេញមុខច្រានចោលដំណឹងនេះថា វាមិនមែនជារឿងពិតនោះទេ។

ក្នុងការឆ្លើយតប ទៅកាន់សារព័ត៌មាន ដែលថាអ្នកទាំងពីរ បានចែកផ្លូវឈប់ជាគូស្នេហ៍នឹងគ្នានោះ លោក Lee Minho និងនាង Suzy បានអះអាងថា ទំនាក់ទំនងរបស់ពួកគេ នៅតែមានភាពរឹងមាំ និងគ្មានភាពរង្គោះរង្គើរ នោះទេ។

ភ្នាក់ងាររបស់លោក Lee Minho ក្នុងផលិតកម្ម Starhaus Entertainment បានចេញសេចក្តីថ្លែងការណ៍ថា ព័ត៌មានដែលថា តារាទាំងពីរបានបែកបាក់គ្នានោះ វាគឺជារឿងមិនពិតនោះទេ។ ចំណែកភ្នាក់ងាររបស់នាង Suzy ក្នុងផលិតកម្ម JYP Entertainment វិញ ក៏បានចេញសេចក្តីថ្លែងការណ៍ ច្រានចោលដំណឹង បែកបាក់គ្នារវាង តារាទាំងពីរនោះ ដូចគ្នាដែរ។

កាលពីម្សិលមិញនេះ សារព័ត៌មានជាច្រើន បានផ្សាយថា គូស្នេហ៍តារាល្បីៗ លោក Lee Minho និង នាង Suzy បានបែកបាក់គ្នាហើយ ដោយមូលហេតុ ពួកគេរវល់ការងាររៀងៗខ្លួនខ្លាំងពេក ហើយផលិតកម្ម របស់អ្នកទាំងពីរ ក៏បានសន្យាថា នឹងធ្វើការទាក់ទងទៅកាន់ពួកគេ ដើម្បីសួរនាំពីរឿងនេះ។ ក្រោយពីដឹងលទ្ធផល ផលិតកម្មរបស់ពួកគេ ក៏បានចេញសេចក្តីថ្លែងការណ៍ ដូចខាងលើតែម្តង៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload