កម្មករ​រោងចក្រ​នៅ​ខេត្ត​កណ្ដាល​បើក​ផ្លូវ​លេខ​២១​អា​វិញ​ក្រោយ​មាន​ការ​សម្របសម្រួល

កម្មករ​រោងចក្រ​តម្បាញ ហ្គ្រេត អននើរ (Great Honor Textile Factory) នៅ​ឃុំ​ស្វាយរលំ ស្រុក​ស្អាង ខេត្ត​កណ្ដាល ដែល​នាំ​គ្នា​តវ៉ា​បិទ​ផ្លូវ​ជាតិ​លេខ​២១អា តាំង​ពី​ថ្ងៃ​ទី​១៩ ខែ​កញ្ញា បាន​សម្រេច​បើក​ផ្លូវ​នោះ​វិញ​ហើយ នៅ​វេលា​ម៉ោង ២​រសៀល ថ្ងៃ​ទី​២០ ខែ​កញ្ញា បន្ទាប់​ពី​តំណាង​ក្រសួង​ការងារ បាន​ទៅ​សន្យា​ថា នឹង​ដោះស្រាយ​បញ្ហា​ជូន​ពួកគាត់។

អ្នក​បកប្រែ​ភាសា​ចិន ផ្នែក​ផុង នៃ​រោងចក្រ ហ្គ្រេត អននើរ ថេកស្ថាយល៍ ដែល​ចូលរួម​តវ៉ា​បិទ​ផ្លូវ​ដែរ គឺ​លោក អ៊ឹង សុខា មាន​ប្រសាសន៍​ថា លោក និង​កម្មករ​ព្រម​បើក​ផ្លូវ​ឡើង​វិញ ក៏​ព្រោះ​តែ​ប្រធាន​គណៈ​កម្មការ​ចម្រុះ​នៃ​ក្រសួង​ការងារ គឺ​លោក ហែម ហឿន មក​សន្យា​ថា នឹង​ដោះស្រាយ​បញ្ហា​របស់​ពួក​គាត់​ឱ្យ​បាន​នៅ​ក្នុង​សប្ដាហ៍​នេះ៖ «»។

ប្រធាន​គណៈ​អគ្គលេខាធិការ​រង​នៃ​គណៈកម្មការ​ដោះស្រាយ​កូដកម្ម បាតុកម្ម នៃ​ក្រសួង​ការងារ បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​ជា​ប្រធាន​គណៈ​កម្មការ​ចម្រុះ​ដោះស្រាយ​បញ្ហា​កម្មករ​នៅ​ខេត្ត​កណ្ដាល លោក ហែម ហឿន បាន​មក​អន្តរាគមន៍​ម្ដង​ហើយ​កាល​ពី​ពេល​ព្រឹក ដោយ​ចរចា​រវាង​កម្មករ​ព្រះរាជអាជ្ញា​សាលា​ដំបូង​ខេត្ត​កណ្ដាល៖ «»។

ក្រុម​កម្មករ​និយាយ​ថា ពួក​គាត់​នៅ​តែ​មាន​មន្ទិល​ចំពោះ​ការ​សន្យា​នេះ​នៅ​ឡើយ ព្រោះ​ពួក​គាត់​ច្រើន​តែ​ទទួល​បាន​ការ​សន្យា​ពី​មន្ត្រី​គណៈកម្មការ​ចម្រុះ​ថា នឹង​ដោះស្រាយ​ជូន​ពួក​គាត់​នៅ​ចុង​សប្ដាហ៍​ចំនួន​បី​លើក​មក​ហើយ។ ដោយសារ​តែ​មិន​បាន​លទ្ធផល​ពី​ការ​សន្យា​ទាំង​នោះ ទើប​ពួក​គាត់​សម្រេច​ចិត្ត​នាំ​គ្នា​តវ៉ា​បិទ​ផ្លូវ​ជាតិ​លេខ​២១អា នៅ​ថ្ងៃ​ទី​១៩ និង​ថ្ងៃ​ទី​២០ ខែ​កញ្ញា។

ក្រុម​កម្មករ​ថ្លែង​ថា ពួក​គាត់​ធ្លាប់​មាន​តំណាង​សហជីព​ចេញ​មុខ​ជួយ​ដោះស្រាយ ប៉ុន្តែ​ពេល​នេះ ពួក​គាត់​មិន​បាន​មក​ជួយ​ទេ។ តវ៉ា​បិទ​ផ្លូវ​របស់​កម្មករ​ធ្វើ​ឲ្យ​អ្នក​ដំណើរ​ខ្លះ​រអ៊ូរទាំ ដោយសារ​តែ​គេ​មិន​អាច​ធ្វើ​ដំណើរ​បាន ហើយ​កន្លែង​វាង​នៅ​ឆ្ងាយ ឬ​ត្រូវ​ឆ្លង​ទូក។ កម្មករ​សុំ​អភ័យទោស​អ្នក​ធ្វើ​ដំណើរ​ទាំង​នោះ ហើយ​បន្ត​ថា ការ​បិទ​ផ្លូវ​នេះ គឺ​ជា​ជម្រើស​ចុង​ក្រោយ ដើម្បី​ជំរុញ​ឱ្យ​គណៈកម្មការ​ជួយ​ដោះស្រាយ​ឲ្យ​បាន​ឆាប់។ ពួក​គាត់​ព្រមាន​ថា នឹង​បិទ​ផ្លូវ​ទៀត​នៅ​ថ្ងៃ​ច័ន្ទ ទី​២៦ ខែ​កញ្ញា ប្រសិន​បើ​មិន​មាន​ដំណោះស្រាយ​នៅ​ក្នុង​សប្ដាហ៍​នេះ ដូច​ដែល​តំណាង​ក្រសួង​សន្យា​ទេ​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។