សង្ស័យ​ជា​សមត្ថកិច្ច ពេល​ស្រវឹង​ដក​កាំភ្លើង​រ៉ូ​ឡូ​គំរាម​គេឯង

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌ​ព្រែក​ព្នៅ​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​៩ និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៩ ខែកញ្ញា ឆ្នាំ​២០១៦ ខណៈ​ផឹក​ស្រវឹង​ដក​កាំភ្លើងខ្លី​ម៉ាក​រ៉ូ​ឡូ​១​ដើម​គំរាម​គេឯង​ក្នុង​ភោជនីយដ្ឋាន​បឹង​សុបិន ដែល​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​ទំនប់​កប់​ស្រូវ ស្ថិត​ក្នុងភូមិ​ផ្សារ​លិច សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ ។

ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​ឈ្មោះ រៀម ជឿន ហៅ តា​អិដ្ឋ ភេទ​ប្រុស អាយុ​៦២​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្លៀកខោ​យោធា ស្នាក់​នៅ​ភូមិ​លូ សង្កាត់​ស្វាយប៉ាក ខណ្ឌឫស្សីកែវ ព្រមទាំង​ដកហូត​បាន​អាវុធ​ខ្លី​១​ដើម ម៉ាក​រ៉ូ​ឡូ ពណ៌​ស ពុំ​មាន​គ្រាប់​ឡើយ ។

មន្ត្រី​កងរាជអាវុធហត្ថ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​ឃាត់ខ្លួន ជនសង្ស័យ​មាន​តែ​ម្នាក់ឯង​បាន​ចូល​ទៅ​ផឹកស៊ី​នៅ​ក្នុង​ហាង​ខាងលើ ពេល​ផឹក​ស្រវឹង​ក៏​បាន​ដក​កាំភ្លើងខ្លី​ភ្ជង់​គំរាម​ភ្ញៀវ​នៅ​ក្នុង​ហាង​បង្ក​ឲ្យ​ការ​ភ្ញាក់ផ្អើល​តែ​ម្តង ។ ខណៈនោះ​មាន​ប្រជាពលរដ្ឋ​ម្នាក់​បាន​ចូល​ទៅ​ផឹកស៊ី​ក្នុង​ភោជនីយដ្ឋាន​បឹង​សុបិន​ដែរ​បាន​ទូរស័ព្ទ​ទៅ​រាយការណ៍​ប្រាប់​សមត្ថកិច្ច ហើយ​កម្លាំង​កងរាជអាវុធហត្ថ​បាន​នាំ​គ្នា​ចុះ​ទៅ​អន្តរាគមន៍​ឃាត់ខ្លួន ព្រមទាំង​ដកហូត​បាន​កាំភ្លើង​អត់​គ្រាប់​១​ដើម​ផង​ដែរ ។

ទោះបីជា​យ៉ាងណា​ប្រភព​នៅ​កន្លែង​កើតហេតុ​សង្ស័យ​ថា អាច​មានការ​រៀបចំ​ហើយ​ដោះ​គ្រាប់​ចេញ ហើយ​ជនសង្ស័យ​អាច​ជា​សមត្ថកិច្ច​ផង​ដែរ ។

ក្រោយ​ពេល​ចាប់ខ្លួន ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​បញ្ជូន​ទៅ​កាន់​ទីបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ដើម្បី​ចាត់ការ​តាម​ច្បាប់ ៕