តុលាការ​ខេត្ត​កំពត​កោះ​ហៅ​មន្ត្រី​អាដហុក​ទៅ​បំភ្លឺ​លើ​ពាក្យ​បណ្ដឹង​រឿង​ព្រៃ​សហគមន៍

សាលា​ដំបូង​ខេត្ត​កំពត នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែ​កញ្ញា កោះហៅ​មន្ត្រី​អង្កេត​ជាន់​ខ្ពស់​សមាគម​អាដហុក (ADHOC) លោក ប៉ែន ប៊ុណ្ណារ៍ ឱ្យ​ចូល​បំភ្លឺ​លើ​សំណុំ​រឿង​ដែល​លោក​ប្ដឹង​បុគ្គល​មួយ​ចំនួន​អំពី​ការ​កាប់​រាន​ព្រៃ ឈូស​ឆាយ និង​ហ៊ុមព័ទ្ធ​ដី​ព្រៃ​សហគមន៍ នៅ​ក្នុង​ភូមិសាស្ត្រ​ស្រុក​ឈូក ខេត្ត​កំពត។

​លោក ប៉ែន ប៊ុណ្ណារ៍ ថ្លែង​ក្រោយ​ចេញ​ពី​តុលាការ បញ្ជាក់​ថា ពាក្យ​បណ្ដឹង​របស់​សមាគម​អាដហុក នេះ ធ្វើ​ឡើង​តាម​ការ​ស្នើ​សុំ​របស់​ប្រជា​សហគមន៍​ភ្នំ​ជាំម្លូ ដែល​មាន​រូបលោក និង​ពលរដ្ឋ ៤​នាក់​ទៀត​ជា​ដើម​បណ្ដឹង។ ពួក​លោក​ប្ដឹង​សុំ​ឱ្យ​តុលាការ​ខេត្ត​កំពត ផ្ដន្ទាទោស​​ជនល្មើស​តាម​ច្បាប់​ស្ដីពី​ព្រៃឈើ និង​ទាមទារ​សំណង ដាំ​ដុះ​កូនឈើ​ចំនួន ១០០​លាន​រៀល ព្រម​ទាំង​ទាមទារ​សំណង​ដើម​បណ្ដឹង​រដ្ឋប្បវេណី​ចំនួន ២០​លាន​រៀល៖ «ខ្ញុំ​ចុះ​ទៅ​ឃើញ មាន​ការ​កាប់​រាន​ដី​ព្រៃ​កើត​មាន​ច្រើន​កន្លែង ក៏ប៉ុន្តែ​នេះ​គ្រាន់​តែ​ជា​ការ​ចាប់​ផ្ដើម​ដែល​សហគមន៍​គាត់​បាន​យល់​ដឹង​អំពី​សិទ្ធិ​របស់​គាត់។ ពួកគាត់​ក៏​បាន​សុំ​ឱ្យ​សមាគម​អាដហុក ចុះ​ទៅ​ធ្វើ​ការ​អង្កេត​ និង​រៀប​ចំ​ពាក្យ​បណ្ដឹង​ដើម្បី​ដាក់​ទៅ​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​ខេត្ត​កំពត។ យើង​បាន​ដាក់​ (ពាក្យ​បណ្ដឹង) ពីរ​បី​ហើយ តែ​គ្រាន់​តែ​ថា បណ្ដឹង​នេះ​គឺ​​ជា​បណ្ដឹង​មួយ​ដែល​ត្រូវ​បាន​តំណាង​អយ្យការ​ហៅ​ទាំង​សហគមន៍ និង​ទាំង​យើង​ទៅ​បំភ្លឺ»

​សហគមន៍​ព្រៃឈើ​សាមគ្គី​ភ្នំ​ជាំ​ម្លូ ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​២០០៦ ដោយ​មាន​ការ​ទទួល​ស្គាល់​ពី​អាជ្ញាធរ​ស្រុក​ឈូក។ សហគមន៍​នេះ មាន​ផ្ទៃ​ដី ១.៦៦២​ហិកតារ ស្ថិត​ក្នុង​ឃុំ​តាកែន ស្រុក​ឈូក ខេត្ត​កំពត។ ធនធាន​របស់​សហគមន៍​ព្រៃឈើ​សាមគ្គី​ភ្នំ​ជាំ​ម្លូ រួម​មាន​សត្វព្រៃ និង​ព្រៃ​ធម្មជាតិ ដូចជា​ព្រៃឈើ និង​ព្រៃ​ឫស្សី ជាដើម។

​សហគមន៍​ព្រៃឈើ​មួយ​នេះ ជាទី​អាស្រ័យ​ផល​របស់​ប្រជាពលរដ្ឋ​រាប់​ម៉ឺន​នាក់ ដែល​រស់​នៅ​ក្នុង​ភូមិ​ស្រកានាគ ភូមិ​ត្រពាំងរុន ភូមិ​ត្រពាំងក្តី និង​ភូមិ​ជ័យសេនា នៃ​ឃុំ​តាកែន ស្រុក​ឈូក ខេត្ត​កំពត។  ទោះ​បី​ជា​យ៉ាង​ណា ប្រជា​សហគមន៍​អះអាង​ថា ព្រៃ​សហគមន៍​នេះ កំពុង​រង​ការ​កាប់​ទន្ទ្រាន​យក​ដី​ជា​បន្តបន្ទាប់ និង​មាន​សភាព​កាន់​តែ​ខ្លាំង​ចាប់​ពី​ឆ្នាំ​២០១២ មក ដោយ​មិន​ឃើញ​មាន​អាជ្ញាធរ​ណា​ចុះ​ទប់ស្កាត់​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។