មូលហេតុ​ធំ៣ ធ្វើ​ឲ្យ​​ប្រជាជន​ខ្មែរ​ប្រារព្ធ​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ

ភ្ជុំ​បិណ្ឌ ជា​ពិធី​បុណ្យ​ប្រពៃណី​ជាតិ​ដ៏​ធំ​មួយ ដែល​ប្រជាជន​ខ្មែរ​ប្រារព្ធ​ធ្វើ​រៀង​រាល់​ឆ្នាំ​ពី​ថ្ងៃ ១រោច រហូត​ដល់​ថ្ងៃ​ទី ១៥រោច ខែ​ភទ្របទ។ មាន​រឿង​រ៉ាវ ព្រម​ទាំង​ប្រវត្តិ​ជា​ច្រើន ដែល​ជាប់​ពាក់ព័ន្ធ និង​បណ្ដាល​ឲ្យ​ប្រជាជន​ខ្មែរ​ប្រារព្ធ​ពិធី​នេះ​ឡើង ប៉ុន្តែ​ក្នុង​អត្ថន័យ​ស្រដៀង​គ្នា គឺ​ឧទ្ទិស​ផល​បុណ្យ​ជូន​អ្នក​ដែល​បាន​ស្លាប់​ទៅ​កាន់​លោក​ខាង​មុខ​ហើយ។​

 

មូលហេតុ​ធំ៣ ធ្វើ​ឲ្យ​​ប្រជាជន​ខ្មែរ​ប្រារព្ធ​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ

 

បើ​តាម​ព្រះ​ភិក្ខុ​មួយ​អង្គ​ព្រះ​នាម អូម ភាព ដែល​កំពុង​គង់​នៅ​វត្ត​សិរីសាគរ ក្នុង​ស្រុក​កំពង់ត្របែក ខេត្ត​ព្រៃវែង បាន​មាន​សង្ឃដីកា​ថា មាន​មូលហេតុ​ធំ​៣ ដែល​នាំ​ឲ្យ​ប្រជាជន​ខ្មែរ​ប្រារព្ធ​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​នេះ​ឡើង។

 

ទី១៖ កាល​ជំនាន់​ពុទ្ធកាល ពុទ្ធបរិស័ទ​បាន​នាំ​គ្នា​ទំនុក​បម្រុង​ដល់​ព្រះ​សង្ឃ​ជា​បច្ច័យ​បួន មាន​រយៈ​ពេល ៣ខែ ចាប់​ពី​ថ្ងៃ​ចូល​វស្សា​រហូត​ដល់​ថ្ងៃ​ចេញ​វស្សា។ ប៉ុន្តែ​ក្រោយ​មក ដោយសារ​ពុទ្ធបរិស័ទ​ចេះ​តែ​ហោច​ទៅ អ្នក​ប្រាជ្ញ បណ្ឌិត​ទាំង​ឡាយ​ក៏​បាន​កំណត់​យក​ថ្ងៃ​បុណ្យ​ភ្ជុំ​បិណ្ឌ ១៥ថ្ងៃ ដើម្បី​ឲ្យ​ប្រជាជន​យក​ចង្ហាន់​ទៅ​វត្ត ពី​ព្រោះ​ជា​រដូវ​វស្សា ពិបាក​ដល់​ព្រះ​សង្ឃ​ស្វែង​រក​ភត្តាហារ។

 

ទី២៖ គឺ​ធ្វើ​ដើម្បី​ឧទ្ទិស​ផល​នេះ​ជូន​ដល់​បុព្វការី​ជន ដែល​បាន​បែក​កាយ​រំលាយ​ខន្ធ​ទៅ​កាន់​លោក​ខាង​មុខ ជា​យូរយារ​មក​ហើយ​ក្ដី ឬ​ថ្មី​ៗ​នេះ​ក្ដី ដើម្បី​ឲ្យ​លោក​​បាន​សោយសុខ​នៅ​ឋាន​ទី​ទាប​ពុំ​រាប​ស្មើ​ទាំង​នោះ និង​ដើម្បី​ឲ្យ​ឆាប់​បាន​ទៅ​ចាប់​ជាតិ​នៅ​ភព​ថ្មី​ទៀត។

 

ទី៣៖ គឺ​ដើម្បី​ប្រយោជន៍​បច្ចុប្បន្ន​កាល​នេះ ធ្វើ​បុណ្យ​ឲ្យ​បាន​សេចក្ដី​សុខ​ចម្រើន មាន​ចិត្ត​ជ្រះ​ថ្លា មាន​សិរីសួស្ដី​ដែល​កើត​ពី​ផល​ទាន​របស់​ខ្លួន។ ម្យ៉ាង​វិញ​ទៀត ភ្ជុំ​បិណ្ឌ​ក៏​ជា​ពេល​វេលា​ជួប​ជុំ​កូន​ចៅ ដែល​បាន​ចាក​ចេញ​ទៅ​រក​ស៊ី​ទី​ជិត ទី​ឆ្ងាយ មក​ធ្វើ​បុណ្យ​ទាំង​អស់​គ្នា៕

 

 


​អត្ថបទ៖ គង់ វិសាល